ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ចង់ឱ្យមាន​ «សំណេរ​អង្គរ» លើកទី២, លើកទី៣ និង​ឆ្នាំក្រោយៗជាបន្តបន្ទាប់ទៀត!
29, Jan 2024 , 11:59 am        
រូបភាព
ផ្សែង​អ័ព្ទនាឰដ៏​អាកាស មិន​អាច​ឃាត់​ព្រះអាទិត្យឱ្យ​​បញ្ចេញពន្លឺរស្មីស្រទន់ពណ៌មាស ទៅ​លើទឹកដីយសោធរបុរៈ បាន​នោះឡើយ។ ស្របពេលជាមួយគ្នា​ វាក៏គ្មាន​អ្វី​រារាំង​ដល់​ដំណើរ​ដ៏ស្វាហាប់របស់កម្ពោជិក ​ក្មេង​ចាស់​ ប្រុស​ស្រី រួមទាំង​ព្រះសង្ឃ​ ឆ្ពោះ​ទៅ​កាន់​ស្ពាន​ហាល​នៃ​ព្រះបរម​វិស្ណុលោកទាំងព្រឹក​ព្រលឹម​នោះដែរ។



ជាធម្មតា ទេសចរ មកពីគ្រប់ទិសទី បោះពួយតាមស្ពានហាល ឆ្លងកាត់រោងទងទី៣ ប្រាសាទអង្គរវត្ត ដែលមាន លោកតា​ រាជ ដ៏ល្បីល្បាញ ចូលទៅកាន់ស្រះទឹកប្រាសាទអង្គរវត្ត ដើម្បីទស្សនា ថ្ងៃរះ។ ថ្ងៃរះនៅប្រាង្គប្រាសាទអង្គរ ត្រូវបានទទួលស្គាល់ថា ជាកន្លែងទស្សនា «ថ្ងៃរះ» ដ៏ល្អបំផុតលើលោក។ ព្រឹកព្រហាមនាថ្ងៃទី២១ ខែមករា មានភាពខុសប្លែកពីពេលកន្លងមក​។

តុ ដែលមានលេខសម្គាល់ តម្រៀបគ្នាជាជួរៗ យ៉ាងមានរបៀប និងស្រស់ស្អាត ត្រូវបានត្រៀមយ៉ាងពិសេសសម្រាប់បេក្ខជន «សំណេរអង្គរ»។
 
ខ្ញុំ និង​ក្រុម​ការងារ​នៃសារព័ត៌មានឌីជីថលថ្មីៗ បានចុះពីរថយន្ត ដើរសំដៅយ៉ាងលឿន ទៅកាន់ស្ពានហាល។ ពួក​យើង​ហាក់​ដូចជាទៅយឺត​បន្តិចហើយ ដោយសារតែ​មាន​មិត្ត​រួម​អាជីពមួយ​ចំនួន​ខក​ម៉ោង​ពីដំណេក។ ភ្ញាក់ផ្អើល រំភើបណាស់ ត្រឹម​តែម៉ោង៦កន្លះព្រឹកសោះ បេក្ខជនរាប់រយ​នាក់​ទៅហើយ បានមាន​វត្តមាន​នៅនឹង​តុ ដែល​រៀបចំយ៉ាងមានសណ្តាប់ធ្នាប់ ដោយ​ដៃកាន់ប៊ិច និង​ក្រដាសស គ្រប់ៗគ្នា។
 
អារម្មណ៍រសាត់អណ្ដែត ជាមួយទិដ្ឋភាព មិនដែលបានឃើញពីមុន ធ្វើឱ្យខ្ញុំឈរនៅទ្រឹងមួយសន្ទុះ។ ស្របក់នោះ  គឺ បង ដឺលុច [ចាងហ្វាងការផ្សាយ] បានដើរមកសួរថា៖​«យើងអត់បង្ហោះដ្រូនទេ?» ខ្ញុំបានគាំងស្មារតី​ឆ្លើយតបជាមួយមេ ៖ «បាទបង! ខ្ញុំបង្ហោះ។» 


 
 
បក្សីស្លាបដែកដ៏តូចរបស់ខ្ញុំ បានហោះឡើងកម្ពស់ ១២០ម៉ែត្រ។ បង្វែរកាំម៉េរាទៅកាន់ប្រាសាទអង្គរវត្ត ខ្ញុំបានឃើញពន្លឺព្រះអាទិត្យចាំងមកលើកសិណ ក្បែរស្ពានហាល ហាក់ដូច ជាចង្កៀងប្រេងកាត ដែលអ្នកសិក្សាសម័យមុន អុជបំភ្លឺដើម្បីសិក្សាដូច្នោះដែរ​។ ពិតហើយ ខ្ញុំយល់ថា នាព្រឹកព្រហាមស្រាងៗ ព្រះអាទិត្យ ចង់ជួយបេក្ខជន បេក្ខនារី ឱ្យមានអារម្មណ៍ថា ពួកគេកំពុងអង្គុយសរសេរ «សំណេរអង្គរ» នៅប្រាសាទអង្គរវត្ត ក្រោមទិដ្ឋភាពពន្លឺពណ៌មាស ជះចំណាំងពន្លឺពីទឹក ដូចកំពុងអង្គុយក្នុងបន្ទប់បុរាណមួយ។ 

ខ្ញុំ បានបញ្ជាដ្រូន ឱ្យបន្ទាបខ្លួនមកខាងក្រោម ដើម្បីផ្ដិតយករូបបេក្ខជនប្រមាណ៧០០នាក់ លើស្ពានហាលបុរាណ​ ឱ្យជាប់ទាំងកំពូលប្រាសាទអង្គរវត្ត អមដោយអ័ព្ទតិចៗ។ ថតរូបរួច ដ្រូនក៏បានហោះ ទៅលើបេក្ខជន ខ្ញុំក៏បានងាកកាំមេរ៉ាចុះក្រោម ឃើញបេក្ខជនអង្គុយជាជួរៗ ដែលមានផ្លូវដើរកណ្ដាលសម្រាប់អនុរក្ស។ 


 
 
ឈានដល់​ម៉ោង​៧ និង​៣០នាទី ការប្រឡងសរសេរតាមអាន «សំណេរអង្គរ» ជាលើកដំបូង​បំផុតនៅកម្ពុជា ចាប់ផ្ដើម ដោយមានលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកអាន។ មុននឹងអានឱ្យបេក្ខជនសរសេរតាម លោកស្រី​បណ្ឌិត បានអានអត្ថបទ «អង្គរ អាណាចក្រ នៃអរិយធម៌ខ្មែរ»​ ដែលសរសេរដោយ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តាំងពីដើម ដល់ចប់ចំនួនមួយលើក។ 
 
ខ្ញុំសូមលើកយកប្រសាសន៍លោកស្រី ភឿង សកុណា ទៅកាន់បេក្ខជន មុនពេលចាប់ផ្ដើម ការសរសេរតាមអានបន្តិច។ 



«ប្រជាជនខ្មែររបស់យើង បានប្រឹងប្រែងថែរក្សាអក្សរសាស្រ្តជាតិ តាំងពីដើមមក រហូតដល់សម័យអាណានិគមបារាំង ដែលមាននិន្នាការចង់កែប្រែអក្សរខ្មែរ ទៅជាអក្សរឡាតាំង។ ព្រះសង្ឃ ប្រជាជនរបស់យើង បានខិតខំថែរក្សាអក្សរខ្មែរ រហូតមកដល់ពេលនេះ។ ដូច្នេះ អក្សរ គឺជាអត្តសញ្ញាណជាតិ»។ លោកស្រី រដ្ឋមន្ត្រី មានប្រសាសន៍នៅស្ពានហាលអង្គរ ខាងមុខបេក្ខជន បេក្ខនារី ជាង៧០០ អង្គ នាក់។ 
 
ជាការពិត កម្មវិធីសរសេរតាមអានថ្នាក់ជាតិលើកទី១នេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ បេក្ខជនអាយុ ៦ឆ្នាំ រហូតដល់៦៨ឆ្នាំ បានចូលរួមកម្មវិធីនេះ ដើម្បីលើកស្ទួយអក្សរសាស្រ្តខ្មែរ។ បេក្ខជន បានធ្វើដំណើររាប់រយគីឡូម៉ែត្រ ដើម្បីមកសាកល្បងសមត្ថភាពសរសេរតាមអាន។ 
 
ប៉ុល សុវណ្ណដា ធ្វើដំណើរ​ជាមួយឪពុក​ដោយជិះម៉ូតូរាប់រយគីឡូម៉ែត្រពីខេត្តស្វាយរៀង
 
ចេញដំណើរពីស្វាយរៀង នាម៉ោង៣យប់ យុវតី ប៉ុល សុវណ្ណដា ធ្វើដំណើរដោយម៉ូតូជិត៤០០គីឡូម៉ែត្រ មកព្រះបរមវិស្ណុលោក ដើម្បីចូលរួមកម្មវិធីសំណេរអង្គរ។ វេលានេះ មនុស្សលោកកំពុងលង់លក់ក្នុងសុបិន ជាទីបំផុត ប៉ុន្តែក្ដីបំណងកូនស្រី នាំឱ្យឪពុក ជិះម៉ូតូឌុបកូនស្រីជាទីស្រឡាញ់ មកសាកល្បងការសរសេរតាមអាន នៅអង្គរ។ 
 
ឪពុកកូននេះ បានឆក់យកបេះដូងប្រជាជនកម្ពុជា តាមរយៈបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ ដែលសម្ភាសដោយ កញ្ញា ហេង ស្រីលីន និងថតដោយ កញ្ញា សែម ប្រាក់ដាវ នៅលើស្ពានហាលអង្គរ ក្រោយពេលប្រកាសលទ្ធផលចប់។ 



តើមានអ្វីត្រូវថ្លែងទៅកាន់លោកឪពុកដែរឬទេ? «អរគុណគាត់ខ្លាំងមែនទែន គាត់ជិះមករងាណាស់ ហើយគាត់បាំងខ្យល់ឱ្យទៀត»។ សុវណ្ណដា បានបញ្ជាក់យ៉ាងដូច្នេះ មកកាន់សារព័ត៌មានឌីជីថលថ្មីៗ ដោយក្រសែភ្នែករំពៃទៅមើលឪពុកប្រកបដោយស្នាមញញឹម។ 
 
ជាការប្រឹងប្រែងដែលទទួលបាន​ផ្លែផ្កា ដោយ​បេក្ខនារីវ័យ១៩ឆ្នាំរូបនេះ ស្ថិតក្នុងចំណោម២២រូបដែលទទួលបានរង្វាន់លួងចិត្ត។ សុវណ្ណដា ទទួលបានរង្វាន់​សៀវភៅស្តីពីព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំងរបស់ព្រះបាទ ស៊ីសុវត្ថិ។
 
វ័យ១២ឆ្នាំ  លាង ដឺលុច ឡេម៉ង់ ចូលរួមប្រកួត​ដើម្បីលើកស្ទួយ​អក្សរជាតិ
កុមារា លាង ដឺលុច ឡេម៉ង់ ជាសិស្សថ្នាក់ទី៧ នៃសាលាជំនាន់ថ្មីវិទ្យាល័យព្រះយុគន្ធរ នៅរាជធានីភ្នំពេញ។ កុមារាវ័យ១២ឆ្នាំរូបនេះ សម្រេចចូលរួមប្រកួតសរសេរតាមអានក្នុងកម្មវិធី «សំណេរអង្គរ» ក៏ព្រោះតែចង់ចូលរួមលើកកម្ពស់ និងអភិរក្សអក្សរខ្មែរ ដែលជាអត្តសញ្ញាណជាតិ។ 



ផ្ដល់បទសម្ភាសដល់កញ្ញា ផាត ដាណេ និងលោក ឈន សុផាត​ ក្រោយចប់ការប្រឡង ឡេម៉ង់ រៀបរាប់អំពីសារសំខាន់របស់អក្សរខ្មែរយ៉ាងច្បាស់ៗដូច្នេះ៖ «នៅពេលយើងសរសេរភាសាជាតិខ្លួនឯងកាន់តែច្រើន វានឹងជួយលើកស្ទួយភាសាជាតិ លើកស្ទួយវប្បធម៌ តម្លៃរបស់ភាសាជាតិ ឱ្យពិភពលោក បានដឹងថា ប្រទេសនីមួយៗ សុទ្ធតែមានភាសាជាតិ។ អ៊ីចឹង យើងមិនត្រូវភ្លេចភាសាជាតិរបស់ខ្លនទេ។ ភាសាជាតិ ជាអត្តសញ្ញាណ នៃជាតិរបស់យើង»។
 
បទសម្ភាសរបស់ ឡេម៉ង់ ដែលផ្សាយដោយសារព័ត៌មានឌីជីថលថ្មីៗ មានអ្នកទស្សនាជាង ១លាននាក់។ ក្នុងចំណោម១លាននាក់នេះ មានអ្នកសរសេរជាង ១២០០នាក់ និងអ្នកចែករំលែកជិត ១ម៉ឺននាក់។ 
 
យកអង្រឹងមកពីបាត់ដំបងមក​ចងគេង​ចាំ «សំណេរអង្គរ» 
បុរសវ័យ៦៣ឆ្នាំ មកពីបាត់ដំបង ក៏មិនចាញ់ឪពុកកូននេះដែរ។ លោក ទឹម សារឿត បានយកអង្រឹងមកតាមខ្លួន សម្រាប់ស្នាក់អាស្រ័យនាពេលរាត្រីនៅតាមវត្ត ដើម្បីចូលរួមកម្មវិធីសំណេរអង្គរ។ វ័យក៏ចាស់ ធ្វើដំណើរផ្លូវឆ្ងាយ ប៉ុន្តែមិនមែនជាឧបសគ្គសម្រាប់ អ្នកស្រឡាញ់អក្សរសាស្រ្តរូបនេះទេ។ 



ចិត្តស្រឡាញ់អក្សរខ្មែរ និងចង់ចូលរួមអភិរក្ស លោក សារឿត បានធ្វើដំណើរមកពីបាត់ដំបង។ លោក សារឿត មានបំណងស្នាក់នៅតាមវត្តអារាម ឬតាមឧទ្យាន នៅខេត្តសៀមរាប ដើម្បីកាន់បន្ថយការចំណាយ។ តែសំណាងល្អ លោក សារឿត ក៏ត្រូវបានណែនាំឱ្យទៅស្នាក់នៅសាលាគ្រូបង្រៀនមួយយប់ដើម្បីត្រៀមខ្លួនចូលរួមប្រកួត ដោយមិនចាំបាច់ទៅសុំការស្នាក់អាស្រ័យតាមទីអារាម។ 
 
«យើងជាខ្មែរ យើងត្រូវរក្សាខ្មែរជាតិនិយម។ ហើយការសរសេរតាមអាននេះ ជាផ្នែកមួយនៃការថែរក្សាអក្សរសាស្ត្រខ្មែរយើង»។ លោក សារឿត ថ្លែងបែបនេះមកកាន់ កញ្ញា តេង យ៉ាលីរ៉ូហ្សី អ្នកសារព័ត៌មាន Cambodianess និង រូបខ្ញុំ។
 
ចាស់ ជាគំរូដល់យុវជន
អតីតអ្នក​សារព័ត៌មាន និងជាអតីត​មន្ត្រីធនាគារពិភពលោក លោក ប៊ូ សារឿន ក៏មិនអាចរំលងបានដែរ។ មានជំងឺជាប់ខ្លួន លោកយកឈើច្រត់តាម​ខ្លួន ដើម្បីចូលរួមលើកស្ទួយអក្សរសាស្រ្តជាតិ។ វ័យ៦០ឆ្នាំ លោក សារឿន ចង់ឱ្យមនុស្សចាស់ ក្លាយជាគំរូល្អសម្រាប់យុវជនជំនាន់ក្រោយ។ 



«មនុស្សចាស់ៗ ដែលរៀនសូត្រមានចំណេះដឹងខ្ពង់ខ្ពស់ សូមព្យាយាមសរសេរ [អក្សរខ្មែរឱ្យត្រូវ] នៅក្នុងហ្វេសប៊ុកក៏ដោយ នៅក្នុងតេឡេក្រាមក៏ដោយ ឬនៅក្នុងអ្វីក៏ដោយដែលបញ្ចេញជាសាធារណៈ គឺសុំឱ្យគាត់សរសេរអក្សរឱ្យត្រូវ ព្រោះក្មេងៗចាំមើល [សកម្មភាពរបស់មនុស្សចាស់]»។
 
រយៈពេល ៣ថ្ងៃក្រោយមក អតីតអ្នកសារព័ត៌មានបទពិសោធន៍ពេញខ្លួនរូបនេះ បានបញ្ចេញអារម្មណ៍តាមរយៈអត្ថបទពណ៌នាមួយយ៉ាងវែង ដែលចង់អានម្ដងហើយ ម្ដងទៀត។ «នៅ​ទីនោះ វាយោ​បាន​បក​មក​ត្រសៀកៗ​នាពេល​ព្រឹក​ព្រលឹម រួម​ និង​ទឹកសន្សើម​ដិតដាម​ស្នាម​ជាប់​នឹង​កៅអី​ផង​នោះ បាន​ជះ​ចំហាយ​ត្រជាក់​មក​ប៉ះ​សារពាង្គ​រាងកាយ​របស់​យើងទាំងអស់គ្នា​។ សំណាង​ដែរ ខ្ញុំ​មាន​ក្រមា​ខ្មែរ​រុំ​ក ដែល​អាច​ផ្តល់​ភាពកក់ក្តៅ​បាន​មួយកម្រិត​»។ 
 
លោក សារឿន បានបង្ហាញទិដ្ឋភាពទូទៅបន្ថែម៖ «ជាធម្មតា​ខ្ញុំ​តែងតែ​ភ័យ​បុក​ពោះ​ពេល​ម៉ោង​ប្រលង​ជិត​មកដល់​។ ប៉ុន្តែ​លើក​នេះ បែរ​ជាមាន​អារម្មណ៍​រំភើប សប្បាយរីករាយ​ទៅវិញ ពិសេស​ពេលដែល​សម្លឹងមើល​ទៅខាង​ឆ្វេង​ដៃ​ខ្ញុំ ដែលមាន​កូនស្រី​ទី​២ និង​ស្វាមី​របស់គាត់ កូនស្រី​ទី​១ និង​ក្មួយ កំពុង​អង្គុយ​ប្រលង​ដែរ​។ ពេលនោះ​ខ្ញុំ​ក៏​គិតក្នុងចិត្ត​ថា វា​ជា​រឿង​មិនធម្មតា ដែល​ឪ​ពុក​មក​អង្គុយ​ប្រលង​ជាមួយ​កូនៗ​»។
 
ចេង រតនា ម្ចាស់ជ័យលាភី «សំណេរអង្គរ» លើកទីមួយ
លទ្ធផលប្រកាសដោយគណៈកម្មការ បានបង្ហាញថា បេក្ខជន ចេង រតនា គឺទទួលបានជ័យលាភីលេខ១ នៃកម្មវិធីសរសេរតាមអានថ្នាក់ជាតិលើកទី១ «សំណេរអង្គរ»។ បេក្ខជនរូបនេះ សរសេរខុសតែ២ពាក្យប៉ុណ្ណោះ នៃសំណេរប្រឡងតាមអានថ្នាក់ជាតិរបស់ខ្លួន ខណៈបេក្ខជន វ៉ន រីដា ទទួលបានជ័យលាភីលេខ២ សរសេរខុស ៣ពាក្យ។ សម្រាប់ជ័យលាភីលេខ៣ បានលើទៅបេក្ខនារី យ៉ោប សុឃាក់។ បេក្ខនារីរូបនេះ សរសេរខុសតែ ៣ពាក្យដូចបេក្ខជនលេខ២។ 



បេក្ខជន បេក្ខនារី វ័យក្មេងៗ និងវ័យចំណាស់ សុទ្ធតែបានចូលរួមលើកកម្ពស់ និងអភិរក្សអក្សរខ្មែរ ព្រោះភាសា ជាអត្តសញ្ញាណជាតិ។ សំណេរអង្គរ ជាព្រឹត្តិការណ៍សរសេរតាមអានថ្នាក់ជាតិធំបំផុតលើកដំបូងនៅកម្ពុជា។ 
 
លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធី«សំណេរអង្គរ» បានលើកឡើងថា នាថ្ងៃប្រឡងនេះ បេក្ខជនខ្លះមានអាយុ១២ ក៏មាន ឯបេក្ខជនខ្លះអាយុ៦០ឆ្នាំក៏មាន។ វាជាចលនានៃការចាប់ផ្តើមមួយដ៏ល្អ ដោយសារនេះជាការសរសេរតាមអានថ្នាក់ជាតិលើកទី១។ ហើយអ្វីដែលចង់បំផុសក្នុងកម្មវិធីនេះ គឺប្រជាជនខ្មែរ កាន់តែយល់ដឹង និងលើកកម្ពស់ឲ្យតម្លៃអក្សរសាស្រ្តខ្មែរ។
 
ពារ គឹមធន់ បេក្ខជន ដែលសរសេរអក្សរស្អាតជាងគេ..
មគ្គទេសក៍ប្រចាំតំបន់អង្គរ ពារ គឹមធន់ ទទួលបានចំណាត់ថ្នាក់លេខ១ លើផ្នែកអក្សរស្អាតជាងគេ ក្នុងកម្មវិធីប្រឡងសរសេរតាមអាន «សំណេរអង្គរ» រីឯ​បេក្ខនារី បួង ស្រីលីស បាន​លេខ២ និងបេក្ខនារី យុត សុម៉ាលី បាន​លេខ៣។ មួយថ្ងៃក្រោយមក សារព័ត៌មានឌីជីថលថ្មីៗ បានបង្ហោះអក្សររបស់លោក គឹមធន់ ដែលបានសរសេរតាមអត្ថបទសំណៅដើមដោយផ្ទាល់ដៃឡើងវិញ នៅលើហ្វេសប៊ុក។ ការបង្ហោះនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត ពីអ្នកប្រើប្រាស់បណ្ដាញសង្គម រហូតដល់ស្ថាប័នធំៗ និងសារព័ត៌មានផ្សេងៗ យកទៅបង្ហោះបន្ត ដែលសុទ្ធតែទទួលបានការកោតសរសើរក្រៃលែង។ 



«ខ្ញុំឃើញអក្សរនិងរូបថតគាត់ ខ្ញុំរំភើបឡើងស្រក់ទឹកភ្នែក។ អរគុណ អរគុណ ដែលប្អូនមានបេះដូងស្រឡាញ់អក្សជាតិ»។ នេះជាការបញ្ចេញយោបល់របស់ម្ចាស់គណនី​មួយរូប។ «អក្សរស្អាតដូចបោះពុម្ព សូម​សរសើរដោយស្មោះ»។ កឹមសុខ ឆុង បានសរសេរសរសើរដូច្នេះ។ « 
 
បេក្ខជនដែលសរសេរអក្សរស្អាតជាងគេក្នុ​ងសំណេរ​អង្គរ បាន​លើកឡើងថា ៖ «ក្នុងនាមខ្ញុំបាទជាជនរួមជាតិខ្មែរមួយរូប សូមលើកទឹកចិត្តឱ្យប្អូនៗជំនាន់ក្រោយ និងសាធារណជនទូទៅចូលរួមអភិរក្សអក្សរខ្មែរតាមរយៈការអាន និងសរសេរឱ្យបានច្រើន។ ជាតិសាសន៍ដែលខ្លាំង សម្បូរយុវជនពូកែអាន និងសរសេរ»។
 
នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី អ្នកនយោបាយ និងបណ្ឌិត ចាប់អារម្មណ៍ «សំណេរអង្គរ» 
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរដល់ម្ចាស់ជ័យលាភី តាមរយៈបណ្តាញទំនាក់ទំនងសង្គម និងលើកទឹកចិត្តឱ្យកូនខ្មែរចូលរួមស្រឡាញ់ និងអភិរក្សអក្សរសាស្ត្រខ្មែរ។ សម្តេចបានបញ្ជាក់ថា៖ «កម្មវិធី សំណេរអង្គរ បានរំលេចនូវទិដ្ឋភាពក្នុងការលើកកម្ពស់ និងជំរុញទឹកចិត្តឱ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានដ៏មហស្ចារ្យក្នុងពិភពលោក ដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា»។
 
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ក៏យល់ឃើញថា ព្រឹត្តិការណ៍ «សំណេរអង្គរ» បានបង្ហាញអំពីការផ្សារភ្ជាប់កូនចៅជំនាន់ក្រោយ ទៅដួងវិញ្ញាណក្ខន្ធ ថ្នាក់ដឹកនាំគ្រប់ជំនាន់របស់កម្ពុជាពីមុនៗផងដែរ។ លោកជំរុញឱ្យមានការរៀបចំការប្រឡងនេះបានញឹកញាប់ជាងនេះ។ 
 
«ការបំផុសឱ្យមានការថែរក្សាអក្សរសាស្ត្រខ្មែរពិតជាពិសេសមែនទែន។ ការចូលរួមរបស់ព្រះសង្ឃ និងពលរដ្ឋគ្រប់វ័យ គ្រប់មជ្ឈដ្ឋានបានបញ្ជាក់ថា ប្រជាជនខ្មែរពិតជាទុកអត្តសញ្ញាណ និងអក្សរសាស្ត្រខ្មែរនៅក្នុងបេះដូងរបស់ពួកគាត់។» លោក ហ៊ុន ម៉ានី បានថ្លែងដូច្នេះ។ 
 
លោក យ៉ែម បុញ្ញាឫទ្ធិ អ្នកនយោបាយ ក៏បានចាប់អារម្មណ៍កម្មវិធីសំណេរអង្គរផងដែរ។ លោកបានរៀបរាប់លើបណ្ដាញសង្គមដូច្នេះ៖ «យើងរួមគ្នាលើកកម្ពស់អក្សរសាស្រ្តជាតិ ជាផ្នែកមួយ នៃអត្តសញ្ញាណជាតិខ្មែរ»។



នឹងមាន​ជាលើកទី២ ឬឆ្នាំក្រោយ​ៗ បន្ត​ទៀត​ដែរឬទេ? ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស​ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, អាជ្ញាធរជាតិអប្សារា រួមទាំង​ដៃគួឧបត្ថម្ភនានា មិន​ទាន់​បង្ហើបឱ្យដឹងច្បាស់នៅឡើយតែ ប៉ុន្តែ​គ្រប់​រូបសុទ្ធតែមាន​ឆន្ទៈចង់ឱ្យ​មាន​កម្មវិធី​បែបនេះជាបន្ត​បន្ទាប់ទៀត។ ក្រៅពីលោក លីម ប៊ុនហុក ថ្នាក់​ដឹកនាំសារព័ត៌មានឌីជីថលថ្មីៗ ទូរទស្សន៍ BTV បណ្តាសារព័ត៌មាន និង​ប្រព័ន្ធផ្សព្វផ្សាយជាច្រើន​ទៀត ក៏បាន​រួម​ចំណែក​ផ្តួចផ្តើម​កម្មវិធីនេះឱ្យ​ចេញជារូបរាងផងដែរ៕
 

Tag:
 សំណេរអង្គរ
  អង្គវត្ត
  ភាសាខ្មែរ
  បទយកការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com