កីឡាជាតិ
ជាតិ
តេជោលីគ ជុំទី២៖ ភ្នំពេញ សងសឹកមហាផ្ទៃ ឯវិសាខា និងអង្គរក្សបន្តឈ្នះរៀងខ្លួន
29, Jan 2024 , 2:03 pm        
រូបភាព
រូបភាព៖-សហព័ន្ធកីឡាបាល់ទះកម្ពុជា
រូបភាព៖-សហព័ន្ធកីឡាបាល់ទះកម្ពុជា
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អាចសងសឹកក្រុមសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃវិញ ក្នុងលទ្ធផល ៣-១ វគ្គជម្រុះជុំទី២ ការប្រកួតកីឡាបាល់ទះ «តេជោលីគ» នៅថ្ងៃទី២៨ ខែមករា។ កាលពីជុំទី១ មហាផ្ទៃ បានយកឈ្នះភ្នំពេញ ៣-១ សិត ដូចគ្នា។



ពានរង្វាន់កីឡាបាល់ទះតេជោលីគ រដូវកាលដំបូង ២០២៣-២៤ បានរកឃើញ៦ក្រុម ឈានដល់វគ្គជម្រុះជុំទី២ ហើយក្រោយប្រកួតជម្រុះជុំទី១ ចំនួន៣សប្តាហ៍។ ក្រុមទាំង៦ ដែលឡើងដល់ជុំទី២ មានសមាគមកីឡាបាល់ទះវិសាខា ឈរកំពូលតារាង និងបន្តបន្ទាប់ ក្លិបបញ្ជាការដ្ឋានអង្គរក្ស សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ស្នងការដ្ឋាននរគរបាលជាតិរាជធានីភ្នំពេញ កងពលធំអន្តរាគមន៍លេខ៣ និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។ 
 
នៅជំនួបដំបូងជុំទី២នេះ ក្រុមលេខ១ ប៉ះក្រុមលេខ៦ ឯក្រុមលេខ២ ជួបលេខ៥ និងលេខ៣ តទល់លេង៤។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយបានសងសឹកក្រសួងមហាផ្ទៃ ក្នុងលទ្ធល ៣-១ សិត វិញ។ ក្រសួងមហាផ្ទៃ បានយកឈ្នះនគរបាលភ្នំពេញក្នុងលទ្ធផលដូចគ្នានេះ កាលពីជុំទី១។



ក្រុមខ្លាំងវិសាខា បន្តឈ្នះ នគរបាលខេត្តពោធិ៍សាត់ ៣-០សិត នៅវគ្គជម្រុះជុំទី២ ដើម្បីរក្សាភាពមិនចាញ់របស់ខ្លួន ជាមួយជ័យជម្នះមិនឱ្យគូប្រជែងតដៃរួចទាំង៨ប្រកួត។ កងអង្គរក្ស ក្រុមខ្លាំងលំដាប់ទី២ ក៏បន្តយកឈ្នះកងពលធំលេខ៣ ក្នុងលទ្ធផល ៣-០ សិតផងដែរ។
 
នៅជុំទី២នេះ ក្រុមទាំង៦ ត្រូវប្រកួតគ្នាវិលជុំសន្សំពិន្ទុ ដើម្បីប្រជែងយក៤ក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់លីគកីឡាបាល់ទះតេជោលីគរដូវកាលដំបូងនេះ៕
 

Tag:
 តេជោលីគ
© រក្សាសិទ្ធិដោយ thmeythmey.com