អន្តរជាតិ
ស្ត្រីឥណ្ឌូណេស៊ីសង្ឃឹមថា ការបោះឆ្នោតនឹងនាំពួកគេចូលក្នុងក្លិបក្រុមបុរស
29, Jan 2024 , 9:59 pm        
រូបភាព
រូបឯកសារ៖ អ្នកស្រី Lingga Permesti (ឆ្វេង) បេក្ខនារី​សមាជិក​សភា​នៃគណបក្ស Islamic Prosperous Justice ចុះ​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​នៅក្រុង Klaten ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៤។
រូបឯកសារ៖ អ្នកស្រី Lingga Permesti (ឆ្វេង) បេក្ខនារី​សមាជិក​សភា​នៃគណបក្ស Islamic Prosperous Justice ចុះ​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​នៅក្រុង Klaten ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៤។
ដោយ: VOA
ទីក្រុងហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី -ការ​បោះឆ្នោតនៅប្រទេស​ឥណ្ឌូណេស៊ីនៅ​ខែកុម្ភៈ​គ្របដណ្តប់ដោយបុរស ប៉ុន្តែ​មានស្ត្រីមួយ​ចំនួន​ប្រឹងប្រែងចូល​ក្នុង​ឆាក​នយោបាយដែល​ជាយូរមកហើយ​គ្របដណ្តប់​ដោយ​មនុស្សប្រុស។



បើ​តាមគណៈកម្មការ​រៀបចំការ​បោះឆ្នោតនៃប្រទេសឥណ្ឌូណេស៊ី​ ​មនុស្សជាង ២០០លាននាក់ ​មានសិទ្ធិបោះឆ្នោត ដោយជាងពាក់កណ្តាល​ជា​ស្ត្រី ប៉ុន្តែមាន​ស្ត្រីតែមួយ​ចំនួនតូច​ប៉ុណ្ណោះ​ដែល​តំណាងឱ្យពួកគេនៅក្នុងសភា។
 
អ្នកស្រី Lingga Permesti ​បេក្ខនារី​ឈរ​ឈ្មោះ​ធ្វើ​តំណាងរាស្ត្រ​ បាននិយាយ​ប្រាប់ទីភ្នាក់ងារ​សារព័ត៌មានបារាំង AFP ពី​ក្រុង Klaten ដែលអ្នកស្រីឈរឈ្មោះ​ដើម្បី​ដណ្តើម​អាសនៈមួយថា៖
«យើង​មាន​អ្នកនយោបាយស្ត្រីច្រើននាក់ដែលយក​ចិត្តទុកដាក់​នឹង​ការងារនិងមានសមត្ថភាព ប៉ុន្តែ​នៅ​តែមាន​មនុស្ស​ច្រើននាក់ដែលចាត់ទុក​ស្ត្រី​ថាខ្សោយ​និងគ្មាន​ភាព​ជា​អ្នក​ដឹកនាំ»។​
 
ស្ត្រី​ដែលមានអាយុ ៣៧ ឆ្នាំរូបនេះ​ បានថ្លែងថា៖ «នេះជា​ការពិត ជាពិសេស​ក្នុងតំបន់ជនបទ»។
 
ប្រទេសឥណ្ឌូណេស៊ីដែល​ត្រូវបាន​គេស្គាល់យូរ​មក​អំពីវប្បធម៌​ញាតិសន្តាន​និយម ដែល​មាន​ប្រធានាធិបតី​ស្ត្រីម្នាក់គឺលោកស្រី​ Megawati Sukarnoputri កូនស្រីរបស់លោក Sukarno បិតា​បង្កើតប្រទេសឥណ្ឌូណេស៊ី​ និង​ជា​ប្រធានាធិបតីទី ១ ​នៃប្រទេសនេះ។
 
ក៏​ប៉ុន្តែ​លោកស្រី​មិនបានជាប់ឆ្នោតដោយផ្ទាល់ទេ ដោយ​លោកស្រី​បានឡើង​កាន់តំណែង​ជាន់​ខ្ពស់បំផុត​របស់ប្រទេសពី​តំណែងអនុប្រធានាធិបតី ​បន្ទាប់​ពី​មានការ​ដកតំណែងលោក​ Abdurrahman Wahid កាលពីឆ្នាំ ២០០១។ ទោះជា​គណបក្ស​លោកស្រីមាន​ប្រជាប្រិយភាព​ខ្ពស់ដោយសារ​កេរ្តិ៍ដំណែល​ឳពុករបស់លោកស្រី​ក៏ដោយ ក៏លោកស្រីបាន​ចាញ់នៅ​ក្នុងការ​បោះឆ្នោតប្រធានាធិបតីពីរ​លើកបន្តបន្ទាប់គ្នា។
 
បើតាមបញ្ជីចុងក្រោយនៃ​គណៈកម្មការរៀបចំការបោះឆ្នោត​ ​នៅក្នុងការបោះឆ្នោតនៅខែកុម្ភៈ គណបក្ស​នយោបាយ​ទាំងអស់ ១៨ ​ដែលប្រកួត​ប្រជែងគ្នា​ដើម្បីអាសនៈ​សភា ៥៨០ បាន​សម្រេច​តាម​កូតា​តម្រូវ​នៅទូទាំង​ប្រទេស​ឱ្យមាន​បេក្ខនារី ៣០ ភាគរយ។
 
ស្ត្រី​បានកាន់តំណែងរដ្ឋមន្ត្រី ហើយ​ប្រធានរដ្ឋសភាបច្ចុប្បន្ន​ ជា​ស្ត្រី។ សមាមាត្រសមាជិកា​សភាបានកើនឡើងដល់​ម្នាក់ក្នុង​បណ្តា​សមាជិក​ប្រាំនាក់​ក្នុង​ឆ្នាំ ២០១៩ ដោយកើនឡើងពី​តិចជាងម្នាក់​ក្នុង​ចំណោមសមាជិក ១០ នាក់​នៅឆ្នាំ ១៩៩៩​។ តួលេខ​នេះ​ប្រៀបធៀប​ជា​មួយមធ្យមភាគ​នៅទូទាំង​ពិភពលោក គឺលើស​ពីម្នាក់ក្នុង​បណ្តាសមាជិកសភាបួននាក់។ នេះ​បើ​តាមទិន្នន័យ​ពីអង្គការ​ស្ត្រី​នៃ​អង្គការ​សហប្រជាជាតិ។
 
បើ​តាមក្រុមអ្នក​ជំនាញ​ ​ទោះជាមាន​ការប្រឹងប្រែង​កាល​ពីពេល​ថ្មីៗនេះ​ក៏ដោយ ​ក៏​ភាព​តំណាង​របស់ស្ត្រីនៅ​តែ​មិនត្រូវ​បាន​គេ​យកចិត្តទុកដាក់​ខ្លាំង​នោះ​ទេ។​
បេក្ខនារីខ្លះនិយាយ​ថា ពួក​គេត្រូវ​បាន​គេ​ចាត់​ទុកថា​មិន​សំខាន់។
 
អ្នកស្រី Permesti បាន​និយាយ​ប្រាប់​សារព័ត៌មាន ​AFP ថា៖ «នៅ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​មួយ អភិបាលស្រុក​ប្រុស​ម្នាក់​បាននិយាយប្រាប់ពលរដ្ឋថា ខ្ញុំគ្រាន់តែជា​បេក្ខនារី​បង្គ្រប់ម្នាក់​ប៉ុណ្ណោះ​ គឺថា ខ្ញុំឈរឈ្មោះដើម្បី​ជួយ​គណបក្ស​ខ្ញុំ​បំពេញ​តាមកូតាភាពតំណាងតែប៉ុណ្ណោះ»។​


រូបឯកសារ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Prabowo Subianto​ អតីត​អភិបាល​ខេត្តជ្វា​កណ្តាល (Central Java) លោក​ Ganjar Pranowo និង​លោក Anies Baswedan អតីត​អភិបាល​ក្រុង​ហ្សាការតា ជជែក​ដេញដោល​គ្នា​នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។
 
«សង្គម​យកប្រុសៗ​ជា​ធំ»

នៅ​ក្នុង​ការជជែក​ដេញ​ដោលគ្នា​ពីរលើកដំបូងរវាងបេក្ខជនប្រធានាធិបតី ​បុរសបីនាក់​ប្រកួតប្រជែង​គ្នា​ដើម្បី​តំណែងកំពូលរបស់​ប្រទេស​រួមាន រដ្ឋមន្ត្រីការពារជាតិ​លោក Prabowo Subianto និងអតីត​អភិបាល​ខេត្តពីរនាក់ ​គឺលោក Ganjar Pranowo និងលោក Anies Baswedan មិនបាន​និយាយ​យោង​ម្តង​ណា​អំពី​សុខភាពបន្តពូជ​ឬឱកាស​ស្មើគ្នាទេ។
 
បើតាមអង្គការ Koalisi Masyarakat Peduli Keterwakilan Perempuan ដែល​ជាក្រុម​សង្គមស៊ីវីលមួយ​ផ្តោតលើ​ភាព​តំណាងរបស់ស្ត្រី​ ​មានតែគណបក្សតែមួយដែលបានបំពេញ​តាមកូតា​សម្រាប់បេក្ខនារីសម្រាប់ការបោះឆ្នោតសភានៅទូទាំង​ប្រទេស នៅ​ក្នុង​មណ្ឌល​បោះឆ្នោតទាំង ៨៤ របស់ប្រទេស។
 
អ្នកស្រី Titi Anggraini អ្នក​ជំនាញខាង​ការបោះឆ្នោតមកពីសាកលវិទ្យាល័យឥណ្ឌូណេស៊ី​បាននិយាយថា​ ពេលខ្លះគណៈកម្មការរៀបចំការបោះឆ្នោតបានអនុញ្ញាត​ឱ្យមានបេក្ខនារីតិចជាងតម្រូវការ ដោយ​បន្ថែម​ការរារែកក្នុង​ការបើកឱ្យមានស្ត្រី​ច្រើន​ជាងមុន​ក្នុង​វិស័យ​នយោបាយ។
 
អ្នកស្រី​បានថ្លែងថា៖ «ឆ្នាំ​ ២០២៤​ កំណត់ការថមថយនៃ​ភាពតំណាង​របស់ស្ត្រី ដែល​បញ្ជាក់​ការថយ​ក្រោយ​របស់ប្រទេសក្នុងការ​ផ្តល់​សិទ្ធិនយោបាយពេញលេញ»។
 
លោក Irwan Martua Hidayana ជានរវិទូ​នៅសាកលវិទ្យាល័យឥណ្ឌូណេស៊ី។​ លោក​បាន​និយាយ​ថា៖ «​សង្គម​យក​ប្រុសៗ​ជាធំ» មាន​តាំងពី​សម័យអាណានិគម​ហូឡង់​ជាច្រើនទសវត្សរ៍ ហើយត្រូវបាន​ពង្រឹងក្នុង​អំឡុង​ពេល​ស្ថិត​ក្រោម​ការគ្រប់គ្រង​ផ្តាច់ការរបស់លោក Suharto។
 
លោក Hidayana បានថ្លែង​ថា៖ «ប្រសិនបើ​យើងមើល​ប្រវត្តិសាស្ត្រ ការ​សិក្សា​ស្រាវជ្រាវ​ខ្លះបង្ហាញ​ថា ឥណ្ឌូណេស៊ី​មាន​ទំនាក់ទំនងស្មើភាព​រវាង​បុរស​និង​ស្ត្រីនៅមុន​របប​អាណានិគមបានកែប្រែ​រឿង​នេះ»។
 
«ការយកចិត្តទុកដាក់ជួយ​ថែមទៀត»
ស្ត្រីខ្លះ​និយាយអំពីបទ​ពិសោធន៍វិជ្ជមាន​ក្នុង​វិស័យនយោបាយ​ ប៉ុន្តែ​ក៏បាន​ថ្លែង​ដែរថាភាព​វិជ្ជមានទាំងនេះ​មិនឆ្លុះបញ្ចាំងនៅទូទាំងវិសាលគមនយោបាយ​នោះ​ទេ។
 
អ្នកស្រី Permesti បាននិយាយ​ថា អ្នកស្រីបានទទួលឱកាសពង្រឹង​ជំនាញរបស់អ្នកស្រីនៅ​ក្នុងគណបក្ស​ Prosperous Justice Party របស់អ្នកស្រី ដែល​ជា​គណបក្សអ៊ិស្លាម​មួយ ប៉ុន្តែ​មិន​មែនមនុស្ស​គ្រប់គ្នា «ត្រៀមលក្ខណៈ​រួចរាល់​ដើម្បីផ្តល់ឱកាសបែបនេះដល់ស្ត្រី​ទេ»។
 
អ្នកស្រី Anindya Shabrina បេក្ខនារី​សភាអាយុ ២៨ ឆ្នាំ ខាងគណបក្សពលករ បាន​និយាយថា ម្តង​នោះ​អ្នកស្រីបាន​ច្រានចោលសំណើឱ្យអ្នកស្រី​ចូល​រួមក្នុងគណបក្ស​ធំមួយ​ទៀត ដោយសារ​អាកប្បកិរិយា​មិន​សមរម្យ​របស់​អ្នកនយោបាយ​ប្រុសៗ។
 
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំសង្ឃឹម​ថា​ គណបក្សទាំង​អស់នឹង​យកចិត្តទុកដាក់ជួយបន្ថែម​ទៀតដល់ស្ត្រីក្នុងនយោបាយ» ដោយអ្នកស្រី​អំពាវនាវ​ឱ្យមានការ​សិក្សាអប់រំខាងនយោបាយ​សម្រាប់​ស្ត្រីដើម្បីឱ្យ​អាជីព​របស់ពួក​គេ​អាចចាប់ផ្តើមនៅ​កម្រិតមូលដ្ឋាន។
 
ខណៈ​ស្ត្រីរាប់លាននាក់​នឹង​ចេញ​ទៅ​បោះឆ្នោតនៅទូទាំង​ប្រទេស​ដែល​ជា​ប្រជុំកោះ​មួយ​នេះ​នៅ​ខែ​ក្រោយ​ ស្ត្រី​ខ្លះ​និយាយ​ថា ឋានៈរបស់​ពួកគេ​ក្នុង​ឆាកនយោបាយឥណ្ឌូណេស៊ី​គ្មាន​ឥទ្ធិពល​ច្រើន​ទេ។
 
អ្នកស្រី Permesti បាន​ថ្លែងថា៖ «យើង​មានប្រធានាធិបតី​ស្ត្រីម្នាក់ មាន​សមាជិកា​សភា ប៉ុន្តែ​ត្រូវ​ធ្វើឱ្យ​កាន់​តែ​ប្រសើរ​ជាងនេះ»។
អ្នកស្រីបាន​បន្ថែមថា៖ «ខ្ញុំសង្ឃឹម​ថា ​នៅឆ្នាំ ​២០២៩ យើងនឹងមាន​បេក្ខនារីឈរ​ឈ្មោះ​ដណ្តើម​តំណែងប្រធានាធិបតី ​ឬ​អនុប្រធានាធិបតី»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com