កីឡាអន្តរជាតិ
អន្តរជាតិ
Madam Pang នឹងកៀរគរប្រាក់ជួយបាល់ទាត់ថៃ ដើម្បីសម្រេចគោលដៅជាក្រុមកំពូលទាំង១៥ នៅអាស៊ី
29, Jan 2024 , 6:03 pm        
រូបភាព
អ្នកស្រី Nuanphan Lamsam ឬ Madame Pang បានបង្ហាញគោលនយោបាយរបស់ខ្លួនក្នុងការប្រជែងតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) ដោយរកប្រាក់តាមរយៈការលក់សិទ្ធិផ្សាយ ដើម្បីជួយក្រុមក្នុងលីគបាល់ទាត់ថៃ ឱ្យកាន់តែប្រសើរឡើង។ មហាសេដ្ឋីនីរូបនេះ មានមហិច្ឆតា នាំក្រុមបាល់ទាត់ក្នុងស្រុកថៃ ជាប់ក្នុងលំដាប់កំពូលទាំង១៥ នៅតំបន់អាស៊ី។



Madame Pang បេក្ខភាព​មួយ​រូប​ ដែលនឹងត្រូវចូលរួមឈរឈ្មោះបោះឆ្នោតប្រជែង​តំណែង​ប្រធាន​ FAT នៅខែកុម្ភៈខាងមុខនេះ បានប្រាប់ពីមហិច្ឆតារបស់ខ្លួន ក្នុងការនាំក្រុមបាល់ទាត់ថៃឈានទៅលំដាប់កំពូល ក្នុងចំណោមក្រុមកំពូលទាំង១៥ ក្នុងតំបន់អាស៊ី។ 
 
ដើម្បីសម្រេចគោដៅនេះ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិថៃ វ័យ៥៧ឆ្នាំ បង្ហាញគោលនយោបាយរបស់ខ្លួន បើសិនជាប់ជាប្រធាន FAT ថានឹងធ្វើយ៉ាងណារកប្រាក់បន្ថែមសម្រាប់ផ្គត់ផ្គង់ក្រុមក្នុងលីគ តាមរយៈការលក់សិទ្ធិផ្សាយ។
 
ក្នុងបទសម្ភាសន៍ជាមួយកាសែត Goal ជាភាសារថៃ Madame Pang ដែលកាន់តំណែងជាប្រធានក្លិបបាល់ក្នុងលីគកំពូលថៃ និងជម្រើសជាតិផង ក្នុងរយៈពេល៨ឆ្នាំ យល់ពីការលំបាកក្នុងការករសាងក្លិបបាល់ទាត់អាជីពមួយ។​ ដូច្នេះ ដើម្បីបានកីឡាករមានគុណភាព ត្រូវពង្រឹងក្លិបអាជីពជាមុនសិន។
 
«ការងារក្នុងពិភពបាល់ទាត់ទាំងជម្រើសជាតិ និងជាប្រធានក្លិបជិត ១០ឆ្នាំ ទើបខ្ញុំយល់។ គោលនយោបាយបន្ទាន់សម្រាប់កីឡាបាល់ទាត់ក្នុងក្លិបអាជីព គឺជំនួយផ្នែកហិរញ្ញវត្ថុ ហើយប្រាក់ដែលទទួលបានពីការចាក់ផ្សាយនៅ Thai League គឺសំខាន់ណាស់»។ 
 
នេះជាការអះអារបស់មហាសេដ្ឋីនីថៃ ដោយបន្ថែមថា ដើម្បីធ្វើឱ្យគ្រប់ក្លិបនៅថៃទាំងអស់មានលំនឹង ក្លិបទាំនោះត្រូវតែមានចំណូលពីថ្លៃលក់សិទ្ធិផ្សាយ។ ក្លិបមានចំណូល នោះកីឡាករបាល់ទាត់អាជីពអាចបន្តបង្កើនការអភិវឌ្ឍខ្លួនបានកាន់តែលឿន។ កីឡាករតាមក្លិបមានគុណភាព ក្រុមជម្រើសជាតិនឹងខ្លាំង។
 
ក្រុមជម្រើសជាតិថៃ ក្រោមការដឹកនាំរបស់អ្នកស្រី Pang និងគ្រូបង្វឹងកជនជាតិជប៉ុនលោក Masatada Ishii បានឆ្លងផុតវគ្គចែកពូល AFC Asian Cup ឆ្នាំ២០២៣ ដែលកាតាធ្វើម្ចាស់ផ្ទះ។ ក្រុមរហស្សនាមដំរីសង្គ្រាម នឹងត្រូវបន្តជួយអូសប៊េគីស្ថាន នៅវគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃទី៣០ ខែមករា៕
 

Tag:
 Madam Pang
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com