អន្តរជាតិ
រដ្ឋមន្រ្តីការបរទសអាស៊ាន គាំទ្រការបង្កើតច្រករបៀងមនុស្សធម៌ដល់មីយ៉ាន់ម៉ា
30, Jan 2024 , 12:09 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
រដ្ឋមន្ត្រីការទេសអាស៊ាន បានគាំទ្រគំនិតផ្តួចផ្តើមរបស់ថៃ ក្នុងការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីផ្តល់ជំនួយដល់ប្រជាជនដែលផ្លាស់ទីលំនៅ ដោយសារជម្លោះនៅមីយ៉ាន់ម៉ា។

 
នាថ្ងៃទី ២៩ មករា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបិទបញ្ចប់នៅទីក្រុងហ្លួងព្រះបាង របស់ឡាវ។ រដ្ឋមន្ត្រីការបរទេស បានគាំទ្រគំនិតផ្តួចផ្តើមរបស់ថៃ ក្នុងការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីផ្តល់ជំនួយដល់ប្រជាជនដែលផ្លាស់ទីលំនៅ ដោយសារជម្លោះនៅមីយ៉ាន់ម៉ា។
 
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបិទបញ្ចប់សន្និសីទ រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith បាននិយាយថា ថៃបានស្នើផែនការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីធានានូវការផ្តល់ជំនួយប្រកបដោយសុវត្ថិភាព ដល់ជនភៀសខ្លួននៅមីយ៉ាន់ម៉ា ឬអ្នកដែលភៀសខ្លួនទៅកាន់ថៃ។
 
លោកបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាន បានស្វាគមន៍មីយ៉ាន់ម៉ា ក្នុងការបញ្ជូនអ្នកតំណាងមកចូលរួមសន្និសីទនេះ ហើយបានបង្ហាញទំនុកចិត្តថា ការបង្កើនទំនាក់ទំនងជួយមីយ៉ាន់ម៉ា និងប្រទេសសមាជិកអាស៊ាន ព្រមទាំងសហគមន៍អន្តរជាតិ ឱ្យយល់គ្នាទៅវិញទៅមកកាន់តែប្រសើរឡើង។
 
ក្រៅតែពីបញ្ហាមីយ៉ាន់ម៉ា កិច្ចប្រជុំក៏បានពិភាក្សាអំពីស្ថានភាពអន្តរជាតិលើបញ្ហាមួយចំនួន ដូចជាសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងមជ្ឈិមបូព៌ាជាដើម។ ទន្ទឹមនេះ ភាគីនានាក៏បានសម្តែងការព្រួយបារម្ភ និងទស្សនៈរួមគ្នា ដោយខិតខំប្រឹងប្រែងដើម្បីឆ្លើយតប ទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន ដូចជាការប្រែប្រួលអាកាសធាតុ សន្តិសុខថាមពល សន្តិសុខស្បៀង ...។ 
 
ទាក់ទិននឹងសមុទ្រចិនខាងត្បូង រដ្ឋមន្ត្រីការបរទេសអាស៊ាន បានពិភាក្សាអំពីស្ថានភាពក្នុងតំបន់ ដោយសង្កត់ធ្ងន់ទៅលើបំណងចង់កសាងសមុទ្រចិនខាងត្បូង ប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងវិបុលភាព។
 
ភាគីនានាប្តេជ្ញាអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រចិនខាងត្បូង (DOC) សំដៅកសាងក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ដែលមានខ្លឹមសារ ប្រសិទ្ធភាព និងស្របនឹងច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
 
នៅក្នុងសន្និសីទនោះផងដែរ រដ្ឋមន្ត្រីការបរទេសបានឯកភាពលើអាទិភាពចំនួន ៩ របស់អាស៊ានលើមូលបទ «អាស៊ាន ៖ ការពង្រឹងការតភ្ជាប់ និងភាពធន់»។ ជាក់ស្តែងទាក់ទងនឹងភាពធន់ អាស៊ាននឹងផ្តោតលើការកសាងយុទ្ធសាស្រ្ត ដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ពង្រឹងតួនាទីកណ្តាលរបស់អាស៊ាន លើកកម្ពស់កិច្ចសហប្រតិបត្តិការបរិស្ថាន លើកកម្ពស់ការចូលរួមចំណែករបស់ស្ត្រី និងកុមារ និងការលើកកម្ពស់សមត្ថភាពសុខភាពក្នុងតំបន់។
 
ទាក់ទងនឹងការតភ្ជាប់ អាស៊ាននឹងជំរុញការរួមរស់ជាមួយគ្នា រវាងសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព ការផ្លាស់ប្តូរឆ្ពោះទៅរកអនាគតឌីជីថល និងលើកកម្ពស់តួនាទីនៃវប្បធម៌ និងសិល្បៈ៕ 
 

Tag:
 អាស៊ាន
  ឡាវ
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com