កីឡាអន្តរជាតិ
អន្តរជាតិ
ធ្លាក់ពី Asian Cup តែថៃ ទទួលបានការសាទរពីអ្នកគាំទ្រខ្លួនលើសលុប
31, Jan 2024 , 10:01 am        
រូបភាព
អ្នកគាំទ្រថៃ អបអរក្រុមខ្លួន ទោះធ្លាក់ពី Asian Cup នៅវគ្គ១៦ក្រុម
អ្នកគាំទ្រថៃ អបអរក្រុមខ្លួន ទោះធ្លាក់ពី Asian Cup នៅវគ្គ១៦ក្រុម
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ ជាក្រុមអាស៊ីអាគ្នេយ៍ចុងក្រោយបង្អស់ ធ្លាក់ចេញពី AFC Asian Cup ឆ្នាំ២០២៣ ក្រោយចាញ់អ៊ូសបេគីស្ថាន ២-១ វគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃទី៣០ ខែមករា។​ ធ្លាក់មែន តែ Madam Pang អ្នកចាត់ការទូទៅ មើលឃើញពីការរីកចម្រើនរបស់ក្រុមដំរីសង្រ្គាម ក្រោយបង្ហាញខ្លួន៤ប្រកួតយ៉ាងល្អ នៅពានតំបន់អាស៊ីនេះ។



កីឡាករ Azizbek Turgunboev បានស៊ុតបាល់បំប៉ោងសំណាញ់ទីក្រុមថៃនៅនាទី៣៧ ដើម្បីជួយអ៊ូសបេគីស្ថាននាំមុខមួយគ្រាប់មុន នៅចំពោះមុខអ្នកទស្សនាផ្ទាល់ជាង២ម៉ឺននាក់ ក្នុងកីឡដ្ឋាន Al Janoub ប្រទេសកាតា។ អ៊ូសបេគីស្ថាន ដែលជាក្រុមមានសមត្ថភាពខ្ពស់ជាងក្រុមថៃ នៅតែបន្តការវាយសម្រុក និងបង្កើតឱកាសសម្រេចទីជារើយៗ ប៉ុន្តែធ្វើមិនបានសម្រេច។
 
ចូលដល់វគ្គទី២ ក្រុមមកពីអាស៊ីកណ្តាលគ្រប់គ្រងបាល់បានច្រើនដដែល ប៉ុន្តែនៅនាទី៥៨ ថៃដែលមានឱកាសម្តងម្តាល បានវាយបកតាមស្មើ ១-១ វិញ តាមរយៈការស៊ុតបញ្ចូលទីរបស់ Supachok Sarachat។ 

យ៉ាងណាក៏ដោយ អ៊ូសបេគីស្ថាននៅតែសង្គ្រប់លើក្រុមថៃ រហូតរកបានគ្រាប់ជ័យជម្នះ ២-១ វិញ ដែលធ្វើបានដោយកីឡាករ Abbosbek Saydjon oʻgʻli Fayzullaev នៅនាទី៦៨។ តាមរយៈលទ្ធផលនេះ បានជួយអ៊ូសបេគីស្ថានឡើងទៅវគ្គ៨ក្រុមចុងក្រោយដោយត្រូវប៉ះ ម្ចាស់ផ្ទះ និងជាម្ចាស់ការពារតំណែងជើងឯកកាតា។
  

 
ថៃ ជាក្រុមពីតំបន់អាស៊ីអាគ្នេយ៍ចុងក្រោយគេ បន្ទាប់ពីឥណ្ឌូណេស៊ី វៀតណាម និងម៉ាឡេស៊ី ដែលធ្លាក់ចេញពីពានរង្វាន់ប្រចាំទ្វីបអាស៊ីឆ្នាំ២០២៣នេះ។ ធ្លាក់មែន ប៉ុន្តែក្រុមថៃ ទទួលបានការសាទរពីអ្នកគាំទ្រខ្លួនពេញទំហឹង ដ្បិតសមត្ថភាពក្រុមមានការកើនឡើងគួរកត់សម្គាល់។
 
អ្នកចាត់ការទូទៅក្រុមថៃ អ្នកស្រី Madam Pang ក៏បានបង្ហាញការគោរព និងកោតសរសើរសមាជិកក្រុមខ្លួនផងដែរ ដែលបង្ហាញសមត្ថភាពលេចធ្លោ បើទោះធ្លាក់ត្រឹមវគ្គ១៦ក្រុមក៏ដោយ។ មហាសេដ្ឋីនីជនជាតិថៃរូបនេះ ជឿជាក់យ៉ាងមុតមាំថា ក្រុមរហស្សនាមដំរីសង្គ្រាម នឹងកើនសមត្ថភាពទៅមុខជាលំដាប់ តាមរយៈការខិតខំប្រឹងប្រែង និងការគាំទ្ររបស់អ្នកគាំទ្រថៃ ដែលជាកីឡាករទី១២ក្នុងទីលាន។
 
៤ប្រកួតរបស់ថៃនៅ Asian Cup នៅកាតា ទើបស្គាល់ចាញ់មួយប្រកួតចុងក្រោយនេះ ដោយ៣ប្រកួតដំបូងនៅវគ្គសន្សំពិន្ទុ ស្មើ២ និងឈ្នះ១។
 
ដោយឡែក កូរ៉េខាងត្បូង ក៏បានកៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយផងដែរ ក្រោយទម្លាក់អារ៉ាប៊ីសាអូឌីតដោយបាល់កាតក្តី ទាំងយ៉ាប់យ៉ឺន។ ក្រោយបញ្ចប់ការប្រកួតទាំង៩០នាទី និងបន្ថែម១៥នាទីពីរលើក ក្នុងលទ្ធផល ១-១ កូរ៉េខាងត្បូង បានឈ្នះ អារ៉ាប៊ីសាអូឌីត ដោយការទាត់បាល់កាត់ក្តី១១ម៉ែត្រ ក្នុងលទ្ធផល ៤-២។ វគ្គ៨ក្រុម ម្ចាស់ជើងឯក Asian Cup ៣សម័យ ត្រូវជួបអូស្ត្រាលី នៅថ្ងៃទី២ ខែកុម្ភៈ៕

Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com