ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំ​បង្អង់ ! បើ​ចេញ​សញ្ញា​ទាំងនេះ​​គួរ​ទៅជួប​ពេទ្យ ព្រោះ​អាច​ជា​រោគ​សញ្ញា​មហារីក​ក្រពះ
31, Jan 2024 , 10:59 pm        
រូបភាព
ទោះជា​យើង​ជួប​ប្រទះ​អាកា​រៈ​ឈឺក្រពះ​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ក៏​ដោយ ក៏​មិន​អាច​បញ្ជាក់​ពី​រោគ​សញ្ញា​ដំបូង​នៃ​ជំងឺមហារីក​ក្រពះ​ដែរ​។ ហេតុនេះ​ហើយ ដើម្បី​ដឹង​ថា​យើង​អាច​ប្រឈម​នឹង​ជំងឺមហារីក​មួយ​ប្រភេទ​នេះ​ឬ​អត់ គ្នា​យើង​គួរតែ​សង្កេត​មើល​រោគ​សញ្ញា​មួយ​ចំនួន​ខាងក្រោម​។

 
ជំងឺមហារីក​ក្រពះ កើតឡើង​នៅ​ពេល​ដែល​មានការ​លូតលាស់​កោសិកា​មិន​ប្រក្រតី​នៅ​ក្នុង​ក្រពះ​របស់​យើង​។ ជា​ទូទៅ រោគ​សញ្ញា​ដំបូង​នៃ​ជំងឺមហារីក​ក្រពះ ពិបាក​ក្នុង​ការ​កត់សម្គាល់​ណាស់ ពីព្រោះ​ថា​រោគ​សញ្ញា​ទាំងនោះ អាច​ភ័ន្ត​ច្រឡំ​ជាមួយនឹង​ជំងឺ​ក្រពះ​ពោះវៀន​ធម្មតា​។ ហេតុនេះ​ហើយ ទើប​យើង​បានដឹង​ពី​វត្តមាន​នៃ​ជំងឺមហារីក​នេះ នៅ​ពេល​ដែល​ជំងឺ​វិ​វត្ត​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ទៅ​ហើយ​។ យ៉ាងណាមិញ យើង​ក៏​អាច​សង្កេត​មើល​សញ្ញា​ព្រមាន​ដំបូង​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ​។
 
១. ហើមពោះ
យើង​អាច​នឹង​មាន​អារម្មណ៍​ថា​ពោះ​ឆ្អែត និង​តឹង​។ ពិត​ណាស់ ជំងឺមហារីក​ក្រពះ អាច​ធ្វើ​ឲ្យ​ជញ្ជាំង​ក្រពះ​រឹង និង​កាត់​បន្ថយ​សមត្ថភាព​ក្នុង​ការ​ផ្ទុក​អាហារ​។ ក្នុង​ករណី​ដែល​មហារីក​ក្រពះ​រាលដាល​ដល់​ស្រទាប់​ខាងក្នុង​នៃ​ពោះ វា​អាច​បង្ក​ជា​ការ​ប្រមូលផ្ដុំ​សារធាតុ​រាវ​នៅ​ក្នុង​ពោះ​របស់​យើង ព្រមទាំង​ធ្វើ​ឲ្យ​យើង​ហើមពោះ​ដូច​ទៅ​នឹង​ស្ត្រី​ដែល​ជិត​គ្រប់​ខែ​។
 
២. ក្រហាយ​ទ្រូង
ក្រហាយ​ទ្រូង ដែល​ជា​ការ​ឈឺ​ចុកចាប់​នៅ​ដើមទ្រូង និង​បំពង់ក ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ហើយ​ជា​ទូទៅ អាកា​រៈ​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​។ ប៉ុន្តែ ប្រសិនបើ​យើង​កើត​មាន​អាកា​រៈ​ក្រហាយ​ទ្រូង​ដែល​មិន​បាត់​ទៅ​វិញ ក្រោយ​ប្រើ​ថ្នាំបន្សាប​ជាតិ​អាស៊ី​ដ (Antacids) ឬ​ថ្នាំ​ផ្សេង​ទៀត នោះ​អាច​ជា​រោគ​សញ្ញា​ព្រមាន​មួយ​។ ប្រសិនបើ​មានការ​លូតលាស់​កោសិកា​មហារីក​ដ៏​ធំ​នៅ​ក្នុង​ចំណុច​ចេញ​នៃ​ក្រពះ សារធាតុ​រាវ​អាច​កកកុញ ហើយ​អាហារ​អាច​នឹង​ត្រលប់​មក​កាន់​បំពង់​អាហារ​វិញ ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​អាកា​រៈ​ក្រហាយ​ទ្រូង​។
 
៣. ក្អួត និង​ចង្អោរ
ទន្ទឹម​នឹង​នេះ​ដែរ រោគ​សញ្ញា​មួយទៀត​នៃ​ការ​លូតលាស់​កោសិកា​មហារីក គឺជា​ការ​រារាំង​ច្រកចេញ​របស់​ក្រពះ (Exit of stomach) ។ ប្រសិនបើ អាហារ និង​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ មិន​អាច​ធ្វើ​ដំណើរ​ទៅ​ផ្នែក​ដំបូង​នៃ​ពោះវៀន​របស់​យើង​បាន​ទេ​នោះ វា​នឹង​បញ្ជូន​សញ្ញា​ទៅ​ខួរក្បាល​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ចង់​ក្អួត​។
 
៤. មាន​អារម្មណ៍​មិន​ស្រួលខ្លួន
ជា​ទូទៅ អារម្មណ៍​មិន​ស្រួលខ្លួន​នេះ អាច​បណ្ដាល​មក​ពី​ជំងឺមហារីក​ក្រពះ​រាលដាល​ដល់​ស្រទាប់​ពោះ ព្រមទាំង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ហើមពោះ និង​ធ្ងន់​ពោះ​។
 
៥. ស្រក​ទម្ងន់
ដោយសារ​តែ​យើង​ប្រឈម​នឹង​រោគ​សញ្ញា​ដទៃ​ទៀត​ដូច​ជា​ចង្អោរ ក្អួត និង​ហើមពោះ យើង​អាច​នឹង​មិនសូវ​ញ៉ាំ​ញឹកញាប់​ដូច​មុន ព្រមទាំង​ស្រក​ទម្ងន់​ដោយ​មិន​ចាំបាច់​ខំប្រឹង​។ រោគ​សញ្ញា​មួយ​នេះ ជា​រោគ​សញ្ញា​ដ៏​គួរ​ឲ្យ​បារម្ភ​បំផុត​។
 
៦. ឈាម​ក្នុង​លាមក ឬ​កម្អួត
រោគ​សញ្ញា​នេះ មិនសូវ​កើតឡើង​ញឹកញាប់​ប៉ុន្មាន​ទេ ប៉ុន្តែ​វា​អាច​នឹង​កើតឡើង​នៅ​ពេល​ដែល​យើង​បាត់បង់​ឈាម​ច្រើន​។ យើង​អាច​សង្កេត​ឃើញ​ការ​ប្រែប្រួល​នៅ​ក្នុង​លាមក ក៏​ដូច​ជាលា​មក​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​។ ប៉ុន្តែ ក្នុង​ករណី​ដែល​ចេញ​ឈាម​យឺត គ្នា​យើង​អាច​នឹង​ពិបាក​កត់សម្គាល់​ឃើញ​ពី​ការ​ប្រែប្រួល​ណាមួយ​នៅ​ក្នុង​លាមក​។
 
៧. មាន​អារម្មណ៍​ឆ្អែត
យើង​នឹង​មាន​អារម្មណ៍​ថា​ឆ្អែត បើ​ទោះបីជា​យើង​ញ៉ាំ​អាហារ​តិចតួច​ក៏​ដោយ​។ មួយវិញទៀត យើង​ប្រហែលជា​អាច​ញ៉ាំ​ត្រឹមតែ​២០%​នៃ​បរិមាណ​អាហារ​ដែល​យើង​ធ្លាប់​ញ៉ាំ​ប៉ុណ្ណោះ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com