RFI
អន្តរជាតិ
ហ្វីលីពីន និង វៀតណាម ចាប់ដៃសហការគ្នាទប់ទល់នឹង ចិន ​ក្នុងបញ្ហាសមុទ្រចិនខាងត្បូង
31, Jan 2024 , 6:59 pm        
រូបភាព
ថ្នាក់ដឹកនាំហ្វីលីពីន លោកប្រធានាធិបតី​ ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ ​ជួប​ថ្នាក់ដឹកនាំ​វៀតណាម នៅហាណូយ ថ្ងៃទី៣០ មករា ២០២៤។​ AP - Hoang Thong Nhat
ថ្នាក់ដឹកនាំហ្វីលីពីន លោកប្រធានាធិបតី​ ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ ​ជួប​ថ្នាក់ដឹកនាំ​វៀតណាម នៅហាណូយ ថ្ងៃទី៣០ មករា ២០២៤។​ AP - Hoang Thong Nhat
ដោយ៖ ហេង ឧត្តម/RFI
 
ប្រឈមនឹង​ស្ថានការណ៍​​​កាន់តែ​តានតឹងខ្លាំងចំពោះមុខ​​មហាយក្សចិន, ​  ​វៀតណាម ​និង ហ្វីលីពីន បាន​ចាប់ដៃ​សហការ​គ្នា​ ក្នុង​សំណុំបញ្ហា​ជម្លោះ​​សមុទ្រ​ចិន​ខាង​ត្បូង។ រដ្ឋាភិបា​លទី​ក្រុង​ហាណូយ និង​ម៉ានីល បាន​ប្រកាស​ចុះ​អនុស្សារណៈយោគយល់​គ្នាមួយ​ នៅថ្ងៃទី៣០មករា ដើម្បី​ដោះដូរ​ព័ត៌មាន​បន្ទាន់​ និង​អនុញ្ញាត​ឲ្យ​​ឆ្មាំ​​សមុទ្រ​ធ្វើការ​រួម​គ្នា សម្រាប់​ឆ្លើយ​តប​នឹង​បញ្ហា​ចំពោះមុខ។​ ការ​ចុះ​កិច្ច​ព្រម​ព្រៀង​​នេះ ធ្វើឡើង​នៅក្នុង​ដំណើរទស្សនកិច្ច​ផ្លូវ​ការ ចំនួន២ថ្ងៃ របស់​ប្រធានាធិបតី​​ហ្វីលីពីន ​​នៅប្រទេស​​វៀតណាម។



ក្នុង​ដំណើរទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅវៀតណាម ​ប្រធានាធិបតី​ហ្វីលីពីន  ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ មានប្រសាសន៍គូស​បញ្ជាក់ថា កិច្ចព្រ​មព្រៀង​​ ស្តីអំពី កិច្ចសហប្រតិបត្តិការ​ផ្លូវ​សមុទ្រ ​រវាង​វៀតណាម​និង​ហ្វីលីពីន ​ឈរ​នៅលើ​ស្មារតី​ពង្រឹង​ការ​យោគយល់​គ្នា ពង្រីក​ភាព​ជឿជាក់រួម​​​ទាំង២ភាគី ហើយបង្កើតទំនុក​ទុក​ចិត្ត​គ្នាឲ្យ​កាន់​តែខ្លាំង​​​។​
 
ការ​ចុះកិច្ច​ព្រមព្រៀង​សហការគ្នា​នេះ បន្ទាប់ពី ហ្វីលីពីន បាន​ជួប​ប្រឈមនឹង​ស្ថានការណ៍​​​កាន់តែ​តានតឹងខ្លាំងចំពោះមុខ​​មហាយក្សចិន។ ​​ភាព​តាន​តឹង​ខ្លាំង រវាង ហ្វីលីពីន​ និង​​ចិន​ ឈាន​រហូត​ដល់​​​ប៉ះទង្គិចគ្នានៅលើសមុទ្រ​ទៀត​ផង នា​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ នេះក៏ព្រោះតែ ចិន ពឺតប្រឹង​ធ្វើ​សមយុទ្ធយោធា​​កាន់តែច្រើនឡើងៗ ហើយ​នាវា​​​ចិន និង ទូកនេសាទចិន​ ក៏បាន​​ឆ្លង​ចូល​ដែនសមុទ្រ​​ដែល​ហ្វីលី​ពីន​អះអាង​ថា​កម្មសិទ្ធិ​ជារបស់ខ្លួន។  ពី​ចំណែកខ្លួន​ ហ្វីលីពីន ក៏​បាន​ធ្វើ​សម​យុទ្ធ​យោធា​ជើង​ទឹក ជាមួយ​សហរដ្ឋអាមេរិក​ ក៏​ច្រើន​ខ្លាំងដែរ ហើយពេលកន្លងទៅ ហ្វីលីពីន ក៏​​ថែមទាំង​អនុញ្ញាត​ឲ្យ​យោធា​អាមេរិក ដាក់​មូលដ្ឋាន​ទ័ព​នៅលើទឹកដី​របស់ខ្លួន​ទៀត​ផង​។
 
ហ្វីលីពីនប្រជាធិបតេយ្យ និង វៀតណាម​កុម្មុយនិស្ត​សង្គមនិយម សុទ្ធតែជា​សម្ព័ន្ធ​មិត្ត​របស់​សហ​រដ្ឋអា​មេរិក។ ប្រទេស​ទាំងនេះ​​មាន​សត្រូវ​រួមគ្នា​។ ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាង​ត្បូង វៀតណាម មាន​ជម្លោះ​ជាមួយ ​ចិន ត្រង់​ប្រជុំកោះ​ប៉ារ៉ាសែលស៍ (Paracels)។ ចំណែក​ ហ្វីលីពីន ឈ្លោះ​គ្នា​ជាមួយ​នឹង ចិន ​ត្រង់​ប្រជុំ​កោះ ស្ព្រាតឡេស៍ (Sprathleys)។ នៅ​តំបន់អាស៊ីអាគ្នេយ៍ ក្រៅពី វៀតណាម និង ហ្វីលីពីន គឺ​នៅ​មានប្រទេស​ ម៉ាឡេស៊ី ព្រុយណេ និង​ឥណ្ឌូណេស៊ី​ ​ក៏​​កំពុងតែមាន​ជម្លោះ​ទាស់ទែង​ដណ្តើម ​ដែន​ទឹក ​និង ដីកោះ ជាមួយមហាយក្ស ​ចិន​។​
 
គួរ​ជ្រាបដែរថា ក្នុង​ដំណើរទស្សនកិច្ច​​ផ្លូវការ ចំនួន​២ថ្ងៃ របស់​ប្រធានាធិបតី​​ហ្វីលីពីន លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ ​​នៅប្រទេស​​វៀតណាម ​ក្រៅតែ​ពី​​​ចុះ​កិច្ច​ព្រម​ព្រៀងសហការរួមគ្នាក្នុង​សំណុំរឿង​សមុទ្រ​ចិន ថ្នាក់ដឹកនាំ​ទាំង២ប្រទេស ក៏បាន​​ចុះកិច្ចព្រមព្រៀង​ខាង​ពាណិជ្ជកម្ម​ដែរ។ វៀតណាម​ ជាប្រទេស​នាំចេញ​គ្រាប់​ធញ្ញជាតិ​ លំដាប់​ទី១ច្រើន​ជាងគេ ចូល​ទៅ ​ហ្វីលីពីន ហើយ​ចាប់ពីពេលនេះ​ដល់​៥ឆ្នាំខាងមុខ វៀតណាម​ ទទួល​កិច្ចសន្យា​ថា​នឹង​នាំចេញ​ ​អង្ករ​ ចំនួន ២ លាន​តោន ទៅ​ ហ្វីលីពីន​។ ហ្វីលីពីន​ ​ក៏សង្ឃឹម​ថា​នឹង​ចូលរួម​រកស៊ី​ជាមួយ​វៀតណាម នៅក្នុង​ការ​ផលិត​អាគុយ​ឡានអគ្គិសនី​​៕

© រក្សាសិទ្ធិដោយ thmeythmey.com