កីឡាអន្តរជាតិ
អន្តរជាតិ
អបអរក្បាច់ Ronaldo ចំពោះមុខ Inter Miami! កីឡាករ Michael ថាគ្មានបំណងឌឺដង ​Messi
31, Jan 2024 , 4:39 pm        
រូបភាព
កីឡាករ Michael ដែលស៊ុតបាល់បញ្ចូលទីជួយ Al Hilal ឈ្នះ Inter Miami បានប្រើក្បាច់អបអរគ្រាប់បាល់របស់ Cristiano Ronaldo ក្នុងការប្រកួតមិត្តភាព Riyadh Season Cup 2024។ ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ គ្មានបំណងឌឺដងដាក់ Lionel Messi នោះឡើយ ខណៈខ្លួនបានចាត់ទុកប្រធានក្រុមអាហ្សង់ទីនជាកីឡាករដ៏គួរឱ្យគោរពបំផុត។



Inter Miami រងបរាជ័យសារជាថ្មីនៅក្នុងការប្រកួតពានរង្វាន់មិត្តភាព ក្រោមថ្វីជើងក្រុម Al Hilal ដែលឈរកំពុងឈរកំពូលតារាងក្របខណ្ឌ Saudi Pro League ក្នុងលទ្ធផល ៤-៣ នាថ្ងៃទី៣០ ខែមករា។ Inter Miami ឆ្លងកាត់ ៣ប្រកួតកម្តៅសាច់ដុំ មុនបើករដូវកាលថ្មីមិនសូវបានល្អឡើយ ដោយស្មើជម្រើសជាតិអែលសាល់វាឌ័រ ០-០ ចាញ់ FC Dallas ១-០ និងចាញ់ Al Hilal ៤-៣។
 
កីឡាករ Malcom អតីតមិត្តរួមក្រុមនៅ Barcelona ជាមួយ Messi ជាអ្នកតែតបាល់បញ្ចូលទីគ្រាប់ជ័យជម្នះសម្រាប់ Al Hilal នៅនាទី៨៨។ ការប្រកួតនោះ Messi រកបាន ១គ្រាប់ និងមិត្តរួមក្រុមដ៏ជិនស្និទ្ធិបំផុតកាលនៅ Barca កីឡាករ Luis Suarez ក៏រកបានគ្រាប់បាល់ដំបូងសម្រាប់ Miami ផងដែរ។
 
វត្តមានរបស់ប្រធានក្រុម វ័យ៣៦ឆ្នាំ នៅតែជាការរំឮកដល់ការប្រកួតប្រជែងរវាងរូបគេទល់នឹងខ្សែប្រយុទ្ធ Cristiano Ronaldo ដោយខ្សែប្រយុទ្ធ Michael ដែលស៊ុតបាល់បញ្ចូលទីគ្រាប់ទី៣ នាំមុខ ៣-១ លើ Miami បានអបអរការស៊ុតបាល់ដោយប្រើក្បាច់របស់តារាបាល់ទាត់ព័រទុយហ្កាល់វ័យ ៣៨ឆ្នាំ។ ការប្រើក្បាច់អបអរនោះ ក្លាយជារឿងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។
 
ទោះបង្ហាញអាកប្បកិរិយាជាក់ស្តែងរំឮក​ពីកីឡាករ Ronaldo ដែលកំពុងប្រកបអាជីពក្នុងប្រទេសអារ៉ាប៊ីសាអូឌីតក៏ដោយ តែកីឡាករ Michael ក៏នៅតែសរសើរ Messi យ៉ាងខ្លាំងបន្ទាប់ពីការប្រកួត ហើយកីឡាករប្រេស៊ីលរូបនេះបង្ហាញពីជំហរគ្មានបំណងចង់ឌឺដងអ្វីឡើយ។
 
«ខ្ញុំសូមអរគុណអ្នកទាំងអស់ដែលចូលរួមក្នុងការប្រកួត Riyadh Season Cup ដែលអនុញ្ញាតឱ្យយើងជួបជាមួយនឹងកីឡាករល្អបំផុតលើលោកដូច Messi។ ខ្ញុំគ្មានតម្លៃអ្វីអាចប្រៀបផ្ទឹមជាមួយ Messi ឡើយ ហើយខ្ញុំតែងតែគោរពដល់ Messi និងស្រលាញ់គាត់ខ្លាំងបំផុត។»។ នេះបើតាមការបកស្រាយរបស់កីឡាករ Michael ទៅកាន់អ្នកកាសែតក្រោយចប់ការប្រកួត។
 
ការលើកឡើងរបស់ ​Michael បង្ហាញថារូបគេគ្មានបំណងចង់ឌឺដងទៅកាន់ Lionel Messi ឡើយ ទោះជាក្រុមរបស់គេប្រកួតឈ្នះលើ Inter Miami យ៉ាងណាក៏ដោយ។
 
បន្ទាប់ពីចាញ់ Al Hilal រួច ក្រុម Inter Miami នឹងត្រូវបន្តជួបក្រុម Al Nassr របស់ខ្សែប្រយុទ្ធ Cristiano Ronaldo នៅថ្ងៃទី១ ខែកុម្ភៈ ជាការប្រកួតដែលអ្នកគាំទ្រកីឡាបាល់ទាត់ជុំវិញពិភពលោកទន្ទឹងរង់ចាំខ្លាំងបំផុត ព្រោះតែគូប្រជែងទាំង ២ វិលមកប៉ះគ្នាសារជាថ្មី៕

Tag:
 Cristiano Ronaldo
  Inter Miami
  Al Hilal
© រក្សាសិទ្ធិដោយ thmeythmey.com