អន្តរជាតិ
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ត្រូវបន្ថយទោសជាប់ពន្ធនាគារពី១២ឆ្នាំ មក៦ឆ្នាំ
31, Jan 2024 , 5:12 pm        
រូបភាព
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់។ រូបភាព AFP
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់។ រូបភាព AFP
អតីតនាយករដ្ឋមន្រ្តី ណាជីប រ៉ាហ្សាក់ ត្រូវបានមហាក្សត្រម៉ាឡេស៊ី កាត់បន្ថយទោសជាប់ពន្ធនាគារពី១២ឆ្នាំ មក ៦ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ម៉ាឡេស៊ីប្រាប់ទូរទស្សន៍ CNA ចុះផ្សាយនៅថ្ងៃទី៣១ ខែមករា។ លោក ណាជីប អាចជាប់ពន្ធនាគារដល់ឆ្នាំ២០២៨ ប៉ុន្តែលោកអាចមានសេរីភាពនៅឆ្នាំ២០២៦ បើត្រូវបានលើកលែងទោសមួយលើកទៀត ដោយសារតែកាយវិការល្អ និងអនុវត្តទោសបាន២ភាគ៣។

 
នៅក្នុងឆ្នាំ២០២២ អតីតនាយករដ្ឋមន្រ្តី ណាជីប រ៉ាហ្សាក់ បានចាប់ផ្តើមអនុវត្តទោសជាប់ពន្ធនាគាររបស់ខ្លួន បន្ទាប់ពីបរាជ័យលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមរបស់តុលាការម៉ាឡេស៊ី។ តុលាការម៉ាឡេស៊ី បានចេញសាលក្រមរបស់ខ្លួន នៅក្នុងឆ្នាំ២០២០ ដោយសម្រេចឱ្យលោក ណាជីប ជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ និងពិន័យជាប្រាក់ ៤៤លានដុល្លារ។
 
កាលនោះ អតីតនាយករដ្ឋមន្រ្តីរូបនេះ ត្រូវបានតុលាការចោទពីបទផ្ទេរប្រាក់ពីក្រុមហ៊ុន SRC International ដែលជាផ្នែកមួយនៃមូលនិធិ1MDB ទៅគណនីផ្ទាល់ខ្លួន នៅក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥, ការបំពានទំនុកចិត្ត, លាងលុយកខ្វក់ និងរំលោភអំណាចជាដើម។
 
ក្រោយអនុវត្តទោសជាប់ពន្ធនាគារបានរយៈពេលតិចជាង ២ឆ្នាំ មហាក្សត្រម៉ាឡេស៊ី Sultan Abdullah Ri’ayatuddin បានសម្រេចកាត់បន្ថយទោសពី ១២ឆ្នាំ ទៅ៦ឆ្នាំ។ ការកាត់បន្ថយទោសនេះ ធ្វើឡើងមុនពេលស្តេច Sultan Abdullah Ri’ayatuddin ដាក់រាជ្យនៅថ្ងៃទី៣១ ខែមករា ដោយស្តេច Sultan Ibrahim Sultan Iskandar ស្នងតំណែងបន្ត។ 
 
មិនត្រឹមតែទោសជាប់ពន្ធនាគារនោះទេ ការពិន័យជាប្រាក់ក៏ត្រូវបានកាត់បន្ថយដែរ ប៉ុន្តែមិនមានទិន្នន័យជាក់លាក់ឡើយ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNA។ 
 
ផ្អែកតាមការបន្ធូរបន្ថយទោសនេះ លោកណាជីប អាចជាប់ពន្ធនាគាររហូតដល់ឆ្នាំ២០២៨។ យ៉ាងណាមិញ លោកអាចទទួលបានសេរីភាពត្រឹមឆ្នាំ២០២៦ ប្រសិនបើមានការលើកលែងទោសដោយសារតែកាយវិការល្អ បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល ២ភាគ៣។ 
 
ព័ត៌មានលើកលែងទោសលើអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីរូបនេះ កើតមានបន្ទាប់ពី លោកស្រី Zaliha Mustafa រដ្ឋមន្រ្តីក្នុងនាយកដ្ឋាននាយករដ្ឋមន្រ្តី បានអះអាងថា មានកិច្ចប្រជុំស្តីពីការលើកលែងទោសនៅថ្ងៃទី២៩ ខែមករា កន្លងមក។ រដ្ឋមន្រ្តីរូបនេះ ក៏បានបញ្ជាក់ផងដែរថា សេចក្តីប្រកាសផ្លូវការស្តីពីការលើកលែងទោសលើអតីតប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី ដែលចូលកាន់តំណែងនៅក្នុងឆ្នាំ២០០៩ និងចាកចេញពីតួនាទីក្នុងឆ្នាំ២០១៨ ដោយសាររឿងអាស្រូវ មូលនិធិ1MDB នឹងមាននៅពេលខាងមុខ៕ 
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com