សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
IMF ៖ សេដ្ឋកិច្ចពិភពលោក នៅឆ្ងាយពីការធ្លាក់ចូលវិបត្តិ
31, Jan 2024 , 9:59 pm        
រូបភាព
អ្នកទេសចរទៅទស្សនាតំបន់ Bund នៅភាគខាងកើតទីក្រុងសៀងហៃ។ រូបភាព ៖ Xinhua
អ្នកទេសចរទៅទស្សនាតំបន់ Bund នៅភាគខាងកើតទីក្រុងសៀងហៃ។ រូបភាព ៖ Xinhua
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ ដោយសារការកើនឡើងនៃការប្រើប្រាស់ ការងារ និងខ្សែច្រវាក់ផ្គត់ផ្គង់។

 
នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចសកលដែលបានចេញផ្សាយនៅថ្ងៃទី៣០ ខែមករា IMF ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកអាចកើនឡើង ៣,១ភាគរយក្នុងឆ្នាំ២០២៤ ដែលបន្ថែម ០,២ភាគរយបើធៀបនឹងការព្យាករដែលបានធ្វើឡើងក្នុងខែតុលា ឆ្នាំ២០២៣។ 
 
ការព្យាករសម្រាប់ឆ្នាំ២០២៥ មិនផ្លាស់ប្តូរទេគឺនៅអត្រា ៣,២ភាគរយ។ យ៉ាងណា កំណើននេះនៅតែទាបជាងកំណើនមធ្យមចន្លោះឆ្នាំ ២០០០-២០១៩ ដែលមានអត្រា ៣,៨ភាគរយ។
 
ទន្ទឹមនេះ ទំហំពាណិជ្ជកម្មសកលត្រូវបានព្យាករថានឹងកើនឡើង ៣,៣ភាគរយនៅឆ្នាំនេះ និង ៣,៦ភាគរយក្នុងឆ្នាំ ២០២៥។ កម្រិតទាំងពីរនេះគឺទាបជាងកម្រិតមធ្យម ៤,៩ភាគរយ ដោយសារវាសម្ពាធពីរបាំងពាណិជ្ជកម្មថ្មីដែលដាក់នៅទូទាំងពិភពលោក។
 
របាយការណ៍ IMF ដដែលបានលើកឡើងថា ទស្សនវិស័យពិភពលោកមានភាពប្រសើរឡើង ដោយសារការកើនឡើងនៃការចំណាយសាធារណៈ ឯកជន និងអត្រាចូលរួមកម្លាំងពលកម្មកើនឡើង។ ចំណែកខ្សែច្រវាក់ផ្គត់ផ្គង់បានងើបឡើងវិញជាបណ្តើរៗ ហើយតម្លៃថាមពល និងទំនិញក៏កើនឡើងផងដែរ។
 
យ៉ាងមិញ IMF ក៏បានព្រមានថា ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅតែមាន។ ភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា និងការវាយប្រហារនៅសមុទ្រក្រហមអាចរំខានដល់តម្លៃទំនិញ និងខ្សែច្រវាក់​ផ្គត់ផ្គង់។ លើសពីនេះ ប្រទេសដែលពន្យារពេលការប្រកាសគោលនយោបាយបង្រួបបង្រួមសារពើពន្ធ ក្នុងបរិបទនៃការបោះឆ្នោតសំខាន់ៗជាច្រើននៅឆ្នាំនេះ អាចជំរុញសកម្មភាពសេដ្ឋកិច្ច ប៉ុន្តែក៏អាចបង្កើនអតិផរណាផងដែរ។
 
IMF រក្សាការព្យាករអតិផរណាពិភពលោកនៅឆ្នាំនេះត្រឹមកម្រិត ៥,៨ភាគរយ ហើយកាត់បន្ថយវាមកត្រឹម ៤,៤ភាគរយនៅឆ្នាំ ២០២៥។ ជារួមអតិផរណានៅជុំវិញពិភពលោកនឹងធ្លាក់ចុះ លើកលែងតែអាហ្សង់ទីន។
 
អាម៉េរិក និងចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក បានបង្កើនការព្យាករកំណើនរបស់ពួកគេនៅឆ្នាំនេះ។ កំណើន GDP របស់អាម៉េរិកត្រូវបានរំពឹងថានឹងកើនឡើង ២,១ភាគរយនៅឆ្នាំ ២០២៤ ដោយសារការគាំទ្រពីការប្រើប្រាស់ និងគោលនយោបាយសារពើពន្ធ។ ចំណែក GDP របស់ចិនអាចកើនឡើង ៤,៦ភាគរយនៅឆ្នាំ២០២៤ ។ នេះឆ្លុះបញ្ចាំងពីការគាំទ្រសារពើពន្ធពីរដ្ឋាភិបាលចិន និងផលប៉ះពាល់តិចតួចជាងការរំពឹងទុកនៃវិបត្តិអចលនទ្រព្យលើកំណើនសេដ្ឋកិច្ច៕ 

Tag:
 សេដ្ឋកិច្ច ​
  ពិភពលោក
  IMF
© រក្សាសិទ្ធិដោយ thmeythmey.com