កីឡាអន្តរជាតិ
អន្តរជាតិ
Neymar ឆ្លើយតបការរិះគន់ ដែលថាខ្លួនឡើងទម្ងន់ខ្លាំងអំឡុងព្យាបាលរបួសនៅផ្ទះ
01, Feb 2024 , 9:52 am        
រូបភាព
ខ្សែប្រយុទ្ធ Neymar Jr បានបង្ហោះវីដេអូនៅលើបណ្តាញសង្គម Instagram បង្ហាញអំពីរូបរាងបច្ចុប្បន្នរបស់គេ ដើម្បីឆ្លើយតបទៅកាន់ការរិះគន់ ដែលបានថាគេឡើងទម្ងន់ខ្លាំងអំឡុងសម្រាកព្យាបាលរបួសសរសៃពួរ ACL នៅឯផ្ទះក្នុងប្រទេសប្រេស៊ីល។



តារាបាល់ទាត់សញ្ជាតិប្រេស៊ីល ដែលផ្ទេរទៅកាន់ក្រុម Al Hilal កាលពីទីផ្សារដោះដូរដើមរដូវកាល ២០២៣​-២៤ រូបគេបានរងរបួសដាច់សរសៃ ACL និងជង្គង់ អំឡុងការបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិប្រេស៊ីល ក្នុងការប្រកួតជម្រុះ World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង។ ការរងរបួសកើតឡើងក្រោយពេល Neymar បង្ហាញខ្លួនបានត្រឹម ៥លើក ជាមួយក្លិប Al Hilal។
 
កាលពីពេលថ្មីៗនេះ រូបភាពមួយត្រូវបានបង្ហោះនៅលើបណ្តាញសង្គមដោយបង្ហាញថា Neymar Jr ហាក់មានការឡើងទម្ងន់យ៉ាងខ្លាំងអំឡុងពេលសម្រាកព្យាបាលរបួស។

តែយ៉ាងណា កីឡាករវ័យ ៣១ឆ្នាំ បានឆ្លើយតបវិញ ដោយការបង្ហោះវីដេអូនៅលើបណ្តាញសង្គម Instagram បញ្ជាក់ពីរូបរាងគេផ្ទាល់។
  

 
​Neymar ក៏បានអះអាងក្នុងវីដេអូនោះដូច្នេះថា៖«មិនអីនោះទេ លើសទម្ងន់! ប៉ុន្តែពិតជាធាត់មែន? ខ្ញុំមិនគិតដូច្នេះទេ ហើយវីដេអូនេះសម្រាប់អ្នកស្អប់ខ្ញុំ អ្នកគួរតែបោះបង់ការគិតចោលនោះទៅ។»។
 
​កាលពីខែធ្នូ ឆ្នាំ ២០២៣ វិជ្ជបណ្ឌិតប្រចាំក្រុមជម្រើសជាតិប្រេស៊ីលលោក Rodrigo Lasmar បានបញ្ជាក់ថាកីឡាករដែលស៊ុតបាល់ឱ្យប្រេស៊ីលច្រើនជាងគេ កំពុងតែសម្រាកព្យាបាល ដោយមិនអាចបញ្ជាក់ពីពេលវេលាវិលត្រឡប់បានច្បាស់លាស់ឡើយ។
 
ជាលទ្ធផលបញ្ហារបួស បានរុញច្រានក្លិប Al Hilal សម្រេចចិត្តដកឈ្មោះអតីតកីឡាករក្រុម ​Paris Saint Germain ចេញពីបញ្ជីកីឡាកររបស់ក្រុម ហើយការវិលត្រឡប់របស់គេអាចនឹងនៅចុងបញ្ចប់រដូវកាលបន្ថែមទៀតផងដែរ។ Neymar មានកិច្ចសន្យាជាមួយនឹងក្រុម Al Hilal ដល់ឆ្នាំ ២០២៥៕

Tag:
 Neymar Jr
  Al Hilal
© រក្សាសិទ្ធិដោយ thmeythmey.com