កីឡាជាតិ
ជាតិ
សង្គ្រោះបាល់១១ម៉ែត្រ២លើក អ្នកចាំទី ឡាយ​ អៀងលី​ ក្លាយជាវីរបុរសជួយគិរីវង់ឈ្នះទ័ពឡើងវគ្គ៨ក្រុម Hun Sen Cup
01, Feb 2024 , 10:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុក Hun Sen Cup
រូបភាពពីហ្វេសប៊ុក Hun Sen Cup
អ្នកចាំទី ឡាយ​ អៀងលី ក្លាយជាកីឡាករល្អប្រចាំការប្រកួត ក្រោយសង្គ្រោះបាល់ប៉េណាល់ទី២គ្រាប់ ជួយគិរីវង់សុខសែនជ័យ ឈ្នះ កងយោធពលខេមរភូមិន្ទ ដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេច ហ៊ុន សែន Hun Sen Cup រដូវកាល ២០២៣-២៤។ លោក សាប៊ូន វិនតា សរសើរ អៀងលី ជាអ្នកចាំទីវ័យក្មេងមានទេពកោសល្យ និងចាត់ទុកជ័យជម្នះរបស់គិរីវង់ មិនមែនកើតឡើងដោយចៃដន្យ និងសំណាងនោះទេ។



នាជំនួបវគ្គ១៦ក្រុម ជើងទី២ នៅថ្ងៃទី៣១ ខែមករា នៅកីឡដ្ឋានស្ថាតចាស់ ក្រុមភ្ញៀវគិរីវង់ បានបើកការវាយសម្រុកលើក្រុមម្ចាស់ផ្ទះទ័ពជាបន្តបន្ទាប់រហូតធ្វើបានសម្រេចគ្រាប់បាល់នាំមុខនៅនាទី៣៧ តាមរយៈខ្សែប្រយុទ្ធ ឃាន់ សុបិន។ មុនបញ្ចប់វគ្គទី១ កីឡាជប៉ុន Reiya Konishita មានឱកាសតាមស្មើឱ្យក្រុមទ័ព ប៉ុន្តែធ្វើមិនបានសម្រេច ក្រោយស៊ុតប៉ះបង្គោលទី។
 
ឈានដល់វគ្គទី២ ស្របពេលការប្រកួតដំណើរបាន៦នាទី ខ្សែការពារទ័ព កីឡាករយ៉ង់ ភូមិន្ទ បានធ្វើឱ្យបាល់ចូលទីខ្លួនឯង ក្រោយបញ្ជូនបាល់ទៅអ្នកចាំទី ប៉ុន្តែអ្នកចាំទី អ៊ុំ សិរីរត្ន ទប់មិនជាប់។
 
យ៉ាងណាក៏ដោយ នៅនាទី៩០+៥ ទៅហើយកីឡាករ OSEMAR BALANGA AGOSTINHO រកបាន១គ្រាប់វិញ ដើម្បីជួយក្រុមទ័ពដែលដឹកនាំដោយគ្រូបង្វឹក ភា សុភក្ត្រា តាមបានលទ្ធផល ២-១ វិញ។ តាមរយៈលទ្ធផលជើងទីពីរ ដែលគិរីវង់ ឈ្នះទ័ព ២-១ ហើយកាលពីជើងទី១ ទ័ពបានយកឈ្នះ ៣-២ ដូច្នេះក្រុមទាំងពីរមានលទ្ធផលគ្រាប់បាល់ស្មើគ្នាទាំងពីរជើង ៤-៤ ត្រូវបន្តទៅកាន់វគ្គកាត់ក្តីប៉េណាល់ទី។
 
វគ្គទាត់បាល់១១ម៉ែត្រ អ្នកចាំទី វ័យ២២ឆ្នាំ ឡាយ​ អៀងលី បានបង្ហាញទេពកោសល្យសង្គ្រោះបាល់យ៉ាងលេចធ្លោដល់ទៅពីរលើក តាមរយៈការស៊ុតរបស់ យង់ ភូមិន្ទ និង ជឿន ណាចា ដើម្បីជួយគិរីវង់ ឈ្នះទ័ព ៤-២។ ២គ្រាប់របស់ទ័ពសម្រេចបានដោយ ញាណ សុស៊ីដាន និង Reiya Konishita ឯ៤ក្រាប់របស់គិរីវង់ ធ្វើបានដោយ អ៊ាន ពិសី ស៊ុំ សាន់ ជូ ហាវ និង ENGEG NEVILLE MBANWEI។
 
ឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ ពានសម្តេច ហ៊ុន សែន លើកទី១៧ គ្រូបង្វឹកគិរីវង់ លោក សាប៊ូន វិនតា លើកសរសើរអ្នកចាំទី ឡាយ​ អៀង ជួយក្រុមសម្រេចផែនការទី២តាមរយៈការឆ្លងផុតវគ្គ១៦ក្រុម និងចាត់ទុកជ័យជម្នះនេះមិនមែនកើតឡើងដោយសំណាងនោះឡើយ។
 
«ឡាយ​ អៀងលី ជាអ្នកចាំទីមានទេពកោសល្យជំនាញបាល់១១ម៉ែត្រ នៅក្នុងក្រុមរបស់យើងទើបផែនការទី២របស់យើងទទួលបានជោគជ័យ ហើយនេះមិនមែនជារឿងចៃដន្យ និងសំណាងនោះទេ»។ លោក វិនតា បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួន ក្រោយចប់ការប្រកួត។
 
លទ្ធផលប្រកួតគូដទៃទៀតនៅជើងទី២ វគ្គ១៦ក្រុម បឹងកេត ឈ្នះ សៀមរាប អេហ្វស៊ី ៤-០ (៦-១), ខេត្តព្រៃវែង ឈ្នះក្រសួងមហាផ្ទៃ ២-០ (២-១), ណាហ្គាវើលដ៍ ឈ្នះអង្គរថាយហ្គឺរ ១-០ (៦-១)។
៨ក្រុមដែលឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ Hun Sen Cup មាន វិសាខា ភ្នំពេញក្រោន ស្វាយរៀង អាយ អេស អាយ ដង្កោសែនជ័យ បឹងកេត ខេត្តព្រៃវែង ណាហ្គាវើលដ៍ និង គិរីវង់សុខសែនជ័យ៕

Tag:
 Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com