អន្តរជាតិ
អុីស្រាអែលទាមទារបិទអង្គការមនុស្សធម៌សម្រាប់ប៉ាឡេស្ទីន ព្រោះបុគ្គលិកពាក់ព័ន្ធហាម៉ាស
01, Feb 2024 , 2:08 pm        
រូបភាព
នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។ រូបភាព AFP
នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។ រូបភាព AFP
នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី៣១ ខែមករា បានទទូចឱ្យបិទទីភ្នាក់ងារមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីនចោល។​ អុីស្រាអែល បានចោទបុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះថា មានពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហាម៉ាស មកលើអុីស្រាអែល កាលពីខែតុលា។

 
នៅពេលថ្មីៗនេះ អុីស្រាអែល បានបញ្ចេញឯកសារមួយ ដោយចោទបុគ្គលិករបស់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ថាពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហាម៉ាស នៅថ្ងៃទី៧ ខែតុលា។ ទន្ទឹមនេះ អុីស្រាអែល បានចោទថា បុគ្គលិករបស់ UNRWA ចំនួន ២រូប បានចូលរួមក្នុងការចាប់ចំណាប់ខ្មាំងថែមទៀត។ 
 
បន្ទាប់ពីបញ្ចេញឯកសារខាងលើ អង្គការសហប្រជាជាតិ (UN) បានបណ្ដេញបុគ្គលិករបស់ខ្លួន ដែលរងការចោទប្រកាន់ចំនួន ៩នាក់ ក្នុងចំណោម ១២នាក់ ហើយថែមទាំងរិះគន់ថា បានប្រព្រឹត្តអំពើមិនសមរម្យថែមទៀត។ 
 
ទាក់ទិននឹងបញ្ហានេះ ប្រមុខរដ្ឋាភិបាលអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានជំរុញឱ្យបិទស្ថាប័ននេះចោលតែម្តង ឬជំនួយដោយទីភ្នាក់ងារផ្តល់ជំនួយថ្មី។ 
 
«វាដល់ពេលសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិយល់ថា បេសកកម្មរបស់ UNRWA ត្រូវតែបញ្ចប់»។ លោកណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់បែបនេះទៅកាន់តំណាងអង្គការសហប្រជាជាតិ នៅថ្ងៃទី៣១ ខែមករា ស្របពេលបណ្តាប្រទេសជាច្រើនរួមទាំងអាម៉េរិក បានប្រកាសពីផែនការព្យួរការបរិច្ចាគថវិការបស់ខ្លួន ទៅទីភ្នាក់ងារមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីន។  
 
មេដឹកនាំអុីស្រាអែលរូបនេះ បានបន្លុយថា ស្ថាប័ន UNRWA គួរតែជំនួសដោយទីភ្នាក់ងារផ្តល់ជំនួយថ្មីមួយទៀត ប្រសិនបើចង់ដោះស្រាយបញ្ហាកាហ្សា។ 
 
ក្រោយម្ចាស់ជំនួយប្រកាសផ្អាកផ្តល់ថវិកា ទីភ្នាក់ងារមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីន អាចផ្អាកប្រតិបត្តិការជាច្រើនសប្តាហ៍ ដោយសារគ្មានធនធានគ្រប់គ្រាន់។ 
 
មុនការជំរុញឱ្យបិទពីសំណាក់មេដឹកនាំអុីស្រាអែល អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានចាត់ទុក UNRWA ជាទីភ្នាក់ងារដ៏សំខាន់បំផុត ក្នុងការជួយកិច្ចការមនុស្សធម៌ទាំងអស់នៅក្នុងតំបន់កាហ្សា។ បន្ថែមពីនេះ ប្រមុខUN ក៏បានអំពាវនាវឱ្យប្រទេសម្ចាស់ជំនួយទាំងអស់ បរិច្ចាគធនធានឡើងវិញ ដើម្បីជួយសង្រ្គោះប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់កាហ្សាផងដែរ។ 
 
សូមបញ្ជាក់ថា ទីភ្នាក់ងារមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៤៩ ក្រោមបេសកកម្មផ្តល់ជំនួយ និងសេវារួមទាំងការអប់រំ ដល់ជនភៀសខ្លួនប៉ាឡេស្ទីន ដែលមានចាប់តាំងពីឆ្នាំ១៩៤៨ មក៕ 

Tag:
 អុីស្រាអែល
  ប៉ាឡេស្ទីន
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com