RFI
អន្តរជាតិ
ចិន​ ក្លាយ​ជាអ្នក​នាំ​ចេញរថយន្ត​លំដាប់​លេខ​១លើពិភពលោក
01, Feb 2024 , 6:59 pm        
រូបភាព
ឡាន​ចិន​នៅ​ក្រុង​ Chongqing ថត​នៅ​ខែតុលា ២០២៣។ AP
ឡាន​ចិន​នៅ​ក្រុង​ Chongqing ថត​នៅ​ខែតុលា ២០២៣។ AP
ដោយ៖ហេង ឧត្តម/RFI
 
ចិន​ វ៉ាដាច់​ ជប៉ុន ក្លាយ​ជាប្រទេស​អ្នក​នាំ​ចេញ​រថយន្ត​ច្រើន​ជាងគេលំដាប់​ទី១​ទៅកាន់​ពិភពលោក ក្នុង​ឆ្នាំ​២០២៣។​ នេះបើតាម​ សមាគមអ្នក​ផលិត​រថយន្ត​​ជប៉ុន​ ដែល​បានចេញ​​ផ្សាយ​ទិន្នន័យ នៅថ្ងៃពុធ ទី៣១ ខែមករា។ គួររំឭកថា ជប៉ុន ជា​ប្រទេស​អ្នក​ផលិត​រថយន្ត​សម្រាប់​នាំចេញ​ លំដាប់លេខ១ និងឈរឈ្មោះ​​ជា​ជើងឯក ច្រើន​ឆ្នាំជាប់គ្នា ​ តាំងតែ​ពីឆ្នាំ​២០១៧ រហូតមក។ ទើបតែ​នៅ​ឆ្នាំ២០២៣ ដំណែង​ជើងឯក​ផលិត​ ​រថយន្តនាំ​ចេញ ត្រូវ​ធ្លាក់​ទៅ​លើ​ ប្រទេស​ចិន​ វិញម្តង។



សមាគមអ្នក​ផលិត​រថយន្តចិន​ និង គយ​ចិន បាន​ប្រកាសអំពី​ដំណឹង​នេះ ​មួយ​រយៈ​មកហើយ។ ក៏ប៉ុន្តែ ទើបតែ​​ នៅ​ថ្ងៃ​ដាច់​​ខែមករានេះ ទើប​ សមាគមអ្នកផលិតរថយន្តជប៉ុន ប្រកាស​ទទួល​ស្គាល់​ការពិត​ ដោយ​បង្ហាញ​ទិន្នន័យប្រៀបធៀប​ផង។
 
បើ​តាម​​ទិន្នន័យផ្សាយ​ដោយ​សមាគមអ្ន​កផលិត​រថយន្ត​ទាំងពីរ​ប្រទេស ក្នុង​ឆ្នាំ២០២៣ គឺ​ ជប៉ុន បាន​នាំចេញ​រថយន្ត​ចំនួន ​៤,៤២ លាន​គ្រឿ​ង។​ ចំណែក​  ចិន ​បាន​នាំចេញ​រថយន្ត​ ចំនួន ​៤,៩១ លាន​គ្រឿង។ តែបើតាម​​គយ​ចិន ​​ចិន​នាំចេញ​រថយន្ត ច្រើន​ជាងនេះ រហូត​ដល់ ៥,២២ លានគ្រឿង​ឯណោះ។ នេះ​ជាទិន្នន័យ​ដែល ​គយ​ចិន ​ប្រកាស​​​ក្នុង​ខែ​មករា ​ឆ្នាំ​២០២៤​។​
 
​អ្ន​កជំនាញ​ពន្យល់ថា​ ទិន្នន័យ​នេះ សមហេតុផល។ សមហេតុផល​ ពី​ព្រោះថា ជប៉ុន​បាន​កែប្រែ​នយោបាយ​ផលិត​ ដោយផលិត​​បន្ថែម​គុណ​នឹង​ពីរ​ក្នុង​បណ្តា​រោងចក្រ​ជប៉ុន​នៅ​​បរទេស។ ចំណែកចិន​វិញ ចិន​ផលិតរថយន្ត​ច្រើន​​តែនៅក្នុងរោងចក្រ​ក្នុងស្រុក​ ហើយ​រោងចក្ររថយន្ត​​ចិន​នៅបរទេស គឺមិនសូវ​មាន​ទេ​​។
 
ទោះជា​យ៉ាងនេះក្តី​ លោក ទុយ លី នាយកសិក្សានៃ​​ស្ថាប័ន​ទីប្រឹក្សា​ផ្នែ​ករថយន្ត​  Sino Auto Insights បាន​ពញ្ញាក់​ស្មារតី​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អាអេហ្វប៉ថា មិនមែន​រាល់​តែ​រថយន្ត​ផលិត​នៅ​ស្រុក​ចិនសម្រាប់​នាំចេញ ជា​របស់​ក្រុម​ហ៊ុន​ចិនទាំងអស់​នោះ​​ទេ។ ដ្បិតថាមាន​ក្រុម​ហ៊ុន​បរទេស​ច្រើន​ណាស់​ ដែល​ផលិតរថយន្ត​នៅចិន។ នេះក៏ព្រោះតែ​ គុណភាពល្អ​ ​តម្លៃ​ថោក ថោក​ទាំង​តម្លៃលក់និងតម្លៃ​ផលិតកម្ម។​​
 
ម្យ៉ាងទៀត តាំងតែពី​ផ្ទុះ​សង្គ្រាម​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយ​ក្រែន​នៅឆ្នាំ២០២២​មក ជប៉ុន​បាន​បោះបង់​ទីផ្សារ​នាំចេញ​រថយន្តទៅរុស្ស៊ី ដើម្បីសម្តែង​សមាន​ចិត្ត​គាំទ្រ​អ៊ុយក្រែន​។ ផ្ទុយ​ទៅវិញ ចិន​បាន​សង្វាត​ឱកាស​នេះ ហើយ​និង​សម្រុក​នាំចេញ​រថយន្ត​កាន់តែច្រើន​ឡើងៗ​ទៅ​កាន់​ទីផ្សារ​រុស្ស៊ី និង​ម៉ិចស៊ិក​។​
 
ដោយឡែក ម៉ាក់រថយន្ត​នាំមុខ​គេ​របស់ចិន គឺ BYD ដែល​ល្បី​ខាង​ផលិត​រថយន្ត​អគ្គិសនី​។ ថ្នាក់ដឹកនាំ​ BYD បាន​ប្រកាស​កាល​ពីចុង​ខែ​ធ្នូ​កន្លង​ទៅ ថា​នឹង​ពង្រីក​បង្កើតរោង​ចក្រថែម​នៅបរទេស។ គឺ​​រោងចក្រ​មួយ​​ថែម នៅ​ ហុងគ្រី ដើម្បី​តម្រង់​គោលដៅ​ទីផ្សារ​អឺរ៉ុប​ ហើយ​ចិន​ក៏​មាន​គម្រោង​បង្កើន​រោងចក្រ​បន្ថែម នៅបណ្តា​ប្រទេស​​អាស៊ី​អាគ្នេយ៍ និង​នៅ​ប្រេស៊ីល​។
 
ជាការ​កត់​សម្គាល់ ចំពោះរថយន្ត​ដើរដោយ​ថាមពល​អគ្គិសនី​ ចិន​ផលិត​បាន​ច្រើន​ជាង​ជប៉ុន​និង​ច្រើន​ជាង​ប្រទេស​នៅ​អឺរ៉ុប​ទៅទៀត។ ការណ៍​នេះ ធ្វើ​ឲ្យ​​ អឺរ៉ុប​មិន​សប្បាយ​ចិត្ត ហើយ​និង​រិះគន់​ចិន​ខ្លាំង​។ អឺរ៉ុប​រិះគន់ចិន​ ក៏ព្រោះតែ រដ្ឋ​អំណាច​ចិន​បាន​ជួយ​ឧបត្ថម្ភធន​ដល់​វិស័យផលិត​​រថយន្ត​​​អគ្គិសនី ដែល​នាំឲ្យ​មាន​ការ​ប្រកួត​ប្រជែង មិន​ស្មោះត្រង់​៕

© រក្សាសិទ្ធិដោយ thmeythmey.com