សង្គមជាតិ
អន្តរជាតិ
FBI ព្រមានក្រុម Hacker ចិនកំពុងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធអាម៉េរិក
01, Feb 2024 , 4:59 pm        
រូបភាព
លោក Christopher Wray ប្រធាន FBI ។ រូបភាព ៖ AFP
លោក Christopher Wray ប្រធាន FBI ។ រូបភាព ៖ AFP
ហេដ្ឋារចនាសម្ព័ន្ធដូចជា រោងចក្រប្រព្រឹត្តិកម្មទឹក បណ្តាញអគ្គិសនី បំពង់បង្ហូរប្រេង និងឧស្ម័នធម្មជាតិ និងមជ្ឈមណ្ឌលដឹកជញ្ជូននៅអាម៉េរិក ស្ថិតនៅក្នុងចំណោមគោលដៅនៃការវាយប្រហារដោយក្រុម Hacker របស់ចិន។​ នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) បានព្រមានបែបនេះ។

 
ថ្លែងនៅចំពោះមុខគណៈកម្មាធិការសភាអាម៉េរិក នៅថ្ងៃទី៣១ ខែមករា​ នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) លោក Christopher Wray បានលើកឡើងថា ក្រុម Hacker ចិន កំពុងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អាម៉េរិក ហើយបានរៀបចំបង្កឱ្យប៉ះពាល់ជាក់ស្តែងដល់ប្រទេស។ 
 
បើតាមលោក​ Christopher Wray ហេដ្ឋារចនាសម្ព័ន្ធដូចជា រោងចក្រប្រព្រឹត្តិកម្មទឹក បណ្តាញអគ្គិសនី បំពង់បង្ហូរប្រេង និងឧស្ម័នធម្មជាតិ និងមជ្ឈមណ្ឌលដឹកជញ្ជូន ស្ថិតក្នុងចំណោមគោលដៅនៃការវាយប្រហាររបស់ពួក Hacker របស់ចិនដែលមានឈ្មោះថាក្រុម Volt Typhoon ។ ពេលនេះ FBI បានបង្អាក់លទ្ធភាពនៃការវាយប្រហាររបស់ក្រុមមួយនេះលើរ៉ោតទ័រចាស់ៗហើយ។ 
 
«ពួក Hacker ចិនកំពុងដាក់ទីតាំងហេដ្ឋារចនាសម្ព័ន្ធអាម៉េរិកក្នុងផែនការ ដើម្បីបំផ្លិចបំផ្លាញដល់ពលរដ្ឋ និងសហគមន៍អាម៉េរិក»។ ប្រមុខ FBI បានសង្កត់ធ្ងន់បែបនេះនៅចំពោះសមាជិកសភា ដោយបានបន្តថា ក្រុមHacker ចិន មិនត្រឹមតែផ្តោតលើគោលដៅនយោបាយ និងយោធាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ផ្តោតលើជនស៊ីវិល ដែលជាផ្នែកមួយនៃផែនការរបស់ពួកគេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
កាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុន Microsoft បានព្រមានថា ក្រុម Volt Typhoon កំពុងកំណត់គោលដៅលើទ្រព្យសម្បត្តិសាធារណៈមួយចំនួន រួមទាំងគណនីអ៊ីម៉ែលរបស់រដ្ឋាភិបាលផងដែរ។
 
នោះគឺជាលើកទីមួយហើយ ដែលសកម្មភាពវាយប្រហារតាមអ៊ីនធឺណិតរបស់ក្រុមនេះត្រូវបានកត់ត្រាជាសាធារណៈ។ លោក Wray បាននិយាយថា ក្រុមនេះបានដំឡើងមេរោគ និងបានគ្រប់គ្រងរ៉ោតទ័រចាស់ៗរាប់រយដែលភ្ជាប់ទៅប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។ បើតាមលោក Wray ឧបករណ៍ចាស់ៗ គឺងាយស្រួលក្នុងការវាយប្រហារ ដោយសារប្រព័ន្ធសុវត្ថិភាពខ្សោយ៕ 

Tag:
 Hacker
  FBI
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com