ជាតិ
ទិន្នផលស្រូវត្រយងកើនឡើង ដោយកសិករអាចបានចំណូលមធ្យមជាង៣លានរៀល
01, Feb 2024 , 8:59 pm        
រូបភាព
ភ្នំពេញ៖ ទិន្នផលស្រូវរបស់កសិករស្រូវត្រយង (IBIS RICE) បានកើនឡើងលើសពីការរំពឹងទុក ជាពិសេសស្រូវដែលបានលក់ចេញមានការកើនឡើងរហូតដល់៧៦ភាគរយ ធៀបនឹងឆ្នាំ២០២២។ កំណើននេះ បាននាំឱ្យកសិករ ដែលជាសមាជិកទទួលបានប្រាក់ចំណូលជាមធ្យមប្រមាណ ៣.៣លានរៀល ក្នុងមួយគ្រួសារ។



លោក កែវ សុជាតិ នាយកប្រតិបត្ដិនៃអង្គការសន្សំម្លប់ព្រៃ បានឱ្យដឹងថា ការលក់ចេញស្រូវទៅឱ្យក្រុមហ៊ុនអាយប៊ីសរ៉ាយស៍របស់កសិករ នៅឆ្នាំ២០២៣ មានការកើនឡើងខ្ពស់ និងអាចរកចំណូលបានពីការលក់ស្រូវសរីរាង្គកើនឡើងរហូតដល់១៤ភាគរយ ធៀបនឹងឆ្នាំ២០២២។ 
 
ស្រូវសរីរាង្គ មានតម្លៃចាប់ពី ១៨៥០រៀល រហូតដល់ ២០៥០រៀលក្នុង១គីឡូក្រាម ដែលតម្លៃនេះខ្ពស់ជាងទីផ្សារប្រមាណ៥៤ភាគរយ។ ក្រៅតែពីមានស្រូវសម្រាប់លក់ចេញក្នុងតម្លៃខ្ពស់ហើយ កសិករស្រូវត្រយងក៏មានស្រូវគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសាររបស់ពួកគេផងដែរ។ នេះបើតាមលោក កែវ សុជាតិ។
  


លោក ថ្លែងដូច្នេះថា៖«ក្នុងឆ្នាំ២០២៣នេះ ចំនួនកសិករដែលជាសមាជិកបានលក់ស្រូវទៅឱ្យក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ មានការកើនឡើងច្រើន ហើយប្រាក់ចំណូលពីការលក់ស្រូវសរីរាង្គក៏មានការកើនឡើងប្រមាណ១៤.៤ភាគរយដែរ បើធៀបនឹងឆ្នាំ២០២២។ ក្រៅពីមានស្រូវសម្រាប់លក់ចេញ ក្នុងតម្លៃខ្ពស់ហើយ កសិករក៏មានស្រូវគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសាររបស់ខ្លួនផងដែរ»។
 
នាពេលបច្ចុប្បន្ន គម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយង (IBIS Rice) បានអនុវត្ដន៍នៅក្នុងខេត្ដចំនួន៤ នៅក្នុងប្រទេសកម្ពុជា ដែលរួមមាន ខេត្ដព្រះវិហារ ខេត្ដស្ទឹងត្រែង ខេត្ដរតនគិរី និងខេត្ដមណ្ឌលគិរី ក្នុងនោះមានសមាជិកសរុបចំនួន ២៣៧១ គ្រួសារក្នុងឆ្នាំ២០២៣។
  


លោក កែវ សុជាតិ បានអះអាងថា ការអនុវត្តគម្រោងស្រូវត្រយងនេះ បានជួយលើកកម្ពស់ជីវភាព និងជំរុញអោយប្រជាកសិករដែលរស់នៅក្នុងដែន និងក្បែរតំបន់អភិរក្ស ចូលរួមក្នុងការការពារធនធានធម្មជាតិ តាមរយៈការធ្វើកសិកម្មតាមគោលការណ៍សរីរាង្គ ដែលមានទីផ្សារលក់ច្បាស់លាស់ នឹងតម្លៃខ្ពស់ និងគោរពតាមគោលការណ៍ការពារធនធានធម្មជាតិ និងសង្រ្គោះសត្វព្រៃ។ លើសពីនេះគម្រោងក៏បានជួយធានានូវសន្ដិសុខសុវត្ដិភាពស្បៀងអាហារក្នុងតំបនគោលដៅ និងជួយជីវភាពសមាជិកគ្រួសារដែលចូលគម្រោងផងដែរ។ 
 
គម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយង (IBIS Rice) ទទួលបានការគាំទ្រ និងសហការណ៍ដោយ ក្រសួងបរិស្ថាន USAID មរតកបៃតង, អង្គការសមាគមអភិរក្សសត្វព្រៃ (WCS), អង្គការអភិរក្សអន្ដរជាតិ (Conservation International), Critical Ecosystem Partnership Funds (CEPF),  ក្រុមហ៊ុន អាយប៊ីសរ៉ាយ៍ (IBIS Rice Conservation Company), គម្រោងរេដបូក កែវសីមា, Rising Phoenix និង អង្គការជិវិតធម្មជាតិនៅកម្ពុជា៕   

Tag:
 ស្រូវត្រយង
  ស្រូវសរីរាង្គ Ibis Rice
© រក្សាសិទ្ធិដោយ thmeythmey.com