ជាតិ
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ឈ្នះពាន ASEAN Digital Awards ឆ្នាំ២០២៤
01, Feb 2024 , 11:18 pm        
រូបភាព
ដោយ: រួបរួម
អភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រដ្ឋាភិបាល verify.gov.kh បានឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលរៀបចំនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំ រដ្ឋមន្ត្រី ឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital Ministers’ Meeting) ដោយមានការចូលរួមផងដែរពីភាគីនៃប្រទេសទីម័រខាងកើត កូរ៉េខាងត្បូង ចិន ឥណ្ឌា សហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តរជាតិ។

 
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍នាថ្ងៃទី១ ខែកុម្ភៈ ផលិតឌីជីថល សេវា និងកម្មវិធី (Digital Products, Services and Programs) ចំនួន១២៥ ពីបណ្តាសមាជិកអាស៊ានទាំង១០ បានចូលរួមប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ នេះ។
 
ឆ្លងកាត់វគ្គជម្រុះជាច្រើនលើក “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ជាបេក្ខភាពតំណាងរបស់ កម្ពុជាដែលឈានដល់វគ្គផ្តាច់ព្រ័ត្រ។ បន្ទាប់ពីការប្រកួតប្រជែងជាមួយបេក្ខភាពចុងក្រោយទាំងអស់ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ របស់រាជរដ្ឋាភិបាល verify.gov.kh” បានឈ្នះមេដាយមាស លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤។
 
បើតាម លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីប្រៃសណីយ៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នេះជាលើក ទីមួយ ដែលកម្ពុជាបានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយ ឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់ អាស៊ាន។ លោកបានគូសបញ្ជាក់ថា៖ «សមិទ្ធផលនេះមានការទទួលស្គាល់មិនត្រឹមតែក្នុងក្របខណ្ឌកម្ពុជាទេ តែពេលនេះ ក៏ត្រូវបានទទួលស្គាល់ថាជាដំណោះស្រាយឌីជីថលល្អបំផុតក្នុងកម្រិតអន្តរជាតិផងដែរ»។ 
 
លោករដ្ឋមន្ត្រីបានបន្ថែមថា ជោគជ័យនេះបង្ហាញឱ្យកាន់តែច្បាស់ថា “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” មិនត្រឹមតែពង្រីកវិសាលភាពការប្រើប្រាស់នៅក្នុងកម្ពុជាទេ ថែមទាំងអាចប្រើប្រាស់ ជាថ្នាលផ្ទៀងផ្ទាត់ឯកសាររួមរបស់ប្រទេសសមាជិកអាស៊ាន ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារពាណិជ្ជកម្ម និងឯកសារផ្លូវការរបស់បណ្តាប្រទេសក្នុងតំបន់បានដោយមិនតម្រូវឱ្យមានឯកសារច្បាប់ដើម ឬការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ 
 
ពានរង្វាន់ឌីជីថលអាស៊ាន ត្រូវបានបែងចែកជា៦ផ្នែក មានដូចជា ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ, ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាវិស័យឯកជន, ដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថល , ដំណោះស្រាយសម្រាប់មាតិកាឌីជីថល , ដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថល និងដំណោះស្រាយសម្រាប់នវានុវត្តន៍ឌីជីថល។ ក្នុងការប្រកួតប្រជែង ពានរង្វាន់ឌីជីថលអាស៊ាន ផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ានឆ្នាំ២០២៤ នេះ “ប្រព័ន្ធសុខាភិបាលឌីជីថល” របស់ថៃទទួលបានមេដាយប្រាក់ ហើយ “ប្រព័ន្ធសំបុត្រកំណើតនិងសំបុត្រមរណភាព” របស់សិង្ហបុរីទទួលបានមេដាយសំរឹទ្ធ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com