ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ងាយ​ៗ​ធ្វើ​ឲ្យ​ខួរក្បាល​រហ័សរហួន ចង​ចាំ​ល្អ កុំ​រំលង​អាហារ​ទាំងនេះ
03, Feb 2024 , 6:59 am        
រូបភាព
យើង​គ្រប់​គ្នា​តែងតែ​ចង់បាន​សុខភាព​ខួរក្បាល​ល្អ ការ​ចង​ចាំ កាន់តែ​ប្រសើរ​ឡើង ប៉ុន្ដែ​មិនសូវ​ចាប់អារម្មណ៍​គិតគូរ​ដល់​ចំណុច​របប​អាហារ​នោះ​ទេ​។ របប​អាហារ​ដែល​ញ៉ាំ​ជា​ប្រចាំ​គឺ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ណាស់ ចំពោះ​ខួរក្បាល​។ ខាងក្រោម​គឺជា​លទ្ធផល​បង្ហាញ​តាម​រយៈ​ការ​សិក្សា របស់​សាកលវិទ្យាល័យ Harvard ឲ្យ​ពិន្ទុ​ខ្ពស់​ចំពោះ​គុណប្រយោជន៍​នៃ​របប​អាហារ​ប៉ូវ​ដល់​សុខភាព​ខួរក្បាល​។

 
១.​បន្លែ​ស្លឹក​បៃតង

ខួរក្បាល​មាន​សុខភាព​ល្អ ក៏​អាស្រ័យ​ទៅ​លើ​ដំណើរ​សរសៃឈាម បេះដូង និង​ប្រ​ព​ន្ទ័​រំលាយ​អាហារ ធ្វើការ​បាន​ល្អ​ដែរ​។ យ៉ាងណាមិញ របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ សារធាតុចិញ្ចឹម​ប្រូតេអ៊ីន វីតាមីន​ចម្រុះ សុទ្ធសឹងតែ​មាននៅ​លើ​ប្រភេទ​អាហារ​បន្លែ​បៃតង មាន​ដូច​ជា ស្ពៃខៀវ ស្ពៃ​ខ្មៅ ប្រូ​ខូ​លី ស្ពៃក្ដោប ខាត់ណា និង​បន្លែ​ជា​ច្រើន​ទៀត ដែល​ចាត់​ចូល​ជា​ប្រភេទ​បន្លែ​បៃតង​។ ប្រភេទ​បន្លែ​ទាំងនោះ​មាន សារធាតុចិញ្ចឹម សំខាន់​ដូច​ជា វីតាមីន K, lutein, folate និង beta carotene​។ គួរតែ​កុំ​រំលង​ប្រភេទ​អាហារ​ទាំងនេះ រាល់ពេល​ញ៉ាំ​បាយ​ទាំង​បី​ពេល ដើម្បី​សុខភាព​ខួរក្បាល​បាន​ល្អ​។
 
២.​ខ្លាញ់ត្រី

ខ្លាញ់ត្រី​គឺជា​ប្រភព​អាហារ​ដែល​ល្អ​បំផុត សម្រាប់​សុខភាព​ខួរក្បាល​។ ខ្លាញ់ត្រី​មាន​ផ្ទុក​សារធាតុ អាស៊ី​ដ​ខ្លាញ់ អូ​មេ​ហ្គា​៣ ជា​ប្រភេទ​ខ្លាញ់​ល្អ​ជំនួយ​ដល់​សុខភាព ជួយ​ដល់​ការ​គ្រប់គ្រង​កម្រិត​ឈាម​ក្នុង​រាង​កាយ​ផង​ដែរ​។ អាស៊ី​ដ​ខា្ល​ញ់​អូ​មេ​ហ្គា​៣ មាន​ផ្ទុក​នៅ​ក្នុង​ប្រភេទ​អាហារ សមុទ្រ ដូច​ជា អយ​ស្ទ័​រ ត្រី​សា​មុន ត្រី​ល្អិត​មាន​ខ្លាញ់​ច្រើន ត្រី​ធូ​ណា ហើយ​ក៏​មាននៅ​ក្នុង​ស៊ុត និង ពពួក​គ្រប់​ធញ្ញជាតិ​ផង​ដែរ​។ ទម្លាប់​ញ៉ាំ​អាហារ ដែល​មាន​សារធាតុ​ខ្លាញ់ត្រី ឬ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ យ៉ាង​ហោច ២​ដង ក្នុង​មួ​យស​ប្ដា​ហ៍​គឺជា​រឿង​ល្អ​សម្រាប់​សុខភាព​ខួរក្បាល​។
 
៣.​សារធាតុ flavonoids

ខួរក្បាល​របស់​យើង ក៏​ត្រូវការ​សារធាតុ flavonoids ជំនួយ​ផង​ដែរ ព្រោះថា វា​មានមុខ​ងារ​សំខាន់ រួម​ផ្សំ​ជាមួយនឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ប្រឆាំង​នឹង​ការ​រលាក​ជា​ច្រើន​ប្រភេទ និង ជំងឺមហារីក​ផ្សេង​ៗ​។ ភាគច្រើន​សារធាតុ​ប្រភេទ​នេះ ត្រូវ​បាន​គេ​រក​ឃើញ​មាននៅ​ក្នុង​ពពួក​អាហារ​ផ្លែ​ឈើ​សម្បូរ​ដោយ​ជាតិ​សរសៃ ដូច​ជា ផ្លែ​ប៉ោម ផ្លែ​ប៊ឺ​រី ផ្លែ​ប៊ឺ និង​ផ្លែ​ឈើ​ជា​ច្រើន​ទៀត ដែល​ត្រូវ​ចាត់​ចូល​ជា​ប្រភេទ​អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​។ ញ៉ាំ​ផ្លែ​ឈើ​ប្រភេទ​នេះ​ឲ្យ​បាន​យ៉ោ​ង​ហោច ២​ដង ឬ​ច្រើន ក្នុង​មួ​យស​ប្ដា​ហ៍ ផ្ដល់​អត្ថ​ប្រ​យោ​ជ៍​ច្រើន ដល់​ខួរក្បាល​។
 
៤. ផឹក​តែ ឬ​កាហ្វេ

ផឹក​តែ ឬ​កាហ្វេ​ពេល​ព្រឹក​ឲ្យ​បាន​យ៉ាង​ហោច​១​ពែង​ក៏​ផ្ដល់​គុណសម្បត្ដិ​ដល់​ខួរក្បាល​ដែរ ព្រោះថា ភេសជ្ជៈ​ពីរ​ប្រភេទ​នេះ​អាច​ជំនួយ​ដល់​ការ​រំញោច​ខួរក្បាល​ឲ្យ​មាន​ភាព​រហ័សរហួន មួយ​កម្រិត​ទៀត​។ យោង​តាម​ការ​សិក្សា​មួយ ចុះ​ផ្សាយ​កាលពី​ឆ្នាំ​២០១៤ ដោយ The Journal of Nutrition បង្ហាញ​ថា សារធាតុ​កាហ្វេ​អ៊ី​ន នៅ​ក្នុង​តែ និង កាហ្វេ ទទួល​បាន​ពិន្ទុ​ខ្ពស់​លើ​ការ​ធ្វើតេស្ដ ផ្នែក​មុខងារ​ស្មារតី និង​ការ​ចង​ចាំ​។ ដូច្នេះ វា​ជា​ដំណឹង​ល្អ ផង​ដែរ​សម្រាប់​គ្នា​យើង​ដែល​និយម​ចូល​ចិត្ដ​ញ៉ាំ​តែ និង​ការ​ហ្វេ​ប្រចាំ​ថ្ងៃ​។
 
ជា​រួម​ទម្លាប់​ញ៉ាំ​អាហារ និង ភេសជ្ជៈ​ល្អ​ៗ ក៏​រួមចំណែក​យ៉ាង​ខ្លាំង​ជួយ​បង្កើន​សមត្ថភាព​ខួរក្បាល ឲ្យ​មាន​ភាព​រហ័សរហួន បង្កើន​ការ​ចង​ចាំ​និង អាច​ជៀស​ផុត​ពី​ជំងឺ​ផ្សេង ដូច​ជា​ជំងឺ​ភ្លេចភ្លាំង រលាក និង​ជំងឺ​សរសៃឈាម​ខួរក្បាល​ជាដើម​។

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com