កីឡាអន្តរជាតិ
អន្តរជាតិ
F1៖ Hamilton ផ្តាច់កិច្ចសន្យាពី Mercedes ទៅចូលរួម Ferrari
02, Feb 2024 , 4:59 pm        
រូបភាព
Lewis Hamilton ម្ចាស់ជើងឯកកីឡាប្រណាំងរថយន្តពិភពលោក Formula One ៧សម័យ នឹងចាកចេញពីក្រុម Mercedes ដែលខ្លួនបានរួមរស់១១ឆ្នាំ នៅចុងបញ្ចប់រដូវកាលនេះ ដើម្បីទៅចូលរួមក្រុមគូប្រជែង Ferrari។



បើតាមការផ្សាយរបស់កាសែត BBC នៅថ្ងៃទី២ ខែកុម្ភៈ កំពូលអ្នកប្រណាំងរថយន្ត F1 វ័យ៣៩ឆ្នាំ បានផ្តាច់កិច្ចសន្យាជាមួយ Mercedes ដែលសល់សុពលភាព១ឆ្នាំទៀត ដោយទៅចុះកិច្ចសន្យាជាមួយ Ferrari រយៈពេលមួយរដូវកាលនៅឆ្នាំ២០២៥។ 
 
កាលពីឆ្នាំ២០២៣ Hamilton ធ្លាប់បានយល់ព្រមបន្តកិច្ចសន្យានឹង Mercedes រយៈពេល២ឆ្នាំ។ ប៉ុន្តែទោះបីជាយ៉ាងណា នៅក្នុងលក្ខខណ្ឌកិច្ចសន្យានោះ អ្នកប្រណាំងសញ្ជាតិអង់គ្លេស អាចមានជម្រើសបញ្ចប់មុននៅឆ្នាំចុងក្រោយ។
 
ក្រោយប្រកាសចាកចេញ Hamilton បានបង្ហាញមោទនភាពរបស់ខ្លួនចំពោះក្រុម Mercedes ដែលខ្លួនបានរួមរស់​ និងទទួលបានជោគជ័យ​​ក្នុង​រយៈពេល ១១ ឆ្នាំ​ជាមួយ។ «Mercedes ជាផ្នែកមួយនៃជីវិតរបស់ខ្ញុំចាប់តាំងពីខ្ញុំមានអាយុ ១៣ឆ្នាំម្លេះ។ នេះជាកន្លែងដែលខ្ញុំធំឡើង ដូច្នេះការសម្រេចចិត្តចាកចេញ ជាការសម្រេចចិត្តដ៏លំបាកបំផុតមួយដែលខ្ញុំធ្លាប់ធ្វើ»។ ម្ចាស់ជើងឯក F1 ៧សម័យបន្ថែម។
 
ទោះយ៉ាងនេះក្តី Hamilton គិតថានេះជាពេលវេលាដ៏ត្រឹមត្រូវក្នុងការចាកចេញ ស្របពេលរូបគេចាត់ទុកថានេះជាជំហានបន្ទាប់ ដើម្បីទទួលយកការប្រកួតប្រជែងថ្មីក្នុងវិស័យកីឡាលំដាប់ពិភពលោកមួយនេះ។ Hamilton ឈ្នះជើងឯក F1 ជាមួយ Mercedes ៦លើក ចាប់តាំងពីចាកចេញពី McLaren នៅឆ្នាំ២០១៣។
 
ទៅកាន់ក្រុមថ្មី Ferrari ដែលជាក្រុមគូប្រជែងដ៏ខ្លាំងក្លារបស់ Mercedes ក្នុងរយៈពេលជិត១០ឆ្នាំមកនេះ Hamilton នឹងត្រូវជំនួសកីឡាករអេស្ប៉ាញ Carlos Sainz ដោយចាប់ដៃគូជាមួយ Charles Leclerc នៅឆ្នាំ២០២៥៕

Tag:
 Lewis Hamilton
  Formula One
© រក្សាសិទ្ធិដោយ thmeythmey.com