អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉ូលិសឥណ្ឌាលែងសត្វព្រាប ដែលសង្ស័យជាចារកម្មចិន ក្រោយចាប់បង្ខាំង៨ខែ
02, Feb 2024 , 8:19 pm        
រូបភាព
រូបភាព ៖ AP
រូបភាព ៖ AP
សត្វព្រាបមួយក្បាលដែលសង្ស័យថាជាចារកម្មចិន ត្រូវបានដោះលែងវិញដោយអាជ្ញាធរឥណ្ឌា ក្រោយដាក់បង្ខាំងរយៈពេល ៨ខែ។ ប៉ូលិសបានអះអាងថា វាជាសត្វព្រាបប្រណាំងរបស់តៃវ៉ាន់ ដែលវង្វេងមកដល់ឥណ្ឌា។ នេះបើតាមសារព័ត៌មាន​ AP ។

 
សត្វព្រាបមួយក្បាលត្រូវបានចាប់កាលពីដើមខែឧសភា ឆ្នាំ២០២៣ នៅជិតកំពង់ផែមួយក្នុងទីក្រុងមុមបៃ បន្ទាប់ពីគេប្រទះឃើញជើងទាំងគូរបស់វាពាក់ខ្សែស្ពាន់ និងមានសន្លឹកអាលុយមីញ៉ូមចំនួន២ ដែលឆ្លាក់ស្រដៀងអក្សរចិន។
 
ប៉ូលិសឥណ្ឌាបានសង្ស័យថា នេះជាឧបករណ៍ចារកម្មរបស់ចិន ដូច្នេះពួកគេបានសម្រេចចិត្តបង្ខាំងសត្វព្រាបនៅក្នុងមន្ទីរពេទ្យបសុពេទ្យ Bai Sakarbai Dinshaw Petit ក្នុងទីក្រុងមុមបៃ ហើយបើកការស៊ើបអង្កេត។
 
ក្រោយពីការស៊ើបអង្កេតរយៈពេល ៨ខែ ប៉ូលិសមុមបៃបានរកឃើញថា នេះជាសត្វព្រាបប្រណាំងនៅតៃវ៉ាន់ ដែលបានរត់គេចខ្លួន និងវង្វេងទៅកាន់ឥណ្ឌា។ ក្រុមមន្ត្រីបានយល់ព្រមផ្ទេរបក្សីនេះ ទៅឱ្យសមាគមការពារសត្វនៅទីក្រុងមុមបៃ ដើម្បីដោះលែងនៅថ្ងៃទី៣០ ខែមករា។
 
នេះមិនមែនជាលើកទីមួយទេ ដែលសត្វព្រាបត្រូវបានប៉ូលិសសង្ស័យថាបានចូលរួមក្នុងសកម្មភាពចារកម្មនៅឥណ្ឌា។ នៅឆ្នាំ២០២០ ប៉ូលីសនៅតំបន់កាស្មៀរបានចាប់សត្វព្រាប១ក្បាលដែលហើរកាត់ព្រំដែនយោធារវាងប៉ាគីស្ថាន និងឥណ្ឌា។ យ៉ាងណាមិញ ប៉ូលិសបានដោះលែងសត្វស្លាបនេះវិញ ក្រោយរកមិនឃើញឧបករណ៍ចារកម្ម ហើយវាជាសត្វចិញ្ចឹមរបស់អ្នកនេសាទប៉ាគីស្ថាន។
 
នៅឆ្នាំ២០១៦ សត្វព្រាប១ក្បាលក៏ត្រូវបានបូលិសឥណ្ឌាចាប់ដែរ ក្រោយពេលគេឃើញមានក្រដាសមួយសន្លឹកនៅជាប់សត្វព្រាបដែលមានសារគំរាមកំហែងដល់នាយករដ្ឋមន្ត្រីនារិន្ទ្រា ម៉ូឌី៕ 
 

Tag:
 សត្វព្រាប
  ឥណ្ឌា
  ចារកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com