ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ឱ្យត្រៀមដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់នៅរដូវប្រាំង
02, Feb 2024 , 8:59 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច​ ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាខ្វះខាតទឹកជូនពលរដ្ឋ។ ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ២កុម្ភៈ នៅវិមានសន្តិភាព។   



បើតាម សម្ដេច នាពេលបច្ចុប្បន្នពលរដ្ឋក្នុងតំបន់មួយចំនួនកំពុងខ្វះទឹកធ្វើស្រែប្រាំង ដោយសារឆ្នាំនេះ ស្រូវឡើងថ្លៃហើយកសិករសម្រុកធ្វើស្រែប្រាំងលើសផែនការ។ ជាពិសេសវិបត្តិអាកាសធាតុ អាចធ្វើឱ្យរដូវប្រាំងឆ្នាំនេះ អូសបន្លាយពេលយូរ។ បញ្ហានេះ សម្ដេច ក៏ណែនាំឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ ពិនិត្យ និងស្តារប្រព័ន្ធធារាសាស្ត្រឡើងវិញ តាមលទ្ធភាពដែលមាន។ 
 
នៅក្នុងរដូវប្រាំងឆ្នាំ ២០២៤នេះ កម្ពុជាអាចទទួលរងសីតុណ្ហភាពក្ដៅ និងបរិមាណទឹកភ្លៀងតិចជាងបណ្ដាឆ្នាំកន្លងទៅ ដោយសារតែបាតុភូតសកលអែលនីញ៉ូ។ ផ្អែកតាមស្ថានភាពនេះ មន្រ្តីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម មិនលើកទឹកចិត្តឱ្យពលរដ្ឋបង្កបង្កើនផលស្រូវប្រាំងលើកទី២នោះទេ ដោយបារម្ភខ្វះខាតទឹកប្រើប្រាស់ធ្ងន់ធ្ងរ។
 
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា កម្ពុជាអាចទទួលរងសីតុណ្ហភាពក្ដៅ និងបរិមាណទឹកភ្លៀងតិចជាងបណ្ដាឆ្នាំកន្លងទៅ ដោយសារតែបាតុភូតសកលអែលនីញ៉ូ។ មួយផ្នែកទៀត ទឹកទន្លេមានកម្រិតទាប មិនអាចហូរចូលសព្វអាង បឹងបួ និងព្រែកធម្មជាតិមួយចំនួន នៅអមសងខាងទន្លេមេគង្គលើ មេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប បានច្រើននោះទេ។
 
លក្ខខណ្ឌអាកាសធាតុបែបនេះ នឹងធ្វើឱ្យទឹកហួត ឬរីងស្ងួត ឆាប់រហ័ស។ ដោយភាពចាំបាច់ លោក ចាន់ យុត្ថា ណែនាំឱ្យពលរដ្ឋធ្វើស្រែប្រាំងតែ១លើកប៉ុណ្ណោះ ដើម្បីរក្សាទឹកទុកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចៀសវាងការខ្វះខាត ឬប្រឈមខ្លាំង ដូចដែលកម្ពុជាធ្លាប់ជួបកាលពីឆ្នាំ២០១៥ និង២០១៦។
 
មន្រ្តីរូបនេះ អះអាងថា គ្រប់រាជធានី-ខេត្ត អាចប្រឈមខ្វះទឹកប្រើប្រាស់ បើសិនពលរដ្ឋមិនព្រមអនុវត្តតាមផែនការបង្កបង្កើនស្រូវប្រាំង ដែលដាក់ចេញដោយមន្ទីរធនធានទឹក មន្ទីរកសិកម្ម និងរដ្ឋបាលខេត្ត។
 
លោក ចាន់ យុត្ថា បន្ថែមដូច្នេះថា៖«បើសិនជាធ្វើស្រែប្រាំងតាមផែនការដែលខេត្តនីមួយៗបានដាក់ចេញ យើងធានាមានទឹកប្រើប្រាស់គ្រប់គ្រាន់។ ប៉ុន្តែ បើពួកគាត់(កសិករ) ធ្វើស្រែលើកទី២ហើយ ខ្ញុំថា ខេត្តណាក៏ដូចខេត្តណាដែរ នឹងមានការប្រឈម​ខ្វះខាតទឹក»។ ដូច្នេះ ខ្ញុំសូមអំពាវនាវម្ដងទៀតឱ្យពួកគាត់អនុវត្តតាមផែនការដែលខេត្តនីមួយៗបានដាក់ចេញ ហើយសុំធ្វើស្រែតែ ១លើកបានហើយ»។ 
 
ចំណែក អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា កន្លងទៅបានឱ្យដឹងថា កសិករកំពុងសប្បាយរីករាយការបង្កបង្កើនផល ព្រោះថាតម្លៃឆ្នាំនេះស្រូវកើនឡើងខ្ពស់មិនធ្លាប់មានពីមុន។ ប៉ុន្តែ ប្រសិនបើ កសិករនាំសម្រុកធ្វើស្រែរហូតលើសផែនការ ច្បាស់ជាមិនពុំមានទឹកផ្គត់ផ្គង់គ្រប់គ្រាន់ទេ ព្រោះថា ធនធានទឹកមិនមែនបម្រើឱ្យតែការងារស្រោចស្រពមួយមុខឡើយ គឺត្រូវបែងចែកសម្រាប់ការប្រើប្រាស់ទូទៅដែរ។
 
អ្នកនាំពាក្យរូបនេះ ស្នើឱ្យពលរដ្ឋពិចារណាផ្អាកការដុះស្រូវប្រាំងលើកទី២ ដើម្បីធានាបានទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ យ៉ាងណា ក្នុងករណីជួបគ្រោះរាំងស្ងួត ក្រសួងកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ធានាជួយសម្រួលដល់ប្រជាពលរដ្ឋមានទឹកប្រើប្រាស់ដោយស្មើភាព ទោះក្នុងកម្រិតណាមួយក៏ដោយ។
 
កញ្ញា អ៊ឹម រចនា ប្រាប់ដូច្នេះថា៖«យើងបានផ្ដល់ព័ត៌មាននៃបញ្ហាខ្វះខាតទឹក ដល់ប្រជាកសិករ ដើម្បីឱ្យពួកគាត់ពិចារណាផ្អាកការដាំដុះស្រូវប្រាំង ហើយការសម្រេចចិត្តគឺស្ថិតនៅកសិករផ្ទាល់។ តែយ៉ាងណា បើទោះបី ទៅដល់ពេលនោះ មានបញ្ហាខ្វះទឹកក៏ដោយ ក្រសួង រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធជួយសម្រួលដល់ប្រជាពលរដ្ឋមានទឹកប្រើប្រាស់ដោយស្មើភាព»។
 
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា ឆ្នាំ២០២៤ កម្ដៅនឹងកើនឡើងជាលំដាប់។ ក្នុងនោះ ចន្លោះពីខែមេសា ដល់ដើមខែឧសភា កម្ដៅអាចកើនឡើងខ្លាំង ជាមួយនឹងសីតុណ្ហភាព៣៨អង្សា ហើយក្នុងថ្ងៃខ្លះអាចឡើងដល់៤១អង្សា។ ក្នុងពេលដែលកម្ដៅកើនឡើងនោះ បរិមាណទឹកភ្លៀងកក់ខែ ក៏ធ្លាក់ក្នុងចំនួនតិចតួចជាងឆ្នាំ២០២៣ដែរ ហើយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។
 
កម្ដៅដែលកើនឡើងក្នុងប្រាំងខាងមុខនេះ បណ្ដាលមកពីបាតុភូតសកលអែលនីញ៉ូ និងអែនសូ។ តាមការតាមដានរបស់ក្រសួងធនធានទឹក ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់មករា ឆ្នាំ២០២៤ បាតុភូតអែលនីញ៉ូគ្រប់ដណ្ដាប់១០០ភាគរយ។ នៅក្នុងខែកុម្ភៈ បាតុភូតអែលនីញ៉ូមាន ៩០ភាគរយ និងអែនសូ១០ភាគរយ។ ចំពោះខែមីនា បាតុភូតអែលនីញ៉ូ ៧០ភាគរយ និងអែនសូ៣០ភាគរយ។ ចំណែក នៅខែមេសា បាតុភូតអែលនីញ៉ូ ៥០ភាគរយ និងអែនសូ ៥០ភាគរយ។
 
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ឱ្យចូលរួមថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹក។ ទន្ទឹមនោះ សាធារណជន ក៏ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានច្រើនក្នុងខែមេសា និងឧសភា ឆ្នាំ២០២៤ ខាងមុខ ផងដែរ៕

Tag:
 ហ៊ុន ម៉ាណែត
  ស្រូវប្រាំង
  ក្រសួងកសិកម្ម
  គ្រោះមហន្តរាយ
© រក្សាសិទ្ធិដោយ thmeythmey.com