ជាតិ
ក្រសួង​អប់រំ បំភ្លឺ​ករណី​ប្រមូលថវិកា​អាណាព្យាបាលសិស្ស ដើម្បីគាំទ្រដំណើរការសាលារៀននៅភ្នំពេញ
03, Feb 2024 , 12:00 pm        
រូបភាព
រូបភាពពី ក្រសួង អប់រំយុវជន និងកីឡា
រូបភាពពី ក្រសួង អប់រំយុវជន និងកីឡា
ភ្នំពេញ៖ ក្រោ​យ​មាន​ការ​ចែក​ចាយលិខិត​អំពាវនាវរបស់​សាលា​បឋម​សិក្សា​មួយនៅ​​ភ្នំពេញ ដែល​​ស្នើ​ដល់​អាណាព្យាបាល​សិស្ស​ជួយ​ឧបត្ថម្ភ​ថវិកាតាមការស្ម័គ្រចិត្តចំនួន ១ម៉ឺនរៀល ក្នុង១ឆ្នាំ បាន​ធ្វើ​ឱ្យ​មាន​ការ​វែក​ញែក​ជាច្រើន។ ជុំវិញ​បញ្ហានេះ ក្រសួង​អប់រំ បានសេចក្ដី​​បំភ្លឺចំនួន ៧​ចំណុច ដោយ​បញ្ជាក់ថា ក្រសួង បាន​ហាមឃាត់ដាច់ខាត លើ​ការតម្រូវឱ្យប្រមូលថវិកាពីសិស្ស មាតាបិតា អ្នកអាណាព្យាបាលខុសពីគោលការណ៍ណែនាំ។



នាពេលថ្មីៗនេះ ​អាណាព្យាបាល​សិស្ស​មួយរូប បាន​បង្ហោះ​លិខិត​អំពាវនាវ​របស់​សាលា​បឋមសិក្សាមួយ​ក្នុង​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​ការជួយ​បង់ប្រាក់​លើ​ទឹក​ស្អាត អគ្គិសនី និង​សេវា​អនាម័យ។ អាណាព្យាបាលសិស្សរូបនោះ ​មិន​ពេញចិត្ត​នឹង​សាលា ដែល​ឱ្យ​ជួយ​ឧបត្ថម្ភ​ថវិកាតាម​ការស្ម័គ្រចិត្ត​ចំនួន ១ម៉ឺនរៀល ក្នុង​១ឆ្នាំ។ 
 
បន្ទាប់​ពី​មាន​ការជជែក​គ្នា​នៅ​លើ​បណ្ដាញ​សង្គម ទាក់ទង​នឹង​បញ្ហា​នេះ ក្រសួ​ង​អប់រំ បំភ្លឺថា ក្រសួង​បាន​ហាមឃាត់ដាច់ខាត លើការតម្រូវឱ្យប្រមូលថវិកាពីសិស្ស មាតាបិតា អ្នកអាណាព្យាបាលខុសពីគោលការណ៍ណែនាំ។ ប៉ុន្តែ​មុន​នឹង​ឈាន​ដល់​ការ​កៀរគរ​ថវិកា​នេះ​ ក្រសួង​តម្រូវឱ្យមានការប្រជុំ ដោយ​មាន​ការ​ឯកភាពពីគណៈកម្មការគ្រប់គ្រងសាលារៀន មាតាបិតា និងអ្នកអាណាព្យាបាលសិស្សយ៉ាងតិចសំឡេង​គាំទ្រលើសពី ៨០ភាគរយ ទើបអាចចាត់ទុកជាផ្លូវការ។


រូបភាពតំណាង។ រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
 
ក្រសួង ​បញ្ជាក់ថា ថវិកាទាំងអស់ដែលទទួលបានស្ថិតក្រោមការគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយតម្លាភាព តាមរយៈការសម្រេចពីគណៈកម្មការគ្រប់គ្រងសាលារៀន។ ដោយ​ឡែក គ្រួសារសិស្សដែលពុំមានលទ្ធភាព ត្រូវបានលើកលែងពីការចូលរួមបដិភាគគ្រប់ប្រភេទ។​
 
បើតាម​ក្រសួង​អប់រំ នាពេល​កន្លងទៅ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស បាន​សំណូម​ពរឱ្យ​បំពាក់កង្ហារ ម៉ាស៊ីនត្រជាក់ បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍ ការបង្រៀនបែបឌីជីថល ការរៀបចំបរិស្ថានបៃតង និងលើកកម្ពស់អនាម័យផាសុកភាពនៅសាលារៀន។ បន្ទាប់ពីសាលារៀនធ្វើតាម​សំណូម​ពរនេះ បាន​ធ្វើឱ្យចំណាយលើការបង់អគ្គិសនី ទឹក និងសំរាម កើនឡើង ដែលនាំឱ្យថវិកាដំណើរការសាលារៀនមិនអាចទ្រទ្រង់រួច។
  

រូបភាពតំណាង។ រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា

ការណ៍នេះ  តម្រូវ​ឱ្យ​គណៈកម្មការគ្រប់គ្រងសាលារៀន ស្វែងរកថវិកាបន្ថែមពីសប្បុរសជន និងការចូលរួមឧបត្ថម្ភដោយស្ម័គ្រចិត្តពីមាតាបិតា អ្នកអាណាព្យាបាល។ ក្នុង​សេចក្ដី​បំភ្លឺ ក្រសួង​អប់រំ បាន​បង្ហាញ​ពី​កញ្ចប់​ថវិកា​នៃ​របស់​គ្រឹះស្ថាន​សិក្សា​សាធារណៈដែល​ទទួល​បានពីមូលនិធិដំណើរការសាលារៀនប្រចាំឆ្នាំជាមធ្យម ១៦លានរៀល សម្រាប់ដំណើរការរដ្ឋបាលសាលារៀន និងគាំទ្រការរៀន និងបង្រៀន។ 
 
«ជាក់ស្ដែងផ្អែកតាមសំណូមពរ មាតាបិតា និងតម្រូវការខាងលើធ្វើឱ្យចំណាយទៅលើថ្លៃទឹក ភ្លើង និងសំរាមកើនឡើងពី៥ ទៅ១០ដង នៃទំហំថវិកាដែលសាលារៀនបានទទួលពីរដ្ឋសម្រាប់ចំណាយខាងលើ»។ នេះ​ជា​ខ្លឹមសារ​ក្នុង​សេចក្ដី​បំភ្លឺ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ចេញ​ផ្សាយ​ថ្ងៃទី២ ខែកុម្ភៈ។
 
ទន្ទឹម​នឹងនេះ ក្រសួងអប់រំ កំពុងអនុវត្តនូវអធិការកិច្ចនៅតាមគ្រឹះស្ថានសិក្សា ដើម្បីពង្រឹងដល់ដំណើរការ អភិបាលកិច្ចសាលារៀន និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាដំណើរការសាលា ដែលរួម មានថវិកាទទួលបានពីរដ្ឋ និងការចូលរួមពីសប្បុរសជន។
  

រូបភាពតំណាង។ រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា

សូ​ម​បញ្ជាក់ថា ក្នុង​ឆ្នាំ​សិក្សា​ថ្មីនេះ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងលើកកម្ពស់អភិបាលកិច្ចសាលារៀនគ្រប់កម្រិតចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ក្រសួង​អប់រំ ​កំពុងជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ ចំនួន ៥ រួមមាន លទ្ធផលសិក្សារបស់សិស្ស, ការបង្រៀន និងរៀន, ការចូលរួមរបស់សហគមន៍,  ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និងគណនេយ្យភាពរបស់សាលារៀន។
 
ដើម្បី​ឱ្យ​ការអនុវត្តស្តង់ដាសាលារៀនគំរូ មានដំណើរការល្អ កើត​ឡើង​តាមរយៈការពង្រឹងការគ្រប់គ្រងសាលារៀន ដោយ​ការបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន គណៈកម្មការគ្រប់គ្រងថ្នាក់រៀន ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍ និងមាតាបិតា ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងសាលារៀន និងធានាបាននូវការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពផងដែរ។ នេះបើតាមសេចក្ដី​បំភ្លឺដដែល​៕​

Tag:
 អប់រំ
  សាលា​រៀន
  អាណាព្យាបាល​សិស្ស​
  ទឹកស្អាតអនាម័យ​
© រក្សាសិទ្ធិដោយ thmeythmey.com