ជាតិ
កសិករ លូន សាវុធ កំពុងផ្គត់ផ្គង់ផ្ទី ៥០គីឡូក្រាម រៀងរាល់ថ្ងៃក្នុងទីផ្សារ
03, Feb 2024 , 7:00 pm        
រូបភាព
ដំណាំផ្ទីដែលលោក លូន សាវុធ ដាំក្នុងផ្ទះរោងសំណាញ់។
ដំណាំផ្ទីដែលលោក លូន សាវុធ ដាំក្នុងផ្ទះរោងសំណាញ់។
សៀមរាប៖ កសិករនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប លោក លូន សាវុធ បានចាប់ផ្តើម​ដាំ​បន្លែផ្ទី​​ជាងមួយ​ឆ្នាំមកហើយ ដោយដំណាំនេះមានទីផ្សារល្អគួរសម និងងាយស្រួល​ដាំ ពិសេសក្នុងរោងសំណាញ់។

កសិករ លូន សាវុធ បានដូរមកដាំផ្ទីក្នុងរោងសំណាញ់ ដែលពីមុនលោកដាំបន្លែស្លឹកចម្រុះ ដូច​ជា​សាឡាត់ ស្ពៃ និងខាត់ណាជាដើម។ ជាងមួយឆ្នាំមកហើយ ដែលកសិករវ័យជាង​៦០ ឆ្នាំរូបនេះ ប្ដូរមកដាំបន្លែផ្ទី ដែលពលរដ្ឋខ្មែរយកចិត្តបរិភោគ ដោយគិតថា​ជាដំណាំងាយដាំ មិនពិបាកមើលថែច្រើន និងញាប់បានដកកាត់លក់។ 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗនាថ្ងៃទី១ ខែកុម្ភៈ លោក លូន សាវុធ រំឭក​ថា ក្នុងខែវស្សា ផ្ទីអាចលក់បានថ្លៃចន្លោះពី៣ពាន់ ទៅ៤ពាន់រៀល ហើយក្នុងមួយថ្ងៃ ​លោក​អាច​កាត់ផ្ទីបោះលក់ឱ្យ​ឈ្មួញកណ្ដាល ពី៥០គីឡូក្រាម ឬលើសពីនេះ។ លោកបន្តថា ស្រប ពេលតំបន់ភាគច្រើន ជន់លិច​ដោយសារ​ទឹកភ្លៀងនារដូវវស្សា ជាឱកាសល្អ​ជួយឱ្យរោង​សំណាញ់​ដែលលោករៀបចំក្បែរផ្ទះ អាចដាំដុះផ្ទីបានល្អ និងកាត់លក់បានរាល់ថ្ងៃ។ លោក បន្តថា៖«យើងដាំប្រើពេលតែ២០ថ្ងៃ​លើសតិចតួចអាចដកកាត់បណ្ដើរៗហើយ។ ដាំក្នុង រោងលូតលាស់ល្អ និងគ្មានសត្វល្អិតមករករឿងទេ បើដាក់ដាំខាងក្រៅ ស្លឹកវាអាចម៍រុយ ខ្មៅៗ អត់ល្អ»។
 

កសិករ លូន សាវុធ កំពុងបាញ់ទឹកស្រោចផ្ទីដែលលោកទុកធ្វើពូជ។

យ៉ាងណាមិញ នារដូវប្រាំងនេះ ដំណាំផ្ទីត្រូវបានឈ្មួញបន្ថោកតម្លៃត្រឹម២ពាន់រៀល ឬ​លើស​នេះបន្ដិចបន្តួច ដោយសារកសិករដាំនៅទីវាលខាងក្រៅបានច្រើន។ យ៉ាងនេះក្ដី លោក សាវុធ និងភរិយា បន្តរៀបំរោងធ្វើដីព្រោះគាប់ផ្ទីបន្តទៀត តែក្នុងកម្រិតទាបជាង ពេលមុន ដោយមានលាយបន្លែ​ស្ទឹកផ្សេងៗចម្រុះ។ 
 


កំឡុងពេលនេះ គ្រួសារលោក សាវុធ ​បានដកឃ្លាបន្ដិច ដោយមានពេលសម្រាកខ្លះ និង​​ រៀបចំគ្រាប់ពូជផ្ទី​ ដែលកាត់ពីដើមចាស់ៗដែលលោកទុកធ្វើពូជ​ សម្រាប់ទុកដាំនៅរដូវ វស្សាខាងមុខ៕







Tag:
 ទី
  កសិកម្ម
  លូន សាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com