អន្តរជាតិ
ជប៉ុនផ្តល់កុំព្យូទ័រ និងថេបប្លេតជាច្រើនពាន់គ្រឿងដល់សិស្សអ៊ុយក្រែន
03, Feb 2024 , 9:30 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ជប៉ុន បញ្ជូនសម្ភារកុំព្យូទ័រ ថេបប្លេត និងគ្រឿងអេឡិចត្រូនិកផ្សេងទៀតទៅអ៊ុយក្រែន ដែលជាផ្នែកមួយនៃកម្មវិធីជួយក្មេងៗឱ្យបន្តការសិក្សា ស្របពេលមានការវាយប្រហារពីសំណាក់​រុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ NHK នៅថ្ងៃទី៣ ខែកុម្ភៈ។

 

មកទល់ពេលនេះ សង្រ្គាមនៅអ៊ុយក្រែន មិនទាន់ចប់នៅឡើយ ដោយអូសបន្លាយជិត៣ឆ្នាំហើយ។ ​ជាញឹកញយ ការសិក្សារបស់សិស្សត្រូវបានបង្អាក់ ដោយសារតែសំឡេងស៊ីរ៉ែន ហើយត្រូវបង្ខំចូលទៅកន្លែងសុវត្ថិភាព។ សូម្បីតែនៅក្នុងក្រុងកៀវ សិស្សសាលា ក៏តែងរំខានដោយមីស៊ីលរបស់រុស្ស៊ីដែរ។ 
 
ជាផ្នែកមួយនៃការជួយសិស្សឱ្យបន្តការសិក្សា ជប៉ុន បានឧបត្ថម្ភកុំព្យូទ័រ ថេបប្លេត ម៉ាស៊ីនភ្លើង​ និងសម្ភារអេឡិចត្រូនិកផ្សេងទៀតសរុប ៣ ៤០០គ្រឿង។ សម្ភារអេឡិចត្រូនិកមួយចំនួន ត្រូវបានជប៉ុនផ្តល់ឱ្យអ៊ុយក្រែន តាំងពីថ្ងៃទី២ ខែកុម្ភៈ​ តាមរយៈទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ 
 
សម្ភារអេឡិចត្រូនិកទាំងនោះ នឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលសិក្សាឌីជីថល នៅតំបន់ភាគខាងកើតអ៊ុយក្រែន។ តំបន់ភាគខាងកើតអ៊ុយក្រែន តែងត្រូវបានរំខានដោយការវាយប្រហារពីសំណាក់រុស្ស៊ី។
 
បន្ទាប់ពីការផ្តល់ឱ្យរបស់ជប៉ុន លោក Dmytro Zavgorodnii អនុរដ្ឋមន្រ្តីអប់រំ និងវិទ្យាសាស្រ្ត បានបញ្ជាក់ថា គោលដៅគឺដើម្បីឱ្យក្មេងៗជាច្រើនទទួលបានការសិក្សាតាមប្រព័ន្ធ អនឡាញ។ ចំណែក លោក Matsunaga Hideki ប្រធានតំណាងការិយាល័យ JICA នៅអ៊ុយក្រែន បានថ្លែងថា សម្ភារអេឡិចត្រូនិកទាំងនោះ គឺផ្តល់ឱ្យសម្រាប់ក្មេងៗ ដែលមិនអាចចូលរៀនផ្ទាល់ ជាមួយការទទួលបានឱកាសសិក្សា៕

Tag:
 (ជប៉ុន
  អ៊ុយក្រែន)
© រក្សាសិទ្ធិដោយ thmeythmey.com