អន្តរជាតិ
WHO៖ គ្រឿងស្រវឹងសម្លាប់មនុស្ស១នាក់ រៀងរាល់១០វិនាទី
04, Feb 2024 , 8:40 am        
រូបភាព
រូបភាព Pixels
រូបភាព Pixels
គ្រឿងស្រវឹង បានបង្កឱ្យមានមនុស្សស្លាប់ ៣លាននាក់ជារៀងរាល់ឆ្នាំ ឬស្មើនឹង១នាក់ រៀងរាល់១០វិនាទី និងបង្កឱ្យមានជំងឺ​ជា​ច្រើន​មុខ​។ នេះបើតាមរបាយការណ៍របស់អង្គការ សុខភាពពិភពលោក (WHO) ចេញ​កាលពី​ខែឧសភា ឆ្នាំ២០២២។

 
គ្រឿងស្រវឹង​ ត្រូវបានប្រជាជននិយមប្រើប្រាស់ជាច្រើនឆ្នាំមកហើយ ដោយផ្អែកលើ ប្រពៃណី​តាមតំបន់ និងប្រទេសនីមួយៗ។ ប៉ុន្តែហានិភ័យរបស់គ្រឿងស្រវឹង បានបង្កឱ្យមនុស្សមានបន្ទុកយ៉ាងខ្លាំង និងទទួលជំងឺជាច្រើន ហើយថែមទាំងប៉ះពាល់ដល់ជីវិតថែមទៀត។ 
 
ក្នុងរបាយការណ៍ចេញនៅឆ្នាំ២០២២ កន្លងទៅ អង្គការសុខភាពពិភពលោក (WHO) បាន បញ្ជាក់យ៉ាងច្បាស់ថា មនុស្សប្រមាណ ៣លាននាក់ បានបាត់បង់ជីវិត ដោយសារគ្រឿង ស្រវឹងជារៀងរាល់ឆ្នាំ ពោលគឺរៀងរាល់ ១០វិនាទីម្តង មានអ្នកស្លាប់១នាក់។ ចំនួននេះ គឺ​ស្មើនឹង ៥,១ភាគរយ នៃករណីស្លាប់របស់ប្រជាជនលើពិភពលោក សរុបជារៀងរាល់ឆ្នាំ។ 
 
បន្ថែមពីនេះ ការប្រើប្រាស់គ្រឿងស្រវឹង ជាប្រភពនៃការបង្កជំងឺ និងរបួសច្រើនជាង ២០០ មុខ ដូចជាជំងឺពាក់ព័ន្ធសួត, មហារីក និងបេះដូងជាដើម។ ក្នុងរបាយការណ៍ដដែល អង្គការ WHO បានព្រមានថា មនុស្សវ័យចាប់ពី២០ ដល់ ៣៩ឆ្នាំ ដែលបរិភោគគ្រឿងស្រវឹង ប្រឈមនឹងការស្លាប់ និងពិកាមុនពេលកំណត់។ 
 
ស្របគ្នានេះ គ្រឿងស្រវឹងក៏ធ្វើឱ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍ ប៉ះពាល់ដល់សេដ្ឋកិច្ច អំពើ​ហិង្សា ការសម្លាប់ខ្លួន និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។ 
 
ដើម្បីកាត់បន្ថយហានិភ័យដែលបង្កដោយគ្រឿងស្រវឹង អង្គការសុខភាពពិភពលោក បាន អំពាវនាវឱ្យមានការតាក់តែងបទប្បញ្ញត្តិគ្រប់គ្រងគ្រឿងស្រវឹង ច្បាប់ពាក់ព័ន្ធនឹងស្រវឹង ពេល​បើកបរ, ការដំឡើងពន្ធ និងការដំឡើងថ្លៃគ្រឿងស្រវឹង, ការអប់រំប្រជាជនពាក់ព័ន្ធនឹង ផលអវិជ្ជមានចំពោះគ្រឿងស្រវឹង និងគោលនយោបាយផ្សេងៗជាច្រើនទៀត៕ 

Tag:
 (WHO
  គ្រឿងស្រវឹង)
© រក្សាសិទ្ធិដោយ thmeythmey.com