អន្តរជាតិ
កម្ពុជា និងថៃឯកភាពសហការទប់ស្កាត់ខ្យល់ពុលឆ្លងព្រំដែន
04, Feb 2024 , 11:31 am        
រូបភាព
លោក Jakkapong Sangmanee អនុរដ្ឋមន្រ្តីការបរទេសថៃ (ស្តាំ) និងលោកលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីបរិស្ថានកម្ពុជា
លោក Jakkapong Sangmanee អនុរដ្ឋមន្រ្តីការបរទេសថៃ (ស្តាំ) និងលោកលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីបរិស្ថានកម្ពុជា
កម្ពុជា និងថៃ នឹងបង្កើតប្រព័ន្ធទំនាក់ទំនង និងគណៈកម្មាធិការមួយ ដើម្បីរួមចំណែកដោះស្រាយបញ្ហាខ្យល់ពុលឆ្លងព្រំដែន ដែលជាបញ្ហាដ៏ធំមួយរបស់ទីក្រុងធំៗថៃ។

មួយរយៈចុងក្រោយ ថៃមានក្តីបារម្ភយ៉ាងខ្លាំងជុំវិញបញ្ហាខ្យល់ពុលឆ្លងព្រំដែន ដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ តែជួបប្រទះ និងអំពាវនាវឱ្យប្រជាជនថែរក្សាសុខភាពមិនលុះឆ្នាំ។ ដើម្បីដោះស្រាយបញ្ហានេះ ថៃស្វះស្វែងរកកិច្ចសហប្រតិបត្តិការពីប្រទេសជិតខាង ដោយក្នុងនោះក៏មានកម្ពុជាផងដែរ។ 
 
ក្នុងកិច្ចសន្ទនាតាមទូរសព្ទនៅថ្ងៃទី២ ខែកុម្ភៈ លោក Jakkapong Sangmanee អនុរដ្ឋមន្រ្តីការបរទេសថៃ បានប្រាប់រដ្ឋមន្រ្តីបរិស្ថាន លោក អ៊ាង សុផល្លែត ថា រដ្ឋាភិបាលខ្លួនត្រៀមជាស្រេចក្នុងការសម្រួលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរទិន្នន័យលើតំបន់មានភ្លើងឆេះ និងសម្ភារពន្លត់អគ្គិភ័យ និងការគ្រប់គ្រងកសិកម្មជាដើម។ 
 
ជាការឆ្លើយតប លោក អ៊ាង សុផល្លែត បានលើកឡើងថា កម្ពុជាក៏ត្រៀមខ្លួនដូចគ្នា​ ក្នុងការឆ្លើយតបនឹងខ្យល់ពុលឆ្លងព្រំដែន។ បើតាមរដ្ឋមន្រ្តីបរិស្ថានកម្ពុជា ខ្យល់ពុល មិនអាចឈប់ត្រឹមព្រំដែនរវាងប្រទេសទាំងពីរបានឡើយ ហើយការដោះស្រាយបញ្ហានេះ វាទាមទារកិច្ចខិតខំពីភាគីពាក់ព័ន្ធ។  
 
ទន្ទឹមនេះ ប្រទេសជិតខាងទាំងពីរ បានឯកភាពថា នឹងបង្កើតប្រព័ន្ធទំនាក់ទំនង និងគណៈកម្មាធិការមួយ ដែលមានមន្រ្តីពីក្រសួងបរិស្ថានថៃ និងកម្ពុជា ដើម្បីផ្តល់ព័ត៌មានទៅវិញទៅមកពាក់ព័ន្ធនឹងតំបន់មានភ្លើងឆេះ និងទប់ស្កាត់ខ្យល់ពុលឆ្លងព្រំដែន។ 
 
ក្នុងជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងសមភាគីថៃ លោកសេដ្ឋា ថាវីស៊ីន នៅថ្ងៃទី៧ ខែកុម្ភៈ ខាងមុខ បញ្ហាខ្យល់ពុលឆ្លងព្រំដែន ក៏នឹងក្លាយជារបៀបវារៈដ៏សំខាន់មួយផងដែរ ក្នុងចំណោមប្រធានបទពាណិជ្ជកម្ម ប្រភពធនធានធម្មជាតិ និងពលករជាដើម៕ 

Tag:
 (កម្ពុជា
  ថៃ)
© រក្សាសិទ្ធិដោយ thmeythmey.com