អន្តរជាតិ
កម្ពុជា មានអ្នកកើតជំងឺមហារីកជិត២ម៉ឺនករណី ក្នុងឆ្នាំ២០២២ ដោយស្រ្តីមានលើសបុរស
04, Feb 2024 , 5:40 pm        
រូបភាព
រូបភាព Facebook_មន្ទីរពេទ្យកាល់ម៉ែត
រូបភាព Facebook_មន្ទីរពេទ្យកាល់ម៉ែត
ទិន្នន័យអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១ ខែកុម្ភៈ បានបង្ហាញថា ករណីអ្នកកើតជំងឺមហារីកកម្ពុជាថ្មីក្នុងឆ្នាំ២០២២ មានរហូតដល់ជិត ២ម៉ឺនករណី។ ក្នុងចំនួននេះ ស្រ្តីមានលើសពីបុរស ហើយករណីកើតជំងឺមហារីកថ្លើមមានចំនួនច្រើនជាងគេ។

 
មុនទិវាប្រឆាំងជំងឺមហារីកពិភពលោក អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១ ខែកុម្ភៈ បានបញ្ចេញរបាយការណ៍ស្តីពីអ្នកកើតជំងឺមហារីកពីបណ្តាប្រទេសចំនួន ១១៥ ក្នុងពិភពលោកនៅឆ្នាំ២០២២ ដោយក្នុងនោះមានកម្ពុជាផង។ 
 
ក្នុងរបាយការណ៍មួយនេះ អង្គការ WHO បានបញ្ជាក់ថា អ្នកកើតជំងឺមហារីកនៅកម្ពុជា ក្នុងឆ្នាំ២០២២ មានរហូតដល់ ១៩៧៩៥ករណី ខណៈអ្នកស្លាប់មានចំនួន ១៣៧៩៩នាក់។ ក្នុងចំនួនអ្នកកើតជំងឺមហារីកនេះ ស្រ្តីមានចំនួន១០៦២៤ករណី ខណៈបុរសមាន៩១៧១ករណី។ 
 
បើទោះស្រ្តីមានចំនួនខ្ពស់ជាងមែន ប៉ុន្តែបុរសមានអត្រាកើត និងស្លាប់ដោយសារជំងឺមហារីកលើសស្រ្តី នៅមុនអាយុ ៧៥ឆ្នាំ។ តាមទិន្នន័យចេញថ្ងៃទី១ ខែកុម្ភៈ បុរសមានអត្រាកើតជំងឺមហារីកចំនួន ១៥,៥ភាគរយ ខណៈស្រ្តីមានចំនួន ១៣ភាគរយ។ ចំណែកអត្រាទទួលមរណភាពមុនអាយុ ៧៥ឆ្នាំវិញ បុរសមានអត្រា ១២,៥ភាគរយ និងស្រ្តីមានចំនួន ៨,៦ភាគរយ។ ប្រភេទជំងឺមហារីកដែលកើតច្រើនជាងគេក្នុងប្រទេសកម្ពុជាមាន ជំងឺមហារីកថ្លើម សួត សុដន់ និងពោះវៀនធំ។ 
 
សូមបញ្ជាក់ថា ករណីកើតថ្មីនៃជំងឺមហារីកនៅទូទាំងពិភពលោក ក្នុងឆ្នាំ២០២២មានចំនួនប្រមាណ ២០លានករណី និងមានអ្នកស្លាប់ ៩,៧លាននាក់។ ទន្ទឹមនេះ ទីភ្នាក់ងារអន្តរជាតិទទួលបន្ទុកការស្រាវជ្រាវលើមហារីក (IARC) ដែលជាទីភ្នាក់ងាររបស់អង្គការ WHO បានប៉ាន់ប្រមាណថា មនុស្សលើសពី៣៥លាននាក់ អាចនឹងកើតជំងឺមហារីកនៅក្នុងឆ្នាំ២០៥០ ពោលគឺកើនឡើងប្រមាណ ៧៧ភាគរយ បើធៀបនឹងឆ្នាំ២០២២៕ 

Tag:
 (កម្ពុជា
  មហារីក)
© រក្សាសិទ្ធិដោយ thmeythmey.com