អន្តរជាតិ
ថៃចង់ដកបម្រាមលក់គ្រឿងស្រវឹងពេលរសៀល ដើម្បីទាញភ្ញៀវទេសចរមុនសង្រ្កាន្ត
05, Feb 2024 , 11:29 am        
រូបភាព
រដ្ឋមន្រ្តីសុខាភិបាលថៃ លោក Cholnan Srikaew (ឆ្វេង)។ រូបភាព Facebook Cholnan Srikaew និងPinterest
រដ្ឋមន្រ្តីសុខាភិបាលថៃ លោក Cholnan Srikaew (ឆ្វេង)។ រូបភាព Facebook Cholnan Srikaew និងPinterest
រដ្ឋាភិបាលថៃ កំពុងស្វះស្វែងរកការលើកចោលបម្រាមលក់គ្រឿងស្រវឹងនៅពេលរសៀល ចន្លោះពីម៉ោង២ ដល់ម៉ោង៥ ដើម្បីបង្កើនភ្ញៀវទេសចរបន្ថែម មុនពិធីចូលឆ្នាំប្រពៃណីខ្លួនចូលមកដល់នៅខែមេសា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី៤ ខែកុម្ភៈ។ យ៉ាងណាមិញ អាជ្ញាធរថៃ ត្រូវសិក្សាពីវិធានការទប់ស្កាត់ កុំឱ្យប៉ះពាល់ដល់អ្នកក្រោមអាយុ២០ឆ្នាំ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ជាដើម។

 
ចន្លោះពីម៉ោង ២ ដល់ ៥រសៀល ថៃ បានហាមឃាត់គ្រប់បណ្តាលក់ស្រាទាំងអស់ មិនឱ្យលក់គ្រឿងស្រវឹងឡើយ។ កន្លងមក បម្រាមបែបនេះ ត្រូវបានអ្នកលក់គ្រឿងស្រវឹងត្អូញត្អែរថា ប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន បើទោះរដ្ឋាភិបាល បានអនុញ្ញាតឱ្យកន្លែងរកស៊ីផ្តល់សេវាកម្មកម្សាន្តបើកដល់ម៉ោង ៤ព្រឹកក៏ដោយ។ 
 
ត្រង់ចំណុចនេះ លោក Thanakorn Kuptaji ទីប្រឹក្សាសមាគមធុរកិច្ចគ្រឿងស្រវឹងថៃ (Tabba) បានបញ្ចុះបញ្ចូលថា រដ្ឋាភិបាលគួរតែធ្វើឱ្យអ្នករកស៊ី ផ្តល់សេវាកម្សាន្តអាចទាញប្រយោជន៍បានពេញលេញ និងអាចបង្កើនការផ្សព្វផ្សាយទៅភ្ញៀវទេសចរបន្ថែម។ នេះមិនមែនជាលើកទីមួយឡើយ ដែលមានការអំពាវនាវឱ្យលុបចោលបម្រាមខាងលើ។ 
 
ជុំវិញបញ្ហានេះ រដ្ឋមន្រ្តីសុខាភិបាលថៃ លោក Cholnan Srikaew នឹងស្នើឱ្យគណៈកម្មាធិការគ្រប់គ្រងគ្រឿងស្រវឹងជាតិ ពិភាក្សាលើបញ្ហានេះ តាមសំណើសមាគមអ្នកលក់គ្រឿងស្រវឹង។ 
 
«គណៈកម្មាធិការ នឹងពិភាក្សាពីវិធានការបន្ថែម ប្រសិនបើមានការឯកភាពលើកចោលបម្រាមលក់គ្រឿងស្រវឹង នៅចន្លោះម៉ោង២ ដល់៥រសៀល ដើម្បីជាប្រយោជន៍សម្រាប់រដ្ឋាភិបាលក្នុងការផ្សព្វផ្សាយទេសចរណ៍»។ រដ្ឋមន្រ្តីសុខាភិបាល បានសង្កត់ធ្ងន់បែបនេះ។
 
តាមប្រភពសុំមិនបញ្ចេញឈ្មោះ គណៈកម្មាធិការគ្រប់គ្រងគ្រឿងស្រវឹងជាតិ ដែលមានលោក Cholnan ជាប្រធាន នឹងមានកិច្ចប្រជុំនៅថ្ងៃទី១៥ ខែកុម្ភៈ។ ប្រសិនបើត្រូវបានអនុម័ត សំណើលុបបម្រាមខាងលើ នឹងបញ្ជូនទៅគណៈកម្មាធិការគោលនយោបាយគ្រប់គ្រងគ្រឿងស្រវឹងថៃ ដែលដឹកនាំដោយនាយករដ្ឋមន្រ្តី ឬឧបនាយករដ្ឋមន្រ្តី។ 
 
ការហាមឃាត់លក់គ្រឿងស្រវឹង ត្រូវបានអនុវត្តមកតាំងពី៥០ឆ្នាំមុនមកម្ល៉េះ ដើម្បីទប់ស្កាត់មន្រ្តីមិនឱ្យបរិភោគគ្រឿងស្រវឹងនៅពេលថ្ងៃ និងបន្ថយពិធីជប់លៀងរបស់មន្រ្តី។
 
យ៉ាងណាមិញ គណៈកម្មាធិការគ្រប់គ្រងគ្រឿងស្រវឹងជាតិថៃ ក៏ត្រូវធានាផងដែរថា ការលើកចោលវិធានរឹតត្បិតខាងលើ នឹងការពារសាធារណៈ ជាពិសេសប្រជាជនមិនទាន់គ្រប់អាយុបរិភោគគ្រឿងស្រវឹង រួមទាំងការបង្កើនវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងបង្ការការលក់គ្រឿងស្រវឹងខុសច្បាប់ ទៅអ្នកក្រោមអាយុបរិភោគ។ 
 
តាមប្រភពប្រាប់កាសែតបាងកកប៉ុស្តិ៍ដដែល សំណើខាងលើ នឹងត្រូវពន្លឿនឱ្យឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន ដើម្បីអាចឱ្យវាចូលជាធរមានមុនពិធីចូលឆ្នាំនៅថៃ ក្នុងខែមេសា។ ការលើកចោលបម្រាមខាងលើ នឹងអនុវត្តក្រោយផែនការលើកលែងទិដ្ឋាការថៃ-ចិន រយៈពេលវែងចូលជាធរមានក្នុងខែមីនា។
 
បើវាត្រូវបានលើកចោលមែន ភ្ញៀវទេសចរ អាចទិញគ្រឿងស្រវឹងសម្រាប់បរិភោគបាន នៅពេលអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។ 
 
សូមបញ្ជាក់ថា ថៃ បានទាក់ទាញភ្ញៀវទេសចរបានចំនួន លើសពី២៧លាននាក់ នៅក្នុងឆ្នាំ២០២៣ ដោយកើបចំណូលបានជាច្រើនពាន់លានដុល្លារ។ ថៃ បានប៉ាន់ប្រមាណថា នឹងទទួលបានភ្ញៀវទេសចរប្រមាណ ៣៥លាននាក់ ក្នុងឆ្នាំ២០២៤ តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើនការផ្សព្វផ្សាយជាកន្លែងសុវត្ថិភាពជាដើម៕ 

Tag:
 ថៃ
  សង្រ្កាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com