កីឡាជាតិ
ជាតិ
ឡៅ ចន្ទ្រា ទទួលសំណើសងសឹកពីសុដ សាខន ចំណែក ធន់ រិទ្ធី សងសឹក សៃយុគមិនបានសម្រេច
05, Feb 2024 , 11:59 am        
រូបភាព
ធន រិទ្ធី និង Saiyok ឡើងទទួលប្រាក់ឧបត្ថម្ភ។ រូបពីវីដេអូ ទទក
ធន រិទ្ធី និង Saiyok ឡើងទទួលប្រាក់ឧបត្ថម្ភ។ រូបពីវីដេអូ ទទក
ក្រោយចាញ់ ឡៅ ចន្ទ្រា ដោយពិន្ទុ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ លើប្រភេទទម្ងន់ ៧៣គីឡូក្រាម ក្នុងព្រឹត្តិការណ៍ The Battle of the King នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅព្រែក​ឯង អ្នកប្រដាល់ថៃ សុដ សាខន បានស្នើសុំប្រកួតសងសឹក។ ចន្ទ្រា ព្រមទទួលយកការសុំសងសឹក ប៉ុន្ដែមិនទទួលយកលក្ខខណ្ឌរុំអំបោះឆៅឡើយ។ ចំណែក ធន់ រិទ្ធី នៅតែមិនអាចសងសឹក សៃយុគ ក្រោយបានត្រឹមស្មើនៅទឹកដីខ្មែរ។



ឡៅ ចន្ទ្រា បានយកឈ្នះ សុដ សុខន ដោយពិន្ទុ ក្រោយប្រកួត៣ទឹក ក្នុងការដណ្ដើមខ្សែក្រវាត់ប្រភេទទម្ងន់ ៧៣គីឡូក្រាម។ កីឡាករថៃ មិនអស់ចិត្តចំពោះការប្រកួតនេះ ហើយបានសុំឲ្យអ្នករៀបចំការកម្មវិធី ផ្គូរផ្គងឲ្យមានជំនួបសងសឹក។
 
ឡៅ ចន្ទ្រា ដែលអ្នកគាំទ្រឲ្យរហស្សនាមថា«នាយសង្ហា» យល់ព្រមប្រកួតសងសឹកជាមួយកីឡាករថៃរូបនេះ ប៉ុន្ដែបដិសេធការប្រកួតលក្ខខណ្ឌរុំអំបោះឆៅ ដោយពាក់ស្រោមដៃប្រដាល់ធម្មតា។ ឡៅ ចន្ទ្រា លើកហេតុផលថា ដោយសារតែខ្លួនមានរបួសដៃយូរមកហើយ ទើបអាចប្រកួតបានត្រឹមតែហ្គង់ដៃធម្មតាប៉ុណ្ណោះ។ ចំពោះកាលបរិច្ឆេទ​ប្រកួតសងសឹកនោះ អ្នករៀបចំកម្មវិធី មិនទាន់បញ្ជាក់នៅឡើយទេ។
  
ឡៅ ចន្ទ្រា និងSukdsakhorn

ក្នុងសង្វៀនជាមួយគ្នានោះ ធន់ រិទ្ធី បានប្រកួតស្មើជាមួយ Saiyok លើទម្ងន់ ៧៣គីឡូក្រាម ក្នុងការប្រកួតលក្ខណៈរុំអំបោះឆៅ វាយដាក់ខ្សែក្រវាត់ទៅវិញទៅមក។ ការប្រកួតនេះ ក្នុងទឹកទី១ និងទឹកទី២ កីឡាករទាំងពីរ វាយទៅវាយមក ដោយការប្រុងប្រយ័ត្នបំផុត។ លុះចូលដល់ទឹកទី៣ ធន់ រិទ្ធី បានវាយចំកណ្ដាលផ្ទៃ Siayok បណ្ដាលឲ្យអាជ្ញាកណ្ដាលរាប់ម្ដង។ ក្នុងទឹកដដែលនោះ Siayok ដូចជាដឹងថា ប្រសិនជាមិនប្រឹងវាយបកឲ្យ ធន់ រិទ្ធី រាប់វិញទេ ច្បាស់ជាចាញ់ពិន្ទុ។ ចំណែកឯកីឡាករកម្ពុជារូបនេះ ក៏ព្យាយាមគេចពីកំដាប់ដៃរបស់កីឡាករថៃនេះដូចគ្នា ប៉ុន្ដែក៏បានភ្លាត់ត្រូវ១ជើងចំក និង១ដៃចំមុខ ហើយអាជ្ញាកណ្ដាលរាប់ នៅក្នុងទឹកទី៣នេះដែរ។ លទ្ធផល រវាងអ្នកទាំង២ បានត្រឹមស្មើប៉ុណ្ណោះ។
 
នេះជាការសងសឹកមិនបានសម្រេចរបស់ រិទ្ធី លើសៃយុគ ដ្បិតអ្នកទាំងពីរធ្លាប់បានជួបគ្នាម្តងហើយ នៅទឹកដីថៃ ដែលកាលនោះ អ្នកប្រដាល់ចាស់វស្សារបស់ថៃ វ័យ៣៨ឆ្នាំ បានផ្តួល រិទ្ធិ វ័យ២៣ឆ្នាំសន្លប់នៅលើសង្វៀន Thai Fight៕

Tag:
 ប្រដាល់គុនខ្មែរ
  ឡៅ ចន្ទ្រា
© រក្សាសិទ្ធិដោយ thmeythmey.com