ជាតិ
ការ​សិក្សា​ថ្មី​បង្ហាញ​ថា​ ប្រជាជន​កម្ពុជា​ទាំង​អស់​ចំណាយ​ប្រាក់​សរុប​ជាង​ ២,៣​ពាន់​លាន​ដុល្លារ​លើ​ស្រាបៀរ​ក្នុង​មួយ​ឆ្នាំ
05, Feb 2024 , 10:59 pm        
រូបភាព
ដោយ: VOA
ការ​សិក្សា​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ជប៉ុន​ឈ្មោះ​ Kirin ​ ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ​បាន​ឱ្យ​ដឹង​ថា​ ប្រជាជន​កម្ពុជា​សរុប​ទាំង​អស់​បាន​ចំណាយ​ប្រាក់​ប្រមាណ​២,៣​ពាន់​ (ពីរពាន់​បីរយ)​លាន​ដុល្លារ​ទៅ​លើ​ការ​ពិសា​ស្រាបៀរ ​ដោយ​ម្នាក់ៗ​បាន​ពិសា​ស្រាបៀរ​ប្រមាណ​៧២​លីត្រ​ និង​ចំណាយ​ប្រាក់​ប្រមាណ​១៣៦​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ​របាយ​ការណ៍​នេះ​បាន​សិក្សា​ក្នុង​ចន្លោះ​ឆ្នាំ​២០២០-២០២១។​



ការ​សិក្សា​រក​ឃើញ​ថា​ ទ្វីប​អាស៊ី​ជា​ទ្វីប​ដែល​សម្បូរ​អ្នក​ទទួល​ទាន​ស្រា​ច្រើន​ជាង​គេ ​គឺរហូត​ដល់​៣៣,៩% ​ខណៈ​ទ្វីប​អឺរ៉ុប​មាន​ចំនួន​២៥,៨%។​
 
របាយ​ការណ៍​នោះ​បាន​បញ្ជាក់​ទៀត​ថា​ ប្រជាជន​កម្ពុជា​ម្នាក់​ទទួល​ទាន​ស្រាប្រមាណ​៧២​លីត្រ​ក្នុង​មួយ​ឆ្នាំ ​ដែល​បាន​កើន​ជាង​២៧% ក្នុង​មួយ​ឆ្នាំ។​
 
បើ​តាម​ការ​សិក្សា ​ប្រសិន​បើ​ប្រជាជន​កម្ពុជា​ម្នាក់​ទទួល​ទាន​ស្រាបៀរ​ដែល​មាន​ចំណុះ​៣៣០​មីលី​លីត្រ​ក្នុង​មួយ​កំប៉ុង ​ហើយ​តម្លៃ​ស្រាបៀរ​ក្នុង​មួយ​កំប៉ុង​២៥០០​រៀល ​នោះ​ម្នាក់ៗ​ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់​១៣៦​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។​
 
ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ លោក ​យង់ គិមអេង ​យល់​ថា​ ការ​រក​ឃើញ​នៅ​ក្នុង​ការ​សិក្សា​មួយ​នេះ​បង្ហាញ​ថា​ កម្ពុជា​កំពុង​ធ្លាក់​ចូល​ជ្រៅ​ទៅ​ក្នុង​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សង្គម ​និង​សុវត្ថិ​ភាព​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ។​ លោក​បន្ត​ថា​ ការ​សិក្សា​នេះ​ក៏​ជា​សញ្ញា​ក្នុង​ការ​ដាស់​តឿន​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ពន្លឿន​នូវ​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ផលិត​ផល​គ្រឿង​ស្រវឹង ​ដោយ​សារ​តែ​ការ​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ទៅ​លើ​គ្រឿង​ស្រវឹង​មាន​ចំនួន​ច្រើន​ហួស​ប្រមាណ។​
 
លោក​លើក​ឡើង​ទៀត​ថា​ មិន​អាច​មាន​ការ​ហាម​ឃាត់​មិន​ឱ្យ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នោះ​ទេ ​ប៉ុន្តែ​អាច​កាត់​បន្ថយ​ចំនួន​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ទាំង​នេះ​នៅ​តាម​កន្លែង​សាធារណៈ​មួយ​ចំនួន​ និង​រឹត​បន្តឹង​ច្បាប់​ការ​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង​ជា​ដើម។ បើ​តាម​លោក ​យង់ គិមអេង​ ការ​ដំឡើង​ពន្ធ​លើ​គ្រឿង​ស្រវឹង​នឹង​អាច​នាំ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​មាន​ការ​កើន​ឡើង​ផង​ដែរ។​
 
លោក​ថ្លែង​ថា៖ ​«ការ​ដំឡើង​ពន្ធ​ហ្នឹង​វា​ជួយ​កាត់​បន្ថយ​ហានិភ័យ​ផង​ ហើយ​ជួយ​បង្កើន​ចំណូល​ថវិកា​ជាតិ​ដល់​រដ្ឋាភិបាល​ផង។ ​អ៊ីចឹង​ជាទូទៅ​គឺ​នៅ​លើ​ពិភព​លោក​នេះ​ គេ​ឃើញ​ថា​ ការ​ដំឡើង​ពន្ធ​គឺ​ជា​មធ្យោបាយ​ឈ្នះ​ឈ្នះ​ ឈ្នះ​ទាំង​សុខភាព ​ឈ្នះ​ទាំង​ឈ្នះ​ចំណូល​សេដ្ឋកិច្ច​ជាតិ»។
 
លោក យង់ គិមអេង​ ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​មាន​ផល​ប៉ះពាល់ ​និង​បង្ក​ជា​ជំងឺ​ជា​ច្រើន​ទៅ​ដល់​អ្នក​ប្រើប្រាស់ ​ហើយ​គ្រឿង​ស្រវឹង​ក៏​ជា​ដើម​ហេតុ​នៃ​បញ្ហា​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ផង​ដែរ។​
 
លោក​ថ្លែង​ថា៖ ​«បើ​យើង​មិន​ចូល​រួម​ទប់​ស្កាត់​ទេ ​បញ្ហានេះ​វា​នឹង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ជាទូទៅ​ ជាពិសេស​ស្រ្តី ​និង​កុមារ​រួមទាំង​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ផង​ដែរ»។​
 
ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សង្គម​កម្ពុជា ​និង​បណ្តាល​ឲ្យ​មាន​ជំងឺ​ធំៗ​ជាង​៦០​ប្រភេទ ​ក្នុង​នោះ​រួម​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង ​ក្រិន​ថ្លើម ​មហារីក​ និង​ជំងឺ​កាមរោគ ​រួម​ទាំង​មេរោគ​អេដស៍/ជំងឺ​អេដស៍ ​និង​ការ​ស្លាប់ ​និង​របួស​ដោយ​អចេតនា​ជាច្រើន​ករណី ​ជាពិសេស​ពាក់​ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍។ ​នេះ​បើ​តាម​របាយ​ការណ៍​មួយ​របស់​មូលនិធិ​អាស៊ី​ស្តី​ពី​«ឧស្សាហ​កម្ម​គ្រឿង​ស្រវឹង​កម្ពុជា» ​ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា ​ឆ្នាំ​២០១៦។​
 
វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកស្រី ​ឱ វណ្ណឌីន​ រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​នៅ​ឡើយ​ទេ។​
 
សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង​បាន​ជាប់​គាំង​ជិត​១០ឆ្នាំ​មក​ហើយ។ ​សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​អនុញ្ញាត​ឱ្យ​យុវជន​អាយុ​ក្រោម​២១​ឆ្នាំ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នោះ​ទេ ​ហើយ​ច្បាប់​នេះ​នឹង​ដាក់​បន្ទុក​ពន្ធ​ខ្ពស់​ទៅ​លើ​គ្រឿង​ស្រវឹង​ និង​រឹត​បន្តឹង​លើ​ការ​បើក​លក់​គ្រឿង​ស្រវឹង​ពេល​យប់​ជា​ដើម។​
 
ការ​ស្ទង់​មតិមួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​សុខាភិបាល​ និង​ស្ថាប័ន​រដ្ឋាភិបាល​ពាក់ព័ន្ធ​ផ្សេង​ទៀត​ក៏​បាន​បង្ហាញ​ថា ​បុរស​៧​នាក់​ក្នុង​ចំណោម​១០​នាក់ ​ដែល​ស្មើ​ប្រមាណ​៧០% ​សេព​គ្រឿង​ស្រវឹង។​ នេះ​បើ​តាម​របាយ​ការណ៍​ស្តីពី​ការ​អង្កេត​ប្រជា​សាស្ត្រ ​និង​សុខភាព​កម្ពុជា​ឆ្នាំ​២០២១-២០២២ ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​មេសា ​ឆ្នាំ​២០២៣។​
 
ការ​ស្ទង់​មតិ​បង្ហាញ​ថា​ ក្នុង​មួយ​ខែ ​បុរស​១០% ​ពិសា​គ្រឿង​ស្រវឹង​ជា​រៀង​រាល់​ថ្ងៃ​ ឬ​ស្ទើរ​តែ​រាល់​ថ្ងៃ។​ ចំណែក​បុរស ​៦០% ​សេព​គ្រឿង​ស្រវឹង​ពី​១ ​ថ្ងៃ​ទៅ​ ៥ ​ថ្ងៃ។ ​ បុរស​១៨% ​ពិសា​គ្រឿង​ស្រវឹង​ ៦ ​ថ្ងៃ​ទៅ​១០ ​ថ្ងៃ ​និង​ បុរស​១២%​ ពិសា​គ្រឿង​ស្រវឹង​ពី​១១ ​ថ្ងៃ​ទៅ២៤​ថ្ងៃ៕
 
អត្ថបទដោយ ស៊ឹម ចាន់សំណាង

© រក្សាសិទ្ធិដោយ thmeythmey.com