ដោយ៖កែវ ឆាយា
សង្គ្រាមអ៊ុយក្រែន – គិតតាំងពីឆ្នាំ២០២២មក គឺមានពលរដ្ឋរុស្ស៊ីជាងកន្លះលាននាក់ហើយ ដែលបានចូលខ្លួនធ្វើការ បម្រើវិស័យឧស្សាហកម្មយោធា ពោលគឺវិស័យផលិតគ្រឿងសព្វាវុធ និងសម្ភារៈសម្រាប់កងទ័ព។ នេះបើតាមការថ្លែងឲ្យដឹង ពីសំណាក់លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន កាលពីរសៀលថ្ងៃសុក្រទី២ កុម្ភៈ ។ តួលេខនេះ បានរំលេចឲ្យឃើញ អំពីប្រពលភាពនៃការខំប្រឹងប្រែងនៅរុស្ស៊ី ដើម្បីគាំទ្រដល់ប្រតិបត្តិការ វាយលុកក្នុងសង្គ្រាមនៅអ៊ុយក្រែន សង្គ្រាមដែលរុស្ស៊ីខ្លួនឯង បានបញ្ឆេះឡើង កាលពីជិត២ឆ្នាំមុន។
ក្នុងរយៈពេល ១ឆ្នាំកន្លះកន្លងទៅ កន្លែងការងារថ្មីៗចំនួន ៥សែន ២ម៉ឺនកន្លែង ត្រូវបានបង្កើតឡើង ក្នុងឧស្សាហកម្មយោធា។ សេចក្តីនេះ ថ្លែងដោយមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ក្នុងវេទិកា សម្រាប់គាំទ្រដល់ ប្រតិបត្តិការវាយលុករុស្ស៊ីនៅអ៊ុយក្រែន ។ វេទិកានេះ បានប្រព្រឹត្តទៅ នៅឯក្រុង Toula ចម្ងាយ ២០០ គម ខាងត្បូងពីរដ្ឋធានីម៉ូស្គូ។
តាំងពីឆ្នាំ ២០២២ មក រុស្ស៊ី បានប្រែទាំងស្រុងទិសដៅសេដ្ឋកិច្ចខ្លួន ទៅខាងឧស្សាហកម្មផលិតសព្វាវុធ និង បន្ថយល្បឿនខាងផលិតកម្មផ្នែកស៊ីវិល ទោះបីខ្លួនជាប់ក្នុងគំនាបទណ្ឌកម្មបស្ចិមលោកក្តី - ទណ្ឌកម្ម ដែល តាំងគោលដៅជាអាទិ័គឺ ដើម្បីរំខានរុស្ស៊ីក្នុងការផលិតស្បៀងរំសេវ និង សព្វាវុធ។
ប៉ុន្តែម៉ូស្គូចេះឃ្វាងបានដូចចិត្ត វិធានការខ្លះនៃទណ្ឌកម្មទាំងនោះ ហើយទទួលបាន ឧទាហរណ៍ គឺ គ្រឿង គ្រៅនានានៃ micro-electronique ដែលខ្លួនត្រូវការ ជាពិសេស ពីបណ្តាប្រទេសអាស៊ី។
រដ្ឋាភិបាលរុស្ស៊ី បានគ្រោងទៅហើយ បង្កើនយ៉ាងសម្បើម រហូតដល់ ៧០% នៃថវិកាសហព័ន្ធ ទុកសម្រាប់ ផ្គត់ផ្គង់ដល់ផ្នែកការពារប្រទេស។
រីឯ ការផ្តោតសេដ្ឋកិច្ចរុស្ស៊ី ជាអាទិភាពទៅលើសកម្មភាពនៃវិស័យការពារប្រទេស ជាទីដែលប្រាក់ខែមាន កម្រិតខ្ពស់ជាងក្នុងវិស័យឯទៀត រួមផ្សំជាមួយនឹង កំណែនមនុស្សរាប់សែននាក់ ឲ្យចូលប្រើកងទ័ព ព្រម ទាំងលំហូរទៅក្រៅប្រទេសនៃចំនួនពលរដ្ឋយ៉ាងច្រើនបង្គួរ អស់ទាំងនេះ បង្កជាការខ្វះខាតកម្លាំងពលករ ក្នុងស្រុកសម្រាប់ធ្វើការ។
ផ្ទាំងបដាឃោសនាព្រោងព្រាត សរសេរថា អរគុណ អ្នកការពារយើង។ AP Dmitri Lovetsky
តាមតួលេខ លោក វ៉្លាឌីមៀរ ពូទីន ៖ ប្រទេសរុស្ស៊ីមានសហគ្រាសចំនួន ៦.០០០ កន្លែង ដែលស្ថិតក្នុង ប្រព័ន្ធពហុឧស្សាហកម្មយោធា ប្រើកម្លាំងពលករ ៣លាន ៥សែននាក់ នេះដោយមិនទាន់រាប់ ពួកអ្នកម៉ៅការរង ចំនួន១ម៉ឺននាក់ ទៅផង។
បើសមរភូមិ ជាសកលនៅកកស្ទះក្នុងប្រទេសអ៊ុយក្រែន នោះ អ្នកសង្កេតការណ៍ខ្លះចុះសម្រុងគ្នាថា ចាប់ពីអំណើះតទៅ សមត្ថភាពផលិតអាវុធនិងស្បៀងសឹក ដែលខាងអ៊ុយក្រែនគឺ ពឹងផ្អែកលើជំនួយ បស្ចិមលោក ហើយខាងរុស្ស៊ី គឺ នឹងមានន័យប្តូរប្តេជ្ញ សម្រាប់ច្បាំងកាន់តែខ្លាំងក្លាទៅទៀត។
ម៉្លោះហើយ បានជា ថ្ងៃសុក្រ លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងដាស់តឿន បណ្តាសហគ្រាសរុស្ស៊ី ឲ្យ "សកម្មឡើងវិញ” ឈានទៅកាន់ការវិវឌ្ឍន៍បច្ចេកវិទ្យា នៅលើសមរភូមិ។
តាមអំណះអំណាងលោកពូទីន ៖ ឥឡូវ ដើម្បីទទួលបានជោគជ័យលើសមរភូមិ គឺចាំបាច់ត្រូវតែ ប្រតិកម្ម ឲ្យបានសមស្របយ៉ាងលឿន ទល់នឹង អ្វីដែលកំពុងប្រព្រឹត្តទៅនៅទីនោះ។ ហើយនរណាដែលចេះ ប្រតិកម្ម បែបនេះលឿនជាងគេ គឺទទួលជ័យជំនះ។
បើចៅហ្វាយវិមានក្រេមឡាំង នៅទីបំផុត បានសាទរ ចំពោះ ផលិតកម្មយោធាដែល នាំឲ្យ “សោមនស្សក្រៃ” នោះ រុស្ស៊ី ស្រាប់តែត្រូវលោកខាងលិច សង្ស័យថាបានទទួល ពីកូរ៉េខាងជើង ជា សម្ព័ន្ធមិត្តខ្លួន គឺ គ្រាប់កាំភ្លើងធំ ដល់ទៅជាង ១ លាន គ្រាប់ ឯណោះ។
ចំណែកអ៊ុយក្រែន ខំអំពាវនាវ បស្ចិមលោក ឲ្យ បង្កើតជា”ឧបសគ្គរាំងរា” ដល់ការផលិតសព្វាវុធនៅរុស្ស៊ី ទាំង អះអាងថា ៩៥% នៃ គ្រឿងផ្សំសំខាន់ៗបំផុតពីបរទេស “ ដែលប្រើដើម្បីផលិតសព្វាវុធរុស្ស៊ី គឺមាន ប្រភពវា ចេញមកពី បណ្តាក្រុមហ៊ុនប្រទេសខាងលិចតែម្តង ៕