អន្តរជាតិ
អ្នកនិពន្ធជនជាតិអូស្រ្តាលីដើមកំណើតចិនម្នាក់ ត្រូវបានក្រុងប៉េកាំងកាត់ទោសប្រហារជីវិត
05, Feb 2024 , 4:59 pm        
រូបភាព
អ្នកនិពន្ធជនជាតិអូស្រ្តាលីដើមកំណើតចិន លោក Yang Hengjun ត្រូវបានអាជ្ញាធរចិនប្រកាសកាត់ទោសប្រហារជីវិត។ រូបភាព Reuters
អ្នកនិពន្ធជនជាតិអូស្រ្តាលីដើមកំណើតចិន លោក Yang Hengjun ត្រូវបានអាជ្ញាធរចិនប្រកាសកាត់ទោសប្រហារជីវិត។ រូបភាព Reuters
អ្នកនិពន្ធជនជាតិអូស្រ្តាលីដើមកំណើតចិន លោក Yang Hengjun ត្រូវបានអាជ្ញាធរចិនប្រកាសកាត់ទោសប្រហារជីវិត។ លោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី បានប្រកាសបែបនេះ នៅថ្ងៃទី៥ ខែកុម្ភៈ។ យ៉ាងណាមិញ លោក Yang អាចនឹងត្រូវបានបន្ធូរបន្ថយទោសមកត្រឹមជាប់ពន្ធនាគារមួយជីវិត ឬក្នុងរយៈពេលកំណត់ណាមួយ ប្រសិនបើមិនបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរផ្សេងទៀត ក្នុងរយៈពេលពីរឆ្នាំបន្ទាប់។

 
លោក Yang Hengjun ជនជាតិអូស្រ្តាលីដើមកំណើតចិន ត្រូវបានអាជ្ញាធរចិន ចាប់ខ្លួននៅក្នុងឆ្នាំ២០១៩ នៅពេលលោកមកដល់អាកាសយានដ្ឋានក្រុង Guangzhou ដែលស្ថិតនៅភាគខាងត្បូង បន្ទាប់ពីត្រលប់មកពីក្រុងញូវយ៉ក។ លោក Yang ដែលជាអ្នកនិពន្ធមួយរូប និងធ្លាប់រិះគន់រដ្ឋាភិបាលចិន ត្រូវបានចោទពីបទចារកិច្ច។ លោក Yang បានច្រានចោលការចោទប្រកាន់នោះ។ 
 
យ៉ាងណាមិញ អ្នកនិពន្ធអូស្រ្តាលីរូបនេះ ត្រូវបានតុលាការក្នុងក្រុងប៉េកាំងកាត់ទោសប្រហារជីវិត នៅថ្ងៃទី៥ ខែកុម្ភៈ បន្ទាប់ពីឃុំខ្លួននៅចិនរយៈពេល ៥ឆ្នាំ។ ត្រង់ចំណុចនេះ ប្រមុខការទូតអូស្រ្តាលីបានចាត់ទុកការសម្រេចរបស់ចិន ជារឿងមិនល្អសម្រាប់លោកYang និងគ្រួសាររបស់លោក Yang។ 
 
«នេះជាព័ត៌មានដ៏ឈឺចាប់សម្រាប់លោក Yang, គ្រួសាររបស់គាត់ និងអ្នកគាំទ្រគាត់ទាំងអស់។ យើងនឹងនៅជាមួយលោក Yang»។ លោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៥ ខែកុម្ភៈ ដោយបន្តបង្ហាញការមិនពេញចិត្តរបស់ក្រុងកង់បេរ៉ាលើការសម្រេចរបស់ចិន។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល លោកស្រី Wong បានបន្តថា សាលក្រម និងការកាត់ក្តី ត្រូវបានតុលាការចិនពន្យារពេលចេញម្តងហើយម្តងទៀត បើទោះសវនាការបិទទ្វារ បានចាប់ផ្តើមពីខែឧសភា ឆ្នាំ២០២១ក៏ដោយ។ 
 
ក្នុងសវនាការបិទទ្វារលើសំណុំរឿងលោក Yang អាជ្ញាធរចិន បានរឹតត្បិតសន្តិសុខយ៉ាងខ្លាំងនៅតុលាការ ហើយសូម្បីតែមន្រ្តីទូតរបស់អូស្រ្តាលី ក៏មិនត្រូវបានអនុញ្ញាតឱ្យចូលស្តាប់ក្នុងសវនាការដែរ។ ចំណែកព័ត៌មានលម្អិតជុំវិញការកាត់ក្តី ក៏មិនត្រូវបានចិនបង្ហាញជាសាធារណៈនោះឡើយ។ 
 
បើទោះត្រូវកាត់ទោសប្រហារជីវិតមែន ប៉ុន្តែលោក Yang មានរយៈពេល​ ២ឆ្នាំ ដើម្បីប្រព្រឹត្តសកម្មភាពល្អៗ។ ប្រសិនបើក្នុងរយៈពេលនេះ អ្នកនិពន្ធជនជាតិអូស្រ្តាលីមិនប្រព្រឹត្តអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរអ្វីទេ លោកនឹងត្រូវបានបន្ថយទម្ងន់ទោសមកត្រឹមជាប់ពន្ធនាគារមួយជីវិត ឬរយៈពេលកំណត់ណាមួយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
យ៉ាងណាមិញ នៅក្នុងពេលនេះ ស្ថានភាពសុខភាពរបស់ជនជាតិអូស្រ្តាលីរូបនោះ មិនសូវល្អឡើយ ហើយមានដុំពកនៅតម្រងនោមថែមទៀត។ អ្នកនិពន្ធរូបនេះ ក៏បារម្ភពីសុខភាពរបស់ខ្លួនផងដែរថា ទំនងមិនអាចសល់ជីវិតមុនពេលចេញពីការជាប់ឃុំ។ 
 
«យើងនឹងបន្តជំរុញលើសុខមាលភាព និងផលប្រយោជន៍របស់លោកYang រួមទាំងទទួលបានការព្យាបាលផ្នែកវេជ្ជសាស្រ្តត្រឹមត្រូវ»។ លោកស្រី Wong រដ្ឋមន្រ្តីការទូតអូស្រ្តាលី បានលើកឡើងបែបនេះ។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន CNN លោក Yang ធ្លាប់ធ្វើការនៅក្រសួងការបរទេសចិន មុនពេលទៅរស់នៅអូស្រ្តាលី។ ពីក្រៅប្រទេស អ្នកនិពន្ធរូបនេះ បានសរសេររិះគន់រដ្ឋាភិបាលចិនយ៉ាងខ្លាំងក្លា។ ជុំវិញព័ត៌មានខាងលើ ក្រសួងការបរទេសចិន បានបដិសេធវត្តមានលោកYang ធ្លាប់ធ្វើការនៅក្រសួងរបស់ខ្លួន៕ 
 

Tag:
 ចិន
  អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com