RFI
អន្តរជាតិ
UNICEF៖ កុមារប៉ាឡេស្ទីនយ៉ាងហោច១៧០០០នាក់ បែកពីឪពុកម្តាយ រស់ក្នុងក្តីអស់សង្ឃឹម កុមារប៉ាឡេស្ទីនដែលរងរបួស ដោយការទម្លាក់គ្រាប់របស់កងទ័ពអ៊ីស្រាអែល នៅហ្កាហ្សា ថ្ងៃទី២១ វិច្ឆិកា២០២៣។ AP Marwan Saleh
×
ដោយ៖ម៉ម ពិសី
សង្គ្រាមនៅហ្កាហ្សា បានអូសបន្លាយជិត៤ខែហើយ ជាមួយនឹងចំនួនមនុស្សស្លាប់ ឡើងជាង ២៧០០០នាក់។ យោងតាមអង្គការយូនីសែហ្វ គឺកុមារប៉ាឡេស្ទីននៅហ្កាហ្សា កំពុងរស់រងទុក្ខវេទនាខ្លាំងបំផុត។ យ៉ាងហោចណាស់ មានកុមារប៉ាឡេស្ទីន ចំនួន១៧០០០នាក់ ដែលត្រូវព្រាត់ពីឪពុកម្តាយនិងក្រុមគ្រួសារ ហើយពួកគេ រស់ក្នុងក្តីអស់សង្ឃឹម ជាមួយនឹងវិបត្តិសតិស្មារតី តក់ស្លុតជាខ្លាំង ដោយសារតែសង្គ្រាមនេះ។
យ៉ាងហោចណាស់ មានកុមារប៉ាឡេស្ទីន ចំនួន១៧០០០នាក់ ដែលកំព្រា ព្រាត់ពីឪពុកម្តាយ និងក្រុមគ្រួសារនៅតំបន់ហ្កាហ្សា។ នេះបើផ្អែកតាមការលើកឡើង របស់លោក Jonathan Crickx អ្នកនាំពាក្យអង្គការUnicef ដែលបានធ្វើសន្និសីទកាសែតពីទីក្រុងហ្សេរុយសាឡឹម នៅថ្ងៃទី២កុម្ភៈ តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍។
លោកបានលើកឡើងថា ក្រុមការងាររបស់អង្គការUnicef បានជួបការលំបាកខ្លាំងណាស់ ក្នុងការប្រមូលទិន្នន័យព័ត៌មាន ស្តីពីកុមារទាំងនោះ ព្រោះថាភាគច្រើន ពួកគេខ្លះមិនទាំងចាំថាខ្លួនឯងឈ្មោះអ្វីផងទេ ដោយសារតែភ័យតក់ស្លុត រន្ធត់ខ្លាំង ពេលមកដល់មន្ទីរពេទ្យ។
លោកបានអះអាងថា តាមធម្មតា ក្នុងករណីមានសង្គ្រាម កុមារដែលព្រាត់ពីឪពុកម្តាយ តែងត្រូវបានបងប្អូនក្រុមគ្រួសារផ្សេងទៀត ទទួលជួយយកទៅនៅជាមួយ។ តែករណីនៅហ្កាហ្សាបច្ចុប្បន្ននេះ គឺថាប្រជាជនជាទូទៅខ្វះគ្រប់មុខ ខ្វះទាំងចំណីអាហារ ខ្វះថ្នាំសង្កូវ គ្មានទឹកស្អាត និងគ្មានទីជម្រក។ ក្រុមគ្រួសារនីមួយៗ ដែលជួបការលំបាកខ្លាំងរួចទៅហើយ មិនអាចទទួលជួយកុមារផ្សេងទៀត ដែលគ្មានអាណាព្យាបាលនោះឡើយ។
យោងតាមអង្គការUnicef យ៉ាងហោចណាស់ កុមារជាង១លាននាក់ នៅតំបន់ហ្កាហ្សា ពោលគឺសឹងតែទាំងអស់ ត្រូវការជាបន្ទាន់ នូវជំនួយសតិស្មារតី។ កុមារទាំងនោះ មានកម្រិតទុក្ខលំបាក និងកង្វល់ក្នុងចិត្ត ខ្ពស់បំផុត។ ពួកគេខ្លះមិនឃ្លានចំណី ដេកមិនលក់ ហើយជាទូទៅ ពួកគេឆាប់ភ័យស្លន់ស្លោខ្លាំង នៅពេលដែលឮសូរសំឡេងគ្រាប់ផ្ទុះម្តងៗ។
សូមបញ្ជាក់ដែរថា ផ្អែកតាមអង្គការសហប្រជាជាតិ ប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា ចំនួន១លាន៣សែននាក់ បានភៀសខ្លួនទៅនៅតំបន់រ៉ាហ្វា ដែលស្ថិតនៅភាគខាងត្បូងហ្កាហ្សា។ ចំនួនមនុស្សនៅកកកុញច្រើន ក្នុងបរិវេណតូចចង្អៀត កំពុងតែធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង ទាក់ទិននឹងបញ្ហាកខ្វះចំណីអាហារបរិភោគ និងជំងឺឆ្លងនានា ខណៈសីតុណ្ហភាពកាន់តែចុះត្រជាក់។
លោក Jens Laerke អ្នកនាំពាក្យការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ នៃអង្គការសហប្រជាជាតិ បានលើកឡើងថា នៅតំបន់រ៉ាហ្វា ជនភៀសខ្លួនប៉ាឡេស្ទីនស្នាក់នៅតាមខ្ទម តាមជម្រកបណ្តោះអាសន្ន និងខ្លះទៀត រស់នៅតាមទីហាលវាលផ្ទាល់ដីតែម្តង។ លោកអះអាងថា រ៉ាហ្វា គឺប្រៀបបីដូចជា “រោងចក្រនៃក្តីអស់សង្ឃឹម” ហើយអ្វីដែលគេបារម្ភបំផុតនោះ គឺថាស្ថានភាពទៅថ្ងៃមុខនឹងកាន់តែធ្ងន់ធ្ងរខ្លាំងឡើង៕
© រក្សាសិទ្ធិដោយ thmeythmey.com