អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហ្វីលីពីនព្រមានប្រើកម្លាំង ក្រោយលោកឌូទើតេ គំរាមចង់បំបែករដ្ឋ
05, Feb 2024 , 9:29 pm        
រូបភាព
អតីតប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌូទើតេ (ឆ្វេង) និងលោក ប្រធានាធិបតី Ferdinand Marcos Jr.។ រូបភាព AFP និងBBC
អតីតប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌូទើតេ (ឆ្វេង) និងលោក ប្រធានាធិបតី Ferdinand Marcos Jr.។ រូបភាព AFP និងBBC
អតីតប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌូទើតេ បានស្នើឱ្យកោះមីនដាណាវដែលស្ថិតនៅភាគត្បូងប្រទេសផ្តាច់ខ្លួនចេញពីហ្វីលីពីន ក្រោយរដ្ឋាភិបាលហ្វីលីពីនចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ យ៉ាងណាមិញ ការគំរាមបែបនេះ ត្រូវបានរដ្ឋាភិបាលហ្វីលីពីន ព្រមានប្រើប្រាស់កងកម្លាំងដើម្បីទប់ស្កាត់ និងការពាររដ្ឋធម្មនុញ្ញ។

 
លោក រ៉ូឌ្រីហ្គូ ឌូទើតេ បានថ្លែងកាលពីសប្តាហ៍មុនថា លោកកំពុងស្វែងរកមធ្យោបាយ ដើម្បីជួយកោះមីនដាណាវបំបែកខ្លួន និងក្លាយជារដ្ឋឯករាជ្យចេញពីហ្វីលីពីន។ លោកបានឱ្យដឹងថា កោះកំណើតរបស់លោកមានការអភិវឌ្ឍន៍តិចតួចបំផុត ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីហ្វីលីពីនជាច្រើនរូប។
 
អតីតប្រធានាធិបតីហ្វីលីពីនរូបនេះ​បញ្ជាក់​​ថា ៖« ដំណើរ​ការ​អបគមន៍​កោះ​មីនដាណាវ ពី​ហ្វីលីពីន នឹង​គ្មានការបង្ហូរ​ឈាម ហើយ​នឹង​ធ្វើតាម​ដំណើរការ​របស់​អង្គការ​សហប្រជាជាតិ»។ នេះបើតាមសារព័ត៌មាន Reuters ។ 
 
ការថ្លែងរបស់លោក ឌូទើតេ ធ្វើឡើងស្របពេលសម្ព័ន្ធភាពរបស់លោកជាមួយប្រធានាធិបតី Ferdinand Marcos Jr. ត្រូវបានរំសាយដោយហេតុខ្វែងគំនិតគ្នាជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
 
ទីតាំងកោះមីនដាណាវ ។ រូបភាព ៖ BBC 

លោកប្រធានាធិបតី Marcos បាននិយាយថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៨៧មានបំណងធានាឡើងវិញនូវការវិនិយោគពីបរទេស ប៉ុន្តែលោក ឌូទើតេ ថាការសម្រេចកែប្រែរដ្ឋធម្មនុញ្ញគឺសម្រាប់តែលោក Marcos ដើម្បីរក្សាអំណាចប៉ុណ្ណោះ។
 
ពាក់ព័ន្ធនឹងការបំបែកដែនដីនេះ ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo Ano បានប្រកាស នៅថ្ងៃទី៤ ខែកុម្ភៈថា ការប៉ុនប៉ងធ្វើអបគមន៍ណាមួយនឹងត្រូវរដ្ឋាភិបាលប្រើប្រាស់កម្លាំងដើម្បីឆ្លើយតបនិងទប់ស្កាត់។ ប៉ុន្តែលោក Ano មិនបានលើកឡើងពីឈ្មោះរបស់លោកឌូទើតេ នោះទេ
 
ទីប្រឹក្សាសន្តិសុខជាតិរូបនេះ បានបន្ថែមថា ការអំពាវនាវឱ្យមានអបគមន៍លើកោះមីនដាណាវ អាចប្រឆាំងនឹងអត្ថប្រយោជន៍នៃការទទួលបាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពរបស់រដ្ឋាភិបាលជាមួយក្រុមផ្តាច់ខ្លួនពីមុន។
 
គួរបញ្ជាក់ថា អំពើហឹង្សា និងជម្លោះបានកើតឡើងនៅកោះមីនដាណាវអស់ជាច្រើនទសវត្សរ៍មកហើយ ខណៈដែលរដ្ឋាភិបាលហ្វីលីពីនត្រូវប្រឈមមុខនឹងក្រុមឧទ្ទាម។ សកម្មភាពទាំងនេះ បានរារាំងការវិនិយោគលើកោះមួយនេះដែលបណ្តាលឱ្យតំបន់ជាច្រើននៅទីនេះធ្លាក់ចូលទៅក្នុងភាពក្រីក្រ។ រណសិរ្សរំដោះឥស្លាមម៉ូរ៉ូ (MILF) ដែលជាក្រុមឧទ្ទាមធំជាងគេក្នុងតំបន់នោះ បានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលហ្វីលីពីនក្នុងឆ្នាំ ២០១៤ ដោយបញ្ចប់ការប្រយុទ្ធគ្នាជាមួយរដ្ឋាភិបាលជាថ្នូរនឹងការបង្កើនស្វ័យភាពនៅក្នុងតំបន់មូស្លីម Bangsamoro ។
 
ប្រធានរដ្ឋមន្រ្តីតំបន់ Bangsamoro លោក Ahod Ebrahim បាននិយាយកាលពីចុងសប្តាហ៍មុនថា លោកនៅតែគោរពតាមកិច្ចព្រមព្រៀងសន្តិភាពក្នុងតំបន់។ មន្ត្រីទីប្រឹក្សាកិច្ចព្រមព្រៀងសន្តិភាពរដ្ឋាភិបាលហ្វីលីពីន Carlito Galvez Jr. ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ធ្វើតាម​ការ​ញុះញង់​បង្ក​ចលាចល​។ ចំណែកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធហ្វីលីពីន Romeo Brawner ក៏បានស្នើឱ្យទាហានរួបរួមគ្នាដើម្បីការពាររដ្ឋធម្មនុញ្ញហ្វីលីពីន៕ 

Tag:
 ហ្វីលីពីន
  ឌូទើតេ
© រក្សាសិទ្ធិដោយ thmeythmey.com