ជាតិ
កម្ពុជា និងថៃ ឯកភាពដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅ “ភាពជាដៃគូយុទ្ធសាស្ត្រ”
07, Feb 2024 , 2:43 pm        
រូបភាព
សម្តចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តីថៃ ធ្វើអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នាទីក្រុងបាងកក នៅព្រឹកថ្ងៃទី៧ កុម្ភៈ។---
សម្តចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តីថៃ ធ្វើអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នាទីក្រុងបាងកក នៅព្រឹកថ្ងៃទី៧ កុម្ភៈ។---
កម្ពុជា និងថៃ ឯកភាពដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”។ ការឯកភាពគ្នានេះ ធ្វើឡើងក្នុងជំនួបរវាងសម្តចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តីថៃ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នាទីក្រុងបាងកក នៅព្រឹកថ្ងៃទី៧ កុម្ភៈ។



ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេច ហ៊ុន ម៉ាណែត ពេលនេះ ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ថៃ ឱ្យកាន់តែរីកចម្រើន។ ក្នុងជំនួបទ្វេភាគីនេះ ប្រមុខរដ្ឋាភិបាល ប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក។
 
នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់លើការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងវិស័យថាមពល។ 
 
ក្នុងក្របខ័ណ្ឌទំនាក់ទំនងនយោបាយ និងការទូតវិញ ប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពលើការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជន។ 
 
ជាមួយគ្នានេះ មេដឹកនាំកម្ពុជា-ថៃ ក៏បានពិភាក្សាអំពីកិច្ចការក្នុងតំបន់ និងសកល និងសន្យាគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរជាតិ ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ,ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងការកសាងព្រំដែនប្រទេសទាំងពីរ ទៅជាព្រំដែនសន្ដិភាព និងវិបុលភាព។
 
ក្រៅពីនេះ រដ្ឋាភិបាលកម្ពុជា និងថៃ ក៏បានព្រមព្រៀងគ្នា ចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន ៥ រួមមាន៖ ១-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា និងក្រសួងមហាផ្ទៃថៃ។ 
 
២-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវត្តន៍ថៃ។ ៣-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់ រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានគយថៃ។
 
៤-អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ និងអនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ ៕

Tag:
 ហ៊ុន ម៉ាណែត
  សេដ្ឋកិច្ច
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com