កីឡាជាតិ
ជាតិ
តើអ្នកណា ធានាលើជីវភាពកីឡាករប្រដាល់គុនខ្មែរ បើគ្មានកិច្ចសន្យាជាមួយស្ថានីយ៍ទូរទស្សន៍?
07, Feb 2024 , 5:59 pm        
រូបភាព
លោក ខូវ ឆាយ អនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ
លោក ខូវ ឆាយ អនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ
កីឡាករប្រដាល់គុនខ្មែរ ដែលមានប្រជាប្រិយភាព និងមានសក្ដានុពល ត្រូវបានស្ថានីយ៍ទូរទស្សន៍ និងសង្វៀនប្រដាល់ជាច្រើនបានចងកិច្ចសន្យា។ កីឡាករខ្លះ បានប្រកួតតិច ឬច្រើនទៅតាមសង្វៀន ឬស្ថាប័នប្រដាល់ ដែលខ្លួនបានចុះកុងត្រា។ លោក ខូវ ឆាយ អនុប្រធានទី១សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និយាយថា កុងត្រាកីឡាករជាមួយស្ថានីយ៍ទូរទស្សន៍ និងសង្វៀននានា ព្រោះមានថវិការថេ អាចទំនុកបម្រុងជីវភាពបាន។ អនុប្រធានរូបនេះ ចង់អញ្ជើញស្ថានីយ៍ សង្វៀនប្រដាល់ ដៃគូសហការអភិវឌ្ឍ មកជជែកចរចា ក្នុងការបើកទីផ្សារឲ្យកីឡាករ មានឱកាសប្រកួតស្មើគ្នា និងទូលំទូលាយជាងនេះ។



កីឡាករប្រដាល់គុនខ្មែរ មានសក្ដានុពល និងមានប្រជាប្រិយភាពមួយចំនួន ដែលត្រូវបានអ្នកគាំទ្រជាច្រើនចាត់ទុកថា អ្នកប្រដាល់ជួរមុខរបស់កម្ពុជា ត្រូវបានស្ថានីយ៍ទូរទស្សន៍ និងសង្វៀនប្រដាល់នានា ចុះកិច្ចសន្យា ព្រោះដើម្បីបានអ្នកទាំងនោះប្រកួតលើសង្វៀនខ្លួន ហើយធ្វើឲ្យមានភាពទាក់ទាញ់ដល់អ្នកគាំទ្រ។ ជាផលប៉ះពាល់នោះ ប្រសិនជាមានស្ថានីយ៍ផ្សេង ចង់អញ្ជើញកីឡាករទាំងនេះចូលរួមប្រកួត ស្ថាប័នទាំងនោះ នឹងមិនអាចទទួលបានពួកគេ ឬក៏ត្រូវឆ្លងកាត់និតីវិធីការងារផ្សេងៗទៀត។ 
 
ការចងកុងត្រាកីឡាករ គឺមានអត្ថប្រយោជន៍ ប៉ុន្ដែក៏មានផលអវិជ្ជមានដែរ ប្រសិនជាស្ថានីយ៍ទូរទស្សន៍ និងសង្វៀនទាំងនោះ មិនបើកទីផ្សារប្រកួតដល់កីឡាករ ឲ្យទូលំទូលាយ។ លោក ខូវ ឆាយ បាននិយាយក្នុងសន្និសីទមួយ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការសហព័ន្ធប្រដាក់គុនខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកថា កីឡាករខ្លះ មិនសូវបានប្រកួត ដោយសារតែស្ថានីយ៍ មិនសូវមានព្រឹត្តិការណ៍ ដែលជាហេតុធ្វើឲ្យសមត្ថភាព និងបច្ចេកទេសរបស់កីឡាករធ្លាក់ចុះ ហើយកីឡាករទាំងនោះ ក៏មិនបានចូលរួមក្នុងព្រឹត្តិការណ៍នានា ដែលស្ថានីយ៍ ឬសង្វៀនផ្សេង គេរៀបចំ។ 
 
«ស្ថានីយ៍ខ្លះ អត់មានកម្មវិធីប្រកួត ដល់តែកីឡាករចង់ប្រកួតនៅកម្មវិធីគេផ្សេង ក៏គាត់មិនចង់ឲ្យគេទៅប្រកួតដែរ សុខចិត្តឲ្យកីឡាករដេកលេង ហើយបើកប្រាក់ខែ។ តើកីឡាករដេកលេងចំណេញទេ? កីឡាករចំណេញលុយ ប៉ុន្ដែគាត់មានកើនសមត្ថភាពអីគាត់ បើដេកលេងហ្នឹង។»។ លោក ខូវ ឆាយ បាននិយាយដូច្នេះ។
 
អនុប្រធានសហព័ន្ធរូបនេះ បញ្ជាក់ពីមូលហេតុ ដែលកីឡាករ ចងកុងត្រាជាមួយស្ថានីយ៍ ព្រោះទទួលបានថវិកា ដែលអាចធានាបានលើការចាយវាយ និងការទំនុកបម្រុងដល់ជីវភាពគ្រួសារ។ ដោយឡែកប្រសិនជា កីឡាករ មិនបានចងកុងត្រា ហើយបានប្រកួតត្រឹមតែ១លើក ក្នុង១ខែ ចំណូលនៃការប្រកួតនោះ មិនអាចទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគេបានទេ។
 
សហព័ន្ធប្រដាល់គុនខ្មែរ ក៏មិនចង់ឲ្យកីឡាករប្រដាល់គុនខ្មែរ ចងកិច្ចសន្យាជាមួយស្ថានីយ៍ទាំងនោះ ដែរ ប៉ុន្ដែមិនមានលទ្ធភាពក្នុងការរ៉ាប់រងលើថវិកា ចំណាយលើជីវភាពកីឡាករ។
 
«សហព័ន្ធ ក៏មានបំណងចង់ហាមកីឡាករ មិនឲ្យធ្វើកិច្ចសន្យាជាមួយស្ថានីយ៍ដែរ ប៉ុន្ដែ យើង ត្រូវដឹងថាហេតុអ្វី បានជាកីឡាករត្រូវទៅធ្វើកិច្ចសន្យាជាមួយស្ថានីយ៍ ហើយកិច្ចសន្យានោះ ក៏ដូចជាកិច្ចសន្យាការងារដែរ។ កិច្ចសន្យានេះ គឺព្រមព្រៀងទៅលើការផ្ដល់ឲ្យ ដោយសារស្ថានីយ៍នោះ បានផ្ដល់កញ្ចប់ថវិការ។ កីឡាករគាត់ទៅធ្វើកិច្ចសន្យាដើម្បីចំណូលទ្រទ្រង់ជីវភាព។ អ៊ីចឹងប្រសិនជាស្ថានីយ៍ណា ហ៊ានផ្ដល់ជាថវិការទ្រទ្រង់ប្រចាំខែ ដែលយើងហៅថាជាការទ្រទ្រង់ ជីវភាព។ អ៊ីចឹងបើគាត់មានចំណូលថេរយៈពេលប៉ុន្មានឆ្នាំ នៃការកំណត់កិច្ចសន្យា។ បែបនេះ គាត់មានអីត្រូវបារម្មណ៍។»។ អនុប្រធានទី១ របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បានននិយាយដូច្នេះ។ 
 
តាមការបញ្ជាក់ពីអនុប្រធានរូបនេះ សហព័ន្ធប្រដាល់គុនខ្មែរ គ្រោងនឹងអញ្ជើញស្ថានីយ៍ ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍទាំងអស់ ជជែកពីការបើកទីផ្សារកីឡាករ ឲ្យបានប្រកួតគ្រប់សង្វៀន ជាជាងការឲ្យកីឡាករប្រកួតតែមួយសង្វៀន ឬមួយស្ថានីយ៍ ដើម្បីឲ្យកីឡាករ​មានទាំងចំណូល បានទាំងការអភិវឌ្ឍសមត្ថភាព និងបច្ចេកទេសប្រកួត៕
 

Tag:
 ប្រដាល់គុនខ្មែរ
  ខូវ ឆាយ
© រក្សាសិទ្ធិដោយ thmeythmey.com