ជាតិ
ពាក្យស្លោក ស្ទីកគ័រ វាំងនន តុក្កតា ភ្លើងហ្វា និងស៊ីផ្លេខុសបច្ចេកទេស នឹងត្រូវចាប់ផាកពិន័យ
07, Feb 2024 , 5:36 pm        
រូបភាព
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ជាឱ្យសមត្ថភាព ចាប់ផ្ដើមអនុវត្តវិធានការចាប់ផាកពិន័យលើរថយន្តគ្រប់ប្រភេទ ដែលសរសេរពាក្យស្លោក ស្ទីកគ័រ វាំងនង តុក្កតា ភ្លើងហ្វា និងស៊ីផ្លេខុសបច្ចេកទេស ។



ថ្លែងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៧ កុម្ភៈ លោក ស សុខា បានសង្កេតឃើញថា រថយន្តដែលប្រើប្រាស់សម្ភារៈខុសបច្ចេកទេសទាំងនេះ កំពុងបង្កការរំខាន និងជាផ្នែកមួយនៃគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវផងដែរ។
 
ត្រង់ចំណុចនេះ លោក ស សុខា បានពន្យល់ថា នៅពេលរថយន្តមួយ បិទពាក្យស្លោក ឬស្ទីកគ័រ នោះ វាធ្វើឱ្យម្ចាស់យានយន្តដទៃទៀត ដែលធ្វើដំណើរលើដងផ្លូវ ចំណាយពេលក្រឡេកមើលទៅរថយន្ត ហើយវាធ្វើឱ្យពួកគេបាត់បង់ម្ចាស់ការ ក្នុងអំឡុងពេលបើកបរ ត្រឹម២ ទៅ៣វិនាទីនេះ ក៏អាចបង្កជាហានិភ័យ ឬគ្រោះថ្នាក់ចរាចរណ៍បានដែរ។
 
ចំណែកស៊ីផ្លេ ឮសំឡេងខ្លាំង, ភ្លើងហ្វា ដែលមានពន្លឺខ្លាំង , តុក្កតា និងវាំងនង បិតបាំងខុសបច្ចេកទេស ក៏មិនត្រូវអនុញ្ញាតឱ្យមានដែរ។ លោកឧបនាយករដ្ហមន្ត្រី បានបញ្ជាឱ្យសមត្ថភាពរឹតបន្តឹងការអនុវត្តច្បាប់នេះ យ៉ាងយូរបំផុតត្រឹមខែមិថុនា ឆ្នាំ២០២៤។ 
 
«ខ្ញុំឃើញ(សមត្ថកិច្ច)បានធ្វើច្រើន មិនមែនអត់ធ្វើទេ។ ប៉ុន្តែពេលខ្លះ ខ្ញុំមានអារម្មណ៍ថា ធ្វើនៅពេលដែលថ្នាក់ដឹកនាំស្រែកបន្តិចទៅ បានធ្វើ។ ប៉ុន្តែការធ្វើដូចជាភ្លៀងរលឹម។ ដូច្នេះហើយ សូមឱ្យយ៉ាងយូរមិនឱ្យលើសពីពាក់កណ្ដាលឆ្នាំនេះទេ ធ្វើយ៉ាងម៉េចកុំឱ្យមានការបិតស្ទីកគ័រ ពាក្យស្លោកនេះ»។ នេះជាការលើកឡើងរបស់រដ្ឋមន្រ្តីមហាផ្ទៃ៕

Tag:
 ស សុខា
  ចរាចរណ៍ផ្លូវគោក
© រក្សាសិទ្ធិដោយ thmeythmey.com