ជាតិ
កម្ពុជាកាត់បន្ថយការនាំចូលថង់ប្លាស្ទិក៨០ភាគរយ នៅខែមករា
08, Feb 2024 , 9:29 am        
រូបភាព
ភ្នំពេញ៖ កម្ពុជា កាត់បន្ថយការនាំចូលថង់ប្លាស្ទិក៥០ភាគរយ នៅចុងឆ្នាំ២០២៣ និង៨០ភាគរយនៅក្នុងខែមករា ឆ្នាំ២០២៤។ ការថយចុះនេះ ផ្ដើមចេញពីការចូលរួមរបស់ពលរដ្ឋទូទាំងប្រទេស ក្រោមយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលចាប់ផ្តើមតាំងពីថ្ងៃទី១ ខែកញ្ញា ២០២៣មក។



លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការនាំចូលប្លាស្ទិកនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ មានការថយចុះ ៣២ ២២៨,៧៣ គីឡូក្រាម ដែលស្មើនឹង៥០ភាគរយ ធៀបនឹងត្រីមាសទី៣ ឆ្នាំដដែល។ ដោយឡែកនៅខែមករានេះវិញ កម្ពុជាបាននាំចូលថង់ប្លាស្ទិក ១២ ០៧៨,០៤គីឡូក្រាម ថយចុះ៨០ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានរហូតដល់ ៦២ ២៨៤,០១គីឡូក្រាម។ 
 
ទិន្នន័យនៃការនាំចូលថង់ប្លាស្ទិកនេះ ត្រូវបានកត់ត្រាពីបណ្ដាក្រុមហ៊ុនឯកជន ដែលបានស្នើសុំការអនុញ្ញាតនាំចូលថង់ប្លាស្ទិក សម្រាប់បម្រើសេវាវេចខ្ចប់ទំនិញ ក្នុងច្រវាក់ផលិតកម្ម សម្រាប់ច្រកសំរាម វេចខ្ចប់អាហារ និងប្លាស្ទិកដែលងាយពុកផុយក្នុងបរិស្ថាន (Biodegradable Plastic Bag)។ ថង់ប្លាស្ទិក ដែលក្រុមហ៊ុនសុំការអនុញ្ញាតនាំចូលទាំងអស់ ត្រូវបានអនុលោមទៅតាមលក្ខខណ្ឌ ដែលមានចែងក្នុងអនុក្រឹត្យលេខ ១៦៨ អនក្រ.បក ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ដែលមានកម្រាស់ចាប់ពី ០,០៣មីល្លីម៉ែត្រ ឡើងទៅ។
  
រូបភាពនៅទីលានចាក់សំរាមខេត្តព្រះសីហនុ។ រូបភាព៖ អ៊ូ សុខមាន

លោក ខ្វៃ អាទិត្យា ចាត់ទុក ការកាត់បន្ថយការនាំចូលថង់ប្លាស្ទិករបស់កម្ពុជានៅពេលនេះ បានមកពីចូលរួមរបស់ពលរដ្ឋទូទាំងប្រទេស ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមក។ 
 
បច្ចុប្បន្ន យុទ្ធនាការនេះ មានមនុស្សជិត៥លាននាក់ បានចូលរួមអនុវត្តដោយផ្ទាល់។ ក្រៅពីនោះ ក៏មានការចូលរួមពីវិស័យឯកជន ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញដោយរំលេចចេញលើមុមអាទិភាពចម្បងចំនួន៣ គឺស្អាត បៃតង និងចីរភាព៕ 

Tag:
 កសិកម្ម
  ថង់ប្លាស្ទិក
  បរិស្ថាន
  ខ្វៃ អាទិត្យា
© រក្សាសិទ្ធិដោយ thmeythmey.com