ជាតិ
មានបទពិសោធន៍ ២៦ឆ្នាំ លោក យូ ណាត ជំនាញសម្ដែងម៉ុងសាយ លើបង្គោលខ្ពស់ៗ
08, Feb 2024 , 10:59 am        
រូបភាព
លោក យូ ណាត ជាអ្នកសម្តែងម៉ុងសាយឡើងបង្គោលដែក ឬ ឫស្សីខ្ពស់ៗ។ មានបទពិសោធន៍សម្តែងរយៈពេល ២៦ឆ្នាំហើយ លោក យូ ណាត អះអាងថាមិនធ្លាប់ជួបប្រទះបញ្ហាភ្លាត់ស្នៀតម្តងណាឡើយ។ ទោះមានបទពិសោធន៍សម្តែងយូរឆ្នាំ តែបុរសវ័យ ៣៩ឆ្នាំរូបនេះ​ថា កត្តាខ្យល់នៅតែជាបញ្ហាប្រឈមអំឡុង ពេលសម្តែងម្តងៗ។


លោក យូ ណាត វ័យ ៣៩ឆ្នាំ មានតួសម្តែងដ៏សំខាន់មួយរូប នៅក្នុងក្រុមម៉ុងសាយ វ័ង ជីង ស៊ីង។ លោកជាមនុស្សតែម្នាក់ក្នុងក្រុម ដែលអាចសម្តែងម៉ុងសាយឡើងបង្គោលដែកខ្ពស់ៗ កម្ពស់ ៥ម៉ែត្របាន។ បង្គោលដែកកម្ពស់ ៥ម៉ែត្រ ត្រូវបានគេតំណាងឱ្យដើមឫស្សី ដែលមានប្រវែងវែង ហើយតម្រូវឱ្យអ្នកសម្តែងម៉ុងសាយឡើងទៅសម្តែងនៅខាងលើនោះ។ 
 
 
តាមជំនឿរបស់ពលរដ្ឋដែលជាប់សែស្រឡាយចិនជំនាន់ដើម​ជឿថាការសម្តែងម៉ុងសាយ ដើម្បីដេញរាល់ឧបទ្រពចង្រៃនានា ដោយម្ចាស់ផ្ទះតែងតែតម្រូវឱ្យម៉ុងសាយលោតទៅខាំស៊ី ឬចាប់យកសន្លឹកអាំងប៉ាវ (កញ្ចប់ក្រហមមានដាក់ប្រាក់ខាងក្នុង) ដែលចងភ្ជាប់ជាមួយបន្លែស្ពៃ (ជំនាន់ដើម) ឬក៏សាឡាត (​ភាគច្រើននិយមប្រើនៅសម័យបច្ចុប្បន្ន) នៅទីខ្ពស់ ដើម្បីនាំយកមកជូនម្ចាស់ផ្ទះវិញ ដែលតំណាងឱ្យការនាំយកលាភជ័យ។
 
លោក យូ ណាត បានសង្កត់ធ្ងន់ថា ៖«ការសម្តែងឡើងបង្គោលដែកឫស្សីខ្ពស់ ជាការសម្តែងតំណាងថា ម្ចាស់ផ្ទះតម្រូវឱ្យម៉ុងសាយលោតឡើងបង្គោលខ្ពស់ ដើម្បីសម្តែងនាំយកលាភ​ជ័យ និងនាំយកហុងស៊ុយជូនដល់ម្ចាស់ផ្ទះ។ ​ការឡើងបង្គោលត្រូវបានគេហៅម្យ៉ាងទៀតថា ឫស្សីម្ចាស់ផ្ទះតម្រូវឱ្យឡើង។»។
  

លោក យូ ណាត ផ្តល់កិច្ចសម្ភាសដល់អ្នកសារព័ត៌មានថ្មីៗ

បង្គោលដែកកម្ពស់ ៥ម៉ែត្រ តម្រូវសម្រាប់មនុស្សតែម្នាក់ កាន់ក្បាលម៉ុងសាយឡើងសម្តែង។ ត្រង់ចំណុចនេះ បុរសវ័យ ៣៩ឆ្នាំ នៅក្រុមម៉ុងសាយ វ័ង ជីង ស៊ីង បកស្រាយថា ការសម្តែងម្នាក់ឯង មានភាពងាយស្រួលជាងការសម្តែងមានមនុស្ស ២នាក់ ។ ការសម្ដែងម្នាក់ឯង ក៏ទាមទារកាយសម្បទារឹងមាំ ជាពិសេសជើងរឹងមាំ ទើបអាចសម្តែងក្បាច់ម៉ុងសាយ លើបង្គោលដែកបាន។
 
មានបទពិសោធន៍ក្នុងការសម្តែងម៉ុងសាយ រយៈពេល ២៦ឆ្នាំមកនេះ លោក ណាត  តែមិនធ្លាប់ជួបប្រទះបញ្ហាប្រឈមឡើយ។ «ការហ្វឹកហាត់មិនសូវមានអ្វីច្រើន ខ្ញុំគ្រាន់តែហ្វឹកហាត់ជើងឱ្យរឹងមាំនិងស្និទ្ធិជើងពេលសម្តែង។ ពេលសម្តែងមានភាពពិបាកខ្លាំង នៅពេលដែលមានខ្យល់ខ្លាំងគឺយើងយ៉ាប់ក្នុងការលេង ជារឿងពិបាកបំផុតគឺខ្យល់តែម្តង។ ប៉ុន្តែការរងរបួស ខ្ញុំមិនដែលធ្លាប់ឡើយព្រោះមានបទពិសោធន៍យូ។»។ លោក យូ ណាត បាននិយាយប្រាប់សារព័ត៌មានថ្មីៗបែបនេះ៕






Tag:
 ម៉ុងសាយ
  ចូលឆ្នាំចិន
  ចិន
  យូ ណាត
© រក្សាសិទ្ធិដោយ thmeythmey.com