កីឡាជាតិ
ជាតិ
ចាញ់ស្វាយរៀង ៤-១ ជើងទី១ តែឃឹម បុរី នៅតែសង្ឃឹមណាហ្គាវើលដ៍វាយបកនៅជើងទី២
08, Feb 2024 , 11:29 am        
រូបភាព
ការប្រកួតរវាងណាហ្គាវើលដ៍ និង ព្រះខ័នរាជស្វាយរៀង
ការប្រកួតរវាងណាហ្គាវើលដ៍ និង ព្រះខ័នរាជស្វាយរៀង
ណាហ្គាវើលដ៍ ចាញ់ ព្រះខ័នរាជស្វាយរៀង ៤-១ ក្នុងការប្រកួតជើងទី១ នៃពានសម្ដេច ហ៊ុន សែន លើកទី១៧ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។ លទ្ធផលនេះ ខុសពីការរំពឹងទុក របស់លោក ឃឹម បុរី ប៉ុន្តែគ្រូបង្វឹកណាហ្គាវើលដ៍ នៅតែជឿលើកូនក្រុម ថាអាចវាយបកយកឈ្នះវិញ នៅជំនួបជើងទី២។ ក្នុងថ្ងៃជាមួយគ្នានេះ គិរីវង់សុខសែនជ័យ ចាញ់ភ្នំពេញក្រោន ២-០, វិសាខា ឈ្នះ ព្រៃវែង ១-០ និងបឹងកេត ឈ្នះ អាយ អេស អាយ ដង្កោសែនជ័យ ៤-២។



មុនជំនួបជាមួយណាហ្គាវើលដ៍ លោក ឃឹម បុរី បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា មានជំនឿចិត្តថា កីឡាកររបស់ណាហ្គាវើលដ៍ អាចធ្វើបានល្អសម្រាប់ការប្រកួតនៅក្នុងទឹកដីរបស់ខ្លួននៅជើងទី១។ ប៉ុន្ដែគ្រូបង្វឹករូបនេះ​ ក៏ដឹងថាប្រព័ន្ធ និងរបៀបលេងរបស់ព្រះខ័នរាជស្វាយរៀង មានគុណភាព ជាពិសេសការលើកបាល់ពីស្លាបទាំងសងខាង មកតំបន់ប្រយុទ្ធកណ្ដាល។ 
 
ដោយឡែកលទ្ធផលចាញ់ ៤-១ ណាហ្គាវើលដ៍ នៅតែមានសង្ឃឹមវាយបកក្នុងជើងទី២ នៅពហុកីឡដ្ឋានខេត្តស្វាយរៀង។ ៤គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ សារ៉េត គ្រីយ៉ា ២គ្រាប់(នាទី៥៣, ៩០+២), Ryo FuJii ១គ្រាប់ (នាទី៦៦) និង Marcus Haber ១គ្រាប់(នាទី៧៣)។ ចំណែក ១គ្រាប់របស់ណាហ្គាវើលដ៍ រកបានដោយកីឡាករ Hugo Kametani នៅនាទី៥៤។
 
ក្នុងថ្ងៃជាមួយគ្នានេះដែរ ភ្នំពេញក្រោន បានយកឈ្នះលើ គិរីវង់សុខសែនជ័យ កីឡដ្ឋានគិរីវង់ លទ្ធផល២-០។ ២គ្រាប់របស់ភ្នំពេញក្រោន រកបានដោយ សោម បូរិទ្ធ នៅនាទី៦៦ និង ឡុង ភារ៉ាត់ នៅនាទី៨៧។ 
 
ទន្ទឹមពេលជាមួយគ្នានោះ ព្រៃវែង ចាញ់ក្រុមវិសាខា លទ្ធផល ១-០ នៅកីឡដ្ឋានខេត្តព្រៃវែង។ ១គ្រាប់ នាំឲ្យវិសាខា ឈ្នះក្នុងជើងទី១នោះ រកបានដោយកីឡាករ កែន ច័ន្ទសុភ័ក្ត្រ នៅនាទី៣។
 
លុះចូលមកដល់ម៉ោង ៦:០០ ល្ងាច បឹងកេត បានយកឈ្នះលើ អាយ អេស អាយ ដង្កោសែនជ័យ លទ្ធផល៤-២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ៤គ្រាប់របស់បឹងកេត រកបានដោយកីឡាករ Yoshihama Ryochei (នាទី១៩), Gollubovic Stefen (នាទី៥៤), ចាន់ វឌ្ឍនាកា (នាទី៨១) និង ចន្ថា ចន្ទាកា (នាទី៩០+៧)។ រីឯ ២គ្រាប់របស់ អាយ អេស ​អាយ ដង្កោសែនជ័យ រកបានដោយ Louis Willy នៅនាទី៤៣ និង អៀម រតនា នាទី៦៣៕

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com