សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងជើង ហែកចោលកិច្ចព្រមព្រៀងពាក់ព័ន្ធសេដ្ឋកិច្ចទាំងអស់ជាមួយកូរ៉េខាងត្បូង
08, Feb 2024 , 3:09 pm        
រូបភាព
សម័យប្រជុំពេញអង្គនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនកំពូលកូរ៉េខាងជើងនៅថ្ងៃទី៧ ខែកម្ភៈ ។ រូបភាព ៖ Yonhap
សម័យប្រជុំពេញអង្គនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនកំពូលកូរ៉េខាងជើងនៅថ្ងៃទី៧ ខែកម្ភៈ ។ រូបភាព ៖ Yonhap
សភាកូរ៉េខាងជើង បានបោះឆ្នោតលុបចោលកិច្ចព្រមព្រៀងទាំងអស់ ដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងត្បូង ដើម្បីលើកតម្កើងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ការហែកចោលកិច្ចព្រមព្រៀងទាំងនោះ កើតមានស្របពេលភាពតានតឹងក្នុងតំបន់កំពុងឡើងកម្តៅ។

 
ទីភ្នាក់ងារសារព័ត៌មាន (KCNA) នៅថ្ងៃទី៨ ខែកុម្ភៈ បានចុះផ្សាយថា សភាប្រជាជនកូរ៉េខាងជើង បានសម្រេចលុបចោលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងអស់ ជាមួយកូរ៉េខាងត្បូង ក៏ដូចជាលុបចោលច្បាប់គ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ច និងច្បាប់ពិសេសស្តីពីប្រតិបត្តិការលើគម្រោងទេសចរណ៍នៅភ្នំ Kumgang។ 
 
តំបន់កម្សាន្ត Kumgang នៅភាគខាងត្បូងកូរ៉េខាងងជើងមានចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ពីព្រំដែនធ្លាប់ជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកូរ៉េទាំងពីរ និងបានទាក់ទាញភ្ញៀវទេសចរកូរ៉េខាងត្បូងជិត ២លាននាក់ នៅដើមទសវត្សរ៍ឆ្នាំ២០០០។ ប៉ុន្តែតំបន់ Kumgang ត្រូវបានបោះបង់តាំងពីទាហានកូរ៉េខាងជើង បានបាញ់សម្លាប់ភ្ញៀវទេសចរកូរ៉េខាងត្បូង ដែលបានវង្វេងចូលទៅក្នុងតំបន់យោធា ក្នុងឆ្នាំ២០០៨។
 
ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលគ្រប់គ្រងរាល់ទំនាក់ទំនងជាមួយកូរ៉េខាងជើងបាននិយាយថា សកម្មភាពរបស់ទីក្រុងព្យុងយ៉ាង គឺគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ហើយថាទីក្រុង​សេអ៊ូល មិនទទួលស្គាល់ចលនាឯកតោភាគីបែបនេះទេ។
 
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ KBS នៅថ្ងៃទី៧ ខែកុម្ភៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានបញ្ជាក់ថា លោកនៅតែមានឆន្ទៈសហការជាមួយទីក្រុងព្យុងយ៉ាង ហើយអាចនឹងធ្វើសន្និសីទកំពូល ជាមួយប្រធានាធិបតី គីម ជុងអ៊ុន ទៀតផង ដើម្បីផ្តល់ជំនួយសេដ្ឋកិច្ចដល់ប្រទេសនេះ។
 
ចាប់តាំងពីឡើងកាន់អំណាចមក លោក គីម ជុងអ៊ុន បានពន្លឿនកម្មវិធីរបស់ខ្លួន ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងកាំជ្រួចផ្លោង ដែលបង្កភាពតានតឹងជាមួយអាម៉េរិក និងកូរ៉េខាងត្បូង។
 
នៅឆ្នាំ ២០២៣ ប្រទេសកូរ៉េខាងជើង បានលុបចោលសន្ធិសញ្ញាយោធា ដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងត្បូង ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនក្នុងឆ្នាំ២០១៨៕

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com