សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនតៃវ៉ាន់ ក្លាយជាអ្នកផ្គត់ផ្គង់បន្ទះឈីបធំជាងគេលើកដំបូង
08, Feb 2024 , 8:19 pm        
រូបភាព
រូបភាព AFP និងPixels
រូបភាព AFP និងPixels
ប្រាក់ចំណូលរបស់ក្រុមហ៊ុន TSMC នៅឆ្នាំ២០២៣ បានកើនដល់ ៦៩,៣ពាន់លានដុល្លារ ដែលាបាននាំមុខ ក្រុមហ៊ុ​នអាម៉េរិក Intel និង ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីបធំៗនៅពិភពលោក។

 
ក្រុមហ៊ុនតៃវ៉ាន់ TSMC បានកើបប្រាក់ចំណូល ៦៩,៣ពាន់លានដុល្លារកាលពីឆ្នាំមុន ខណៈក្រុមហ៊ុន Intel មាន ៥៤,២៣ពាន់លានដុល្លារ និងក្រុមហ៊ុន Samsung មាន ៥០,៩៩ពាន់លានដុល្លារ។ នេះបើតាមអ្នកវិភាគហិរញ្ញវត្ថុលោក Dan Nystedt ដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ។ ស្ថិតិដែលធ្វើឡើងដោយលោក Nystedt ផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននីមួយៗសម្រាប់ឆ្នាំកន្លងមក។
 
នៅក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនផលិតបន្ទះឈីប បានថយចុះចំណូល។ បើតាមលោក Nystedt ក្រុមហ៊ុនទាំងបីខាងលើបានធ្លាក់ចុះចំណូល បើធៀបនឹងឆ្នាំ ២០២២ ។ យ៉ាងណាមិញ ការថយចុះប្រាក់ចំណូលរបស់ Samsung និង Intel មានទំហំធំជាង TSMC ។

អ្នកជំនាញហិរញ្ញវត្ថុរូបនេះបានសន្និដ្ឋានថា នៅឆ្នាំ២០២៣ TSMC បាននាំមុខ Samsung និង Intel ជាលើកដំបូង ដែលបានក្លាយជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ធំបំផុតរបស់ពិភពលោក បើផ្អែកលើចំណូល។
 
ស្ថិតិប្រាក់ចំណូលរបស់ TSMC, Samsung, Intel ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣។ រូបភាព ៖ Dan Nystedt 
 
យោងតាមក្រុមហ៊ុន Tom's Hardware ប្រាក់ចំណូលរបស់ TSMC បានចាប់ផ្តើមកើនឡើងយ៉ាងឆាប់រហ័សចាប់ពីឆ្នាំ ២០២០ បន្ទាប់ពីតម្រូវការសម្រាប់ឧបករណ៍ឌីជីថលរួមទាំងស្មាតហ្វូន កុំព្យូទ័រ និងម៉ាស៊ីនហ្គេមបានកើនឡើងក្នុងអំឡុងកូវីដ-១៩ ។
 
ក្រុមហ៊ុនដែលផលិតបន្ទះឈីបមួយទៀតដែលមិនត្រូវមើលរំលងនោះគឺ Nvidia ។ ក្រុមហ៊ុនដែលមានឯកទេសក្នុងការរចនាប្រព័ន្ធដំណើរការបណ្តុះបណ្តាលបញ្ញាសិប្បនិម្មិត (AI) មួយនេះ មិនទាន់បានប្រកាសទិន្នន័យហិរញ្ញវត្ថុត្រីមាសទី៤ ឆ្នាំ២០២៣ នៅឡើយទេ។ យ៉ាងណាមិញ បើយោងតាមការប៉ាន់ប្រមាណរបស់អ្នកវិភាគ ប្រាក់ចំណូលរបស់ Nvidia កាលពីឆ្នាំមុនអាចឈានដល់ ៥៨ពាន់លានដុល្លារ ដែលនៅកម្រិតមួយមិនអាចលើសពី TSMC ទេ។
 
ភាពខុសប្លែកគ្នារវាងក្រុមហ៊ុនទាំងអស់ខាងលើគឺថា TSMC ជាក្រុមហ៊ុនផលិតបន្ទះឈីបតាមការបញ្ជាទិញរបស់ដៃគូ ចំណែក Nvidia ផ្តោតលើការរចនាបន្ទះឈីប មិនមែនការផលិតដោយផ្ទាល់ទេ។ ទន្ទឹមនេះ Samsung និង Intel ជាក្រុមហ៊ុនក្រុមហ៊ុនផលិតឧបករណ៍រួមបញ្ចូលគ្នា ( IDM) ដែលមានសមត្ថភាពចាប់ពីការរចនា ការផលិត រហូតដល់ការសាកល្បងដើម្បីផលិតចេញផលិតផលពេញលេញ។
 
ក្រុមហ៊ុន TSMC មានសមត្ថភាពក្នុងការផលិតបន្ទះឈីបលើដំណើរការកម្រិតខ្ពស់ដូចជា ២ណាណូម៉ែត្រ និង៣ណាណូម៉ែត្រ ដែលបានជួយឱ្យក្រុមហ៊ុននេះទទួលបានការបញ្ជាទិញធំៗពីក្រុមហ៊ុន Apple, AMD, Nvidia, Qualcomm។ យោងតាម ក្រុមហ៊ុន Tom's Hardware ផលិតផល Intel ជាច្រើន បច្ចុប្បន្ននេះក៏ត្រូវបានផលិតដោយ TSMC ដែរ។
 
ចំណែក Intel គឺជាឈ្មោះក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យសឺមីកុងឌុចទ័រអស់ជាច្រើនទសវត្សរ៍ មកហើយ ចាប់តាំងពីដណ្តើមតំណែងបានពីក្រុមហ៊ុន NEC ក្នុងឆ្នាំ ១៩៩២។ នៅឆ្នាំ ២០១៧ តំណែងនេះត្រូវបានជំនួសដោយ Samsung ហើយនៅឆ្នាំ ២០២៣ ត្រូវបានមកលើ TSMC៕ 

Tag:
 បន្ទះឈីប
  TSMC
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com