ជាតិ
សុខភាព
អាម៉េរិក​ ប្តេជ្ញាបន្ត​ជួយ​កម្ពុជា​ក្នុង​ការលើកកម្ពស់​វិស័យ​សុខភាព​សាធារណៈ
08, Feb 2024 , 9:29 pm        
រូបភាព
ដោយ: រួបរួម
លោកស្រី Mandy K. Cohen នាយិកាមជ្ឈមណ្ឌលប្រយុទ្ធ និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាម៉េរិក មក​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​ពីថ្ងៃទី​៧ ដល់ទី​៨ ខែកុម្ភៈ ដើម្បីជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា និងដៃគូធ្វើការក្នុងវិស័យសុខភាពសាធារណៈ។

 
ក្នុង​ជំនួប​ជាមួយ លោក ឈាង រ៉ា ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោកស្រីវេជ្ជបណ្ឌិត Cohen បាន​រម្លឹកពី​ភាពជាដៃគូជាង​២០​ឆ្នាំ​រវាង​ CDC និង​ប្រទេស​កម្ពុជា ដោយ​លោកស្រីបាន​គូសបញ្ជាក់ពីសារសំខាន់​នៃការបន្តកិច្ចសហការគ្នា នៅក្នុងការការពារ និងរកឃើញទាន់ពេល​នូវជំងឺផ្លូវដង្ហើម ក៏ដូចជាការឆ្លើយតប រួមទាំង​ការត្រៀមរៀបចំសម្រាប់គ្រាបន្ទាន់ផ្នែកសុខភាពសាធារណៈ។
 
បើតាម​ឯកអគ្គ​រដ្ឋទូតអាម៉េរិក លោក W. Patrick Murphy ទស្សនកិច្ច​របស់​លោកស្រី Cohen បញ្ជាក់ពីការប្តេជ្ញាចិត្ត​របស់អាម៉េរិក​ ចំពោះការលើកកម្ពស់វិស័យសុខភាពសាធារណៈនៅកម្ពុជា ដោយ​តាមរយៈភាពជាដៃគូ​នេះ CDC បាន​ជួយកម្ពុជាប្រកបដោយប្រសិទ្ធភាព​ក្នុងការប្រឆាំងនឹងជំងឺអេដស៍ របេង គ្រុនចាញ់ ផ្តាសាយ និងជំងឺឆ្កែឆ្កួត។ 
 
លោក Murphy បាន​បន្ថែមថា រដ្ឋាភិបាលអាម៉េរិក ដែលរួមមានទាំង CDC និងទីភ្នាក់ងារសហរដ្ឋអាម៉េរិកដទៃទៀត ផ្នែកសុខភាព ដែលកំពុងធ្វើការ​នៅកម្ពុជា ក៏បានជួយផងដែរ ដល់អាជ្ញាធរកម្ពុជា ក្នុងការធ្វើការឆ្លើយតបបានភ្លាមៗ និងប្រកបដោយប្រសិទ្ធភាពបំផុត ក្នុងចំណោមការឆ្លើយតបប្រកបដោយប្រសិទ្ធភាពបំផុតក្នុងពិភពលោក ទៅនឹងការផ្ទុះឡើង​នៃជំងឺ Covid-19។
 


ជាមួយ​គ្នានេះ​ផងដែរ លោកស្រី Cohen បានទៅមើលកន្លែងលក់សត្វបក្សីរស់​ នៅផ្សារអូរឬស្សី មន្ទីរពេទ្យកុមារជាតិ មន្ទីរពិសោធន៍​នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ, មជ្ឈមណ្ឌល CDC កម្ពុជា, មណ្ឌលសុខភាពទួលគោកនៅភ្នំពេញ រួមទាំងមានជំនួបពិភាក្សាជាបន្តបន្ទាប់ក្នុងគោល​ដៅការលើកកម្ពស់សមត្ថភាព​ស្នូល​ផ្នែកសុខភាពសាធារណៈនៅ​កម្ពុជា។
 
នាយិកា CDC អាម៉េរិក រូបនេះ ក៏បាន​ទៅទស្សនា សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងផងដែរ ដើម្បីស្វែងយល់បន្ថែមពីការជួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិក ក្នុងការនាំមកនូវយុត្តិធម៌ គណនេយ្យ​ភាព និងការអភិរក្សនូវវត្ថុចងចាំពីជនរងគ្រោះ​ដោយសារអំពើឃោរឃៅ។
 
ការរួមចំណែករបស់អាម៉េរិកលើវិស័យសុខាភិបាលនៅកម្ពុជា
 
តាម​រយៈ​កម្មវិធីរបស់ប្រធានាធិបតីអាមេរិក សំដៅទប់ស្កាត់ការចម្លងជំងឺអេដស៍ជាបន្ទាន់ (PEPFAR) ដើម្បីធ្វើឲ្យលែងមានជំងឺអេដស៍ នៅត្រឹមឆ្នាំ២០៣០ ចំនួន​នៃករណីឆ្លង​ថ្មី​ប្រចាំឆ្នាំនៃជំងឺអេដស៍ បាន​ថយចុះ៣៦ភាគរយពីឆ្នាំ២០១០មក។ ចាប់ពី​ឆ្នាំ​២០១៣ គម្រោងគំនិតផ្តួចផ្តើមផ្នែកជំងឺគ្រុនចាញ់​របស់ប្រធានាធិបតីសហរដ្ឋអាមេរិក (PMI) បានជួយកម្ពុជា​ក្នុងការជំរុញ​ការលុបបំបាត់ជំងឺគ្រុនចាញ់ ហើយ​ប្រទេសនេះ គ្មាន​ករណីស្លាប់​ដោយសារគ្រុន​ចាញ់ តាំងពីឆ្នាំ​២០១៧មក។
 


ចំពោះ​ការ​លើកកម្ពស់សន្តិសុខជាសាកលផ្នែកសុខភាព អាម៉េរិកបានពង្រីកការគាំទ្រដល់កម្ពុជា បន្ទាប់ពីមានការផ្ទុះជាលើកដំបូងនូវគ្រុនផ្តាសាយបក្សី H5N1  ក្នុងចំណោមមនុស្សនៅឆ្នាំ ២០០៥។ បច្ចុប្បន្ន ទីភ្នាក់ងារផ្តល់ជំនួយអាមេរិក USAID មជ្ឈមណ្ឌល CDC វិទ្យាស្ថាន​សុខភាពជាតិអាមេរិក និងដៃគូដទៃទៀត ផ្តល់ការគាំទ្រនានា ដើម្បីពង្រឹងសមត្ថភាព​កម្ពុជា ក្នុងការបង្ការ តាមដាន និងឆ្លើយតបនឹងជំងឺឆ្លងថ្មីៗ និងការគំរាមកំហែងលើសុខភាពសាធារណៈ។
 
ឆ្លើយតបនឹងការ​រាតត្បាត​ជំងឺ Covid-19 អាម៉េរិកបានផ្តល់ការគាំទ្រជាច្រើន​ដល់កម្ពុជា ក្នុងនោះ​មាន​ការផ្តល់ថវិកាចំនួន១៦ លានដុល្លារ និងវ៉ាក់សាំងតម្លៃ ៣,៣លានដុល្លារ ដែលត្រូវបានផ្តល់ឲ្យតាមរយៈមជ្ឈមណ្ឌល Covid-19 Vaccines Global Access (COVAX)។ 
 
ចំណែក​ការ​កាត់បន្ថយអត្រាមរណភាពមាតា និងទារក វិញ USAID បានរួមចំណែកតាមរយៈការវិនិយោគ​លើកំណែលម្អលើគុណភាព ការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល និងការវិនិយោគ​លើការថែទាំសុខភាពបឋម ដោយរួមទាំងការធ្វើផែនការគ្រួសារផងដែរ។  
 
ជាមួយគ្នានេះ ជំនួយជាអន្តរទីភ្នាក់ងារផ្នែកសុខភាព​របស់អាម៉េរិក ចូលរួម​លើកកម្ពស់គុណភាពនៃការថែទាំ ការត្រួតពិនិត្យលើអ្នកផ្តល់សេវា ការពង្រីកការការពារសុខភាពសង្គម ដើម្បីកាត់បន្ថយការចំណាយផ្ទាល់ខ្លួន​លើផ្នែកសុខភាព និងកសាងសមត្ថភាពរបស់បុគ្គលិក និងរបស់ស្ថាប័ន៕

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com