អន្តរជាតិ
អុីស្រាអែលជំទាស់បទឈប់បាញ់របស់ក្រុមហាម៉ាស តែអាម៉េរិកនៅតែឃើញផ្លូវសម្រាប់ចរចា
08, Feb 2024 , 5:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (ស្តាំ) និងយោធាអុីស្រាអែល។ រូបភាព AFP
នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (ស្តាំ) និងយោធាអុីស្រាអែល។ រូបភាព AFP
ក្រោយក្រុមហាម៉ាសស្នើឱ្យមានបទឈប់បាញ់រយៈពេល ១៣៥ថ្ងៃ នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី៧ ខែកុម្ភៈ បានប្រកាសយ៉ាងច្បាស់ៗថា គ្មានឡើយបទឈប់បាញ់ជាមួយ ក្រុមសកម្មប្រយុទ្ធហាម៉ាស។ ជុំវិញបញ្ហានេះ មេដឹកនាំអុីស្រាអែល នៅតែប្រកាន់យកជ័យជម្នះទាំងស្រុងលើតំបន់កាហ្សា ជាដំណោះស្រាយតែមួយគត់។

 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្រុមហាម៉ាស បានស្នើផែនការបទឈប់បាញ់ជាមួយអុីស្រាអែលរយៈពេល ១៣៥ថ្ងៃ ដោយបែងចែកជាបីដំណាក់កាល។ ក្នុងផែនការនេះ ក្រុមហាម៉ាស បានបញ្ជាក់ពីការដោះដូរចំណាប់ខ្មាំង និងអ្នកទោសទាំងអស់ និងការឈានទៅដល់ការបញ្ចប់សង្រ្គាម។ 
 
ក្រោយសំណើរបស់ក្រុមហាម៉ាស អុីស្រាអែល បានច្រានចោលជាថ្មី ហើយបន្តប្រកាន់យកការកម្ទេចក្រុមហាម៉ាសឱ្យអស់ពីដែនដីកាហ្សាជាចម្បង។ 
 
«ការបន្តដាក់សម្ពាធផ្នែកយោធា នៅតែជាលក្ខខណ្ឌចាំបាច់សម្រាប់ដោះលែងចំណាប់ខ្មាំង»។ នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានបែបនេះ នៅថ្ងៃទី៧ ខែកុម្ភៈ ដោយបន្តសង្កត់ធ្ងន់ថា អុីស្រាអែល ជ្រើសយកដំណោះស្រាយឈ្នះក្រុមហាម៉ាសលើតំបន់កាហ្សាតែមួយគត់ ពោលគឺគ្មានបទឈប់បាញ់ឡើយ។ 
 
បើទោះអុីស្រាអែល បានបដិសេធបទឈប់បាញ់ជាថ្មីក៏ដោយ តែអាម៉េរិកនៅតែឃើញផ្លូវសម្រាប់កិច្ចចរចា។ ក្នុងសន្និសីទសារព័ត៌មាននៅក្រុង Tel Aviv ក្នុងថ្ងៃទី៧ ខែកុម្ភៈ លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានចាត់ទុកសំណើរបស់ក្រុមហាម៉ាស មានលក្ខណៈចុះចាញ់សង្រ្គាម ប៉ុន្តែមន្រ្តីអាម៉េរិករូបនេះ បានបន្លុយថា នៅតែឃើញឱកាសសម្រាប់កិច្ចចរចា។ 
 
ប្រមុខការទូតអាម៉េរិករូបនេះ ក៏បានបញ្ជាក់ផងដែរថា វានៅតែមានកិច្ចការជាច្រើន ដើម្បីធ្វើឱ្យបានសម្រេច មុននឹងឈានដល់បទឈប់បាញ់។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Al Jazeera លោកប្លីងខិន បានលើកឡើងថា ក្រុមហាម៉ាស នឹងមិនអាចមានវត្តមានក្នុងរដ្ឋាភិបាលណាមួយនៅតំបន់កាហ្សានាពេលអនាគតឡើយ។ 
 
មកទល់ពេលនេះ សង្រ្គាមបានអូសបន្លាយជាង ៤ខែហើយ ដោយមនុស្សជាច្រើនម៉ឺននាក់ បានស្លាប់បាត់បង់ជីវិត ហើយមនុស្សជាច្រើនលាននាក់ផ្សេងទៀតភៀសខ្លួន នៅក្នុងតំបន់កាហ្សា៕

Tag:
 អុីស្រាអែល
  អាម៉េរិក
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com