សង្គមអន្តរជាតិ​
អន្តរជាតិ
ប៉ូលិសជប៉ុនចាប់ជនជាតិវៀតណាម ៤នាក់ពីបទលួចសម្លៀកបំពាក់
08, Feb 2024 , 6:29 pm        
រូបភាព
ហាងលក់សម្លៀកបំពាក់ uniqlo នៅជប៉ុន ។ រូបភាព​ ៖ AP
ហាងលក់សម្លៀកបំពាក់ uniqlo នៅជប៉ុន ។ រូបភាព​ ៖ AP
ប៉ូលិសជប៉ុនបានចាប់ខ្លួនជនជាតិវៀតណាម ៤នាក់ ដែលត្រូវបានចោទប្រកាន់ពីបទលួច សម្លៀកបំពាក់ជាបន្តបន្ទាប់នៅក្នុងហាង Uniqlo ដែលមានតម្លៃប្រហែល ១៣,៥ម៉ឺនដុល្លារ។

 
ប៉ូលិសខេត្ត Fukuoka បាននិយាយនៅថ្ងៃទី៦ ខែកុម្ភៈថា ពលរដ្ឋវៀតណាម ៤នាក់ ក្នុងនោះមានបុរស២នាក់ និងស្ត្រី២នាក់ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើចោរកម្មចំនួន ៦៧ដងនៅជប៉ុន។ នេះ​បើតាមការចុះផ្សាយរបស់សារព័ត៌មាន Kyodo។  
 
ជនសង្ស័យទាំងនេះ តែងតែធ្វើសកម្មភាពលួចសម្លៀកបំពាក់នៅរោងចក្រ Uniqlo និងហាងលក់សំលៀកបំពាក់ផ្សេងទៀតក្នុងទីក្រុងតូក្យូ និងខេត្តចំនួន៧ទៀតរួមទាំង ខេត្ត Osaka និង ខេត្ត Fukuoka ដែលមានតម្លៃសរុបប្រមាណ ២០លានយ៉េន (១៣៥ ០០០ដុល្លារ)។
 
ក្នុង​ចំណោម​ ៤នាក់ មានម្នាក់​ឈ្មោះ ង្វៀន ហ័ង អាន់ ភេទប្រុស អាយុ​៣៨​ អាស័យដ្ឋានមិនពិតប្រាកដ ត្រូវបានគេជឿថា​បាន​លួចទំនិញជាង ៥២៣៧មុខរួម​ទាំង​អាវ​ដៃ​វែង និង​អាវ​ក្នុងជាដើម ​នៅពេលដែល​ចូល​ប្រទេស​ជប៉ុន​ជា​ច្រើន​លើ​កចាប់ពី​ខែ​ធ្នូ ឆ្នាំ២០១៨ ដល់​ខែ​តុលា ឆ្នាំ២០២៣។ វត្ថុ​តាង​ដែល​រឹបអូស​បាន​បង្ហាញ​ថា ក្រៅពី​សម្លៀក​បំពាក់​នៅ​មាន​គ្រឿង​សម្អាង​ជា​ច្រើន​ទៀត។
 
បើ​តាម​ប៉ូលិស​ជប៉ុន ជនជាតិ​វៀតណាម​ទាំង​ ៤​នាក់បានសារភាពថាពួកគេ​មាន​បញ្ហា​ហិរញ្ញវត្ថុ។ តាម​ការ​ស៊ើប​អង្កេតបឋម ជន​សង្ស័យ​បាន​កំណត់​គោល​ដៅ​ក្រុមហ៊ុន Uniqlo ព្រោះ​​ហាងនេះ​អតិថិជនអាច​ទូទាត់​ទំនិញបាន​ដោយ​ខ្លួន​ឯង។ សម្ភារៈ​ដែល​ពួកគេ​លួច ​ត្រូវ​បានយកទៅ​​លក់​នៅ​ទីផ្សារ​អនឡាញ​ក្នុង​ប្រទេស​វៀតណាម។
 
ប៉ូលីសខេត្ត Fukuoka ក៏បានចេញដីកាចាប់ខ្លួនស្ត្រីអាយុ ៤០ឆ្នាំម្នាក់ដែឡកំពុងរស់នៅវៀតណាមដោយចោទប្រកាន់ថាបានណែនាំរៀបចំគម្រោងឱ្យជនសង្ស័យទាំង ៤នាក់ខាងលើឱ្យប្រព្រឹត្តអំពើលួចជាបន្តបន្ទាប់។
 
កាលពីខែធ្នូ ឆ្នាំ២០១៨ ជនជាតិវៀតណាមចំនួន ៤នាក់ត្រូវបានចាប់ខ្លួន និងកាត់ទោសឱ្យជាប់ពន្ធនាគារពីបទលួចសំលៀកបំពាក់ពីហាង Uniqlo នៅផ្សារទំនើបជាច្រើនរបស់សិង្ហបុរីដែលមានតម្លៃប្រមាណ ៣២០០០ដុល្លារ។ 
 
ជុំវិញរឿងអាស្រូវជនជាតិវៀតណាមលួចទំនិញម៉ាកល្បីៗនៅបរទេស ជាពិសេសនៅជប៉ុន និងសិង្ហបុរី កំពុងតែពេញនិយមនាពេលថ្មីៗនេះ ដែលអ្នកប្រើប្រាស់បណ្តាញសង្គមវៀតណាមជាច្រើនសម្តែងការខឹង និងខ្មាស់អៀនដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេស៕

Tag:
 វៀតណាម
  ជប៉ុន
  សម្លៀកបំពាក់
© រក្សាសិទ្ធិដោយ thmeythmey.com