អន្តរជាតិ
UN ជំរុញឱ្យរុស្ស៊ីបញ្ចប់ការផ្ទេរកុមារអ៊ុយក្រែនដោយបង្ខិតបង្ខំ និងស្នើឱ្យបញ្ជូនត្រឡប់ទៅវិញ
09, Feb 2024 , 3:59 pm        
រូបភាព
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព Xinhua
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព Xinhua
គណៈកម្មាធិការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិកុមារនាថ្ងៃទី ៨ ខែកុម្ភៈបាន ជំរុញឱ្យរុស្ស៊ីបញ្ចប់ការជម្លៀសកុមារដោយបង្ខំពីតំបន់កាន់កាប់របស់អ៊ុយក្រែនដែលបំពានច្បាប់អន្តរជាតិ ហើយទទូចឱ្យរុស្ស៊ីបញ្ជូនកុមារទាំងនោះត្រឡប់ទៅគ្រួសាររបស់ពួកគេវិញ។



ទីក្រុងកៀវសម្គាល់ថា កុមារចំនួន ២ ម៉ឺននាក់ត្រូវបានបញ្ជូនពីអ៊ុយក្រែនទៅកាន់រុស្ស៊ីដោយ គ្មានការយល់ព្រមពីគ្រួសារ ឬអាណាព្យាបាល ហើយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កំពុងបន្តធ្វើការលើការចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនពីបទនិរទេសដោយ ខុសច្បាប់។
 
នៅក្នុងរបាយការណ៍ស្តីពីរុស្ស៊ី គណៈកម្មាធិការ UN បញ្ជាក់ថា ទីក្រុងមូស្កូគួរតែផ្តល់ ព័ត៌មានអំពីចំនួនកុមារដែលបានយកពីអ៊ុយក្រែន និងទីកន្លែងដែលពួកគេស្នាក់នៅ ដូច្នេះពួក គេអាចកំណត់អត្តសញ្ញាណ និងបញ្ជូនពួកគេមកវិញ។ គណៈកម្មាធិការបញ្ជាក់ផងដែរថា រុស្ស៊ីគួរតែធានាថា គ្មានកុមារណាម្នាក់ត្រូវបានដកហូតសញ្ជាតិអ៊ុយក្រែនរបស់ពួកគេឡើយ ហើយអត្តសញ្ញាណរបស់ពួកគេ ឈ្មោះ និងទំនាក់ទំនងគ្រួសារត្រូវតែត្រូវបានរក្សាទុក។
 
ទន្ទឹមនេះ ប្រធានគណៈកម្មាធិការ UN លោកស្រី Ann Skelton បាននិយាយថា គណៈកម្មាធិ ការ និងគណៈប្រតិភូរុស្ស៊ីដែលបានធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវកាលពីខែមុនដើម្បី ពិភាក្សាអំពីបញ្ហាកុមារបន្តជជែក និងពិភាក្សាគ្នាទៅវិញទៅមក។
 
«យើង​បាន​រក​ឃើញ​ជា​ញឹក​ញាប់​ក្នុង​ការ​សន្ទនា​ថា​យើង​កំពុង​ប្រើ​ពាក្យ​មួយ​ប្រភេទ​ ហើយ​ពួក គេ​កំពុង​ប្រើ​ពាក្យ​ផ្សេង​ទៀត»។​ 
 
លោកស្រីលើកឡើងបែបនេះដោយសំដៅលើការណ៍ដែលរុស្ស៊ីប្រើពាក្យការមើលថែទាំក្នុងរយៈពេលខ្លី (fostering) ជំនួយឱ្យការចិញ្ចឹមបីបាច់ក្នុងរយៈពេលវែង (adoption) ​រួចបន្តថា កុមារជាច្រើនត្រូវបានផ្តល់សញ្ជាតិរុស្ស៊ីដែលមានន័យថាកុមារទាំងនេះបាត់បង់អត្តសញ្ញាណរបស់ពួកគេ។
 
ICC បានចេញដីកាចាប់ខ្លួនកាលពីខែមីនាឆ្នាំមុនសម្រាប់លោកពូទីន និងស្នងការ ទទួលបន្ទុក សិទ្ធិកុមាររបស់រុស្ស៊ីលោកស្រី Maria Lvova-Belova ក្រោមការចោទប្រកាន់ពី បទនិរទេស កុមារដោយខុសច្បាប់ពីអ៊ុយក្រែន។ ប្រធានរដ្ឋអាជ្ញារបស់ ICC បាននិយាយថា រុស្ស៊ីបានផ្ទេរ កុមារយ៉ាងហោចណាស់រាប់រយនាក់ពីមណ្ឌលកុមារកំព្រានិងផ្ទះថែទាំនៅក្នុងតំបន់កាន់កាប់នៃអ៊ុយក្រែនខណៈមនុស្សជាច្រើនត្រូវបានបោះបង់ចោលឱកាសសម្រាប់ការសុំកូនចិញ្ចឹម។
 
វិមានក្រេមឡាំងបានច្រានចោលការចោទប្រកាន់របស់ ICC ថាជា ការរាយការណ៍លើសលប់ និងមិនអាចទទួលយកបាន​ ហើយអះអាងថាខ្លួនគ្រាន់តែការពារកុមារងាយរងគ្រោះពីតំបន់ សង្គ្រាមប៉ុណ្ណោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com