សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោកសេដ្ឋាជូនពរទំនាក់ទំនងថៃ-ចិនមានស្ថិរភាព និងជំរុញការធ្វើដំណើរក្រោយលើកលែងទិដ្ឋាការ
09, Feb 2024 , 7:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ សេដ្ឋា ថាវីស៊ីន ស្លៀកពាក់បែបចិន។ រូបភាព ៖ បណ្តាញ X/ @Thavisin
នាយករដ្ឋមន្រ្តីថៃ សេដ្ឋា ថាវីស៊ីន ស្លៀកពាក់បែបចិន។ រូបភាព ៖ បណ្តាញ X/ @Thavisin
នាយករដ្ឋមន្រ្តីថៃលោក សេដ្ឋា ថាវីស៊ីន​ នៅថ្ងៃទី៩ ខែកុម្ភៈ បានជូនពរដល់ទំនាក់ទំនងចិន-ថៃឱ្យស្ថិតស្ថេរ និងរីកចម្រើនផ្នែកពាណិជ្ជកម្ម ការវិនិយោគជាមួយគ្នា។ ប្រមុខរដ្ឋាភិបាលរូបនេះ បានបន្ថែមថា​ ការលើកលែងទិដ្ឋាការឱ្យគ្នាទៅមកនឹងជំរុញទំនាក់ទំនងកាន់តែជិតស្និតរវាងប្រទេសទាំងពីរ។

 
លោក សេដ្ឋា ថាវីស៊ីន បានជូនពរឱ្យគោលនយោបាយលើកលែងទិដ្ឋាការ ជួយសម្រួល និងពន្លឿនការធ្វើដំណើររបស់ប្រជាជនថៃ និងចិន។ លោកបានបន្តថា ៖« ថៃតែងតែស្វាគមន៍ និងផ្តល់សុវត្តិភាពសម្រាប់ភ្ញៀវចិនរួចជាស្រេច»។ 
 
ទន្ទឹមនេះ នាយករដ្ឋមន្រ្តីថៃ ក៏បានកោតសរសើរទំនាក់ទំនងប្រទេសទាំងពីរចំពោះមិត្តភាពស្ថិតស្ថេរជានិរន្តន៍ និងជូនពរឱ្យថៃ និងចិនទទួលបាននូវភាពរុងរឿងផ្នែកពាណិជ្ជកម្ម និងការវិនិយោគអំឡុងពេលចូលឆ្នាំចិន។ លោកបានសង្គត់ធ្ងន់ថា ៖« យើងជាបងប្អូន»។ 
 
ថៃ និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ កាលពីថ្ងៃទី២៨ ខែមករា ដែលអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរចេញ-ចូល ដោយគ្មានទិដ្ឋាការរយៈពេល៣០ថ្ងៃ  ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមីនា។
 
ថៃទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៧លាននាក់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែមករា។ ក្នុងនោះមានទេសចរចិនជាង ៤សែននាក់ដែលកើនឡើងជិត៥ដងធៀបគ្រាដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមសារព័ត៌មាន​ Bangkok Post។ 
 
កាលពីចុងខែមករា អាជ្ញាធរទេសចរណ៍ថៃ (TAT) បានព្យាករថា ភ្ញៀវទេសចរបរទេសប្រមាណជិត ១លាននាក់ នឹងមកកម្សាន្តតាមតំបន់ទេសចរណ៍នានារបស់ថៃ ក្នុងអំឡុងបុណ្យចូលឆ្នាំចិនដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១៦ ខែកុម្ភៈ ហើយអាចបង្កើតប្រាក់ចំណូលបាន ២៨ពាន់លានបាត (៧៨៤លានដុល្លារ)៕ 

Tag:
 ថៃ
  សេដ្ឋា ថាវីស៊ីន
  ទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com