កីឡាជាតិ
ជាតិ
លោក Tommy Kim ធ្វើសមាហរណកម្មគុនខ្មែរ ដែលអាចប្រកួត ឃីគប៊ុកស៊ីង និង MMA
09, Feb 2024 , 9:29 pm        
រូបភាព
លោក Tommy Kim ប្រធាន IPCC Kun Khmer
លោក Tommy Kim ប្រធាន IPCC Kun Khmer
លោក Tommy Kim ប្រធាន IPCC Kun Khmer ប្រាប់ពីការរចនាសង្វៀន៨ជ្រុង ក្នុងគោលបំណង ២យ៉ាងគឺ ការធ្វើសមាហរណកម្មគុនខ្មែរ ទៅលើឆាកអន្ដរជាតិ និងការផ្សព្វផ្សាយពីក្បាច់គុនខ្មែរ ដែលអាចប្រកួតបានគ្រប់ទម្រង់។



ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីសង្វៀនមូល «King of the Ring Kun Khmer» នៅស្ថានីយ៍ទូរទស្សន៍ថោន កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Tommy Kim បាននិយាយថាការរៀបចំប្រដាល់គុនខ្មែរ-អន្ដរជាតិភាគច្រើន បានសម្រេចជោគជ័យ ដោយមានអ្នកគាំទ្រជាច្រើន នៅទីលានប្រកួតផ្ទាល់ និងតាមបណ្ដាលការផ្សាយលើបណ្ដាញសង្គម។ ចំណែកការរចនាសង្វៀនកន្លងមក សុទ្ធតែបង្កប់អត្ថន័យ ដែលបង្ហាញពីយុទ្ធសាស្ដ្រ នៃទម្រង់ក្បាច់គុនខ្មែរ ដូចជាសង្វៀន៨ជ្រុង ដែលយកតាមក្បួនយន្ដ ៨ទិស។ រីឯ សង្វៀនរាងមូលនេះ ជាសង្វៀនកងចក្រ។
 
«យើង មិនមែនមានតែសង្វៀន ៤ជ្រុង ដែលវាយតាមបែបគុនខ្មែរ។ បន្ទាប់មកទៀត យើង បានរចនាជាសង្វៀន ៨ជ្រុង ដែលយកតាមក្បួនយ័ន្ដ ៨ទិស នៃបុព្វបុរសខ្មែរយើង។ យើង បានទទួលជោគជ័យលើសង្វៀនរបស់យើង។ ឥឡូវ យើង បានចេញសង្វៀនមួយទៀត ដែលនិយាយតាមខ្មែរបុរាណ ហៅថាសង្វៀនកងចក្រ ដែលមានការប្រកួតថ្មីៗ រួមបញ្ចូល។»។ លោក Tommy Kim បន្ថែមដូច្នេះ។
 
ផលិតករគុនខ្មែររូបនេះ ពន្យល់ថាការធ្វើសង្វៀនមូល គឺមិនត្រឹមតែបង្កប់អត្ថន័យបែបនេះទេ ប៉ុន្ដែក៏មានគោលដៅក្នុងការធ្វើសមាហរណកម្មវិស័យកីឡាមួយនេះ ទៅជាក្បាច់គុនមួយសម្រាប់ពិភពលោកឲ្យកាន់តែជ្រាល់ជ្រៅ។ ការធ្វើសមាហរណកម្មនេះ លោក Tommy Kim ទំនងជាផ្ដោតទៅលើការបញ្ជ្រៀបក្បាច់គុននេះទៅប្រទេសដទៃលើពិភពលោក ហើយក្បាច់គុនប្រដាល់ផ្សេងទៀត ក៏អាចយកមកប្រកួតជាមួយគុនខ្មែរ លើសង្វៀនមូលនេះបាន។  
 
លោក Tommy Kim រៀបរាប់ថា៖​ «ពេលនេះ គឺយើង ត្រូវធ្វើសមាហរណកម្មកីឡាករគុនខ្មែរ ក្បាច់គុនខ្មែរ ទៅក្នុងពិភពលោក កាន់តែជ្រាលជ្រៅជាងនេះ។យើង ធ្វើសង្វៀនមូលនេះ ឲ្យតាមស្ដង់ដារពិភពលោក ដែលមានកីឡាករឃីគប៊ុកស៊ីង MMA រួមគ្នាទាំងអស់នៅលើសង្វៀននេះមួយតែម្ដង។»។ 
 
ចំពោះគោលបំណងទី២ នៃការធ្វើសង្វៀនមូលនេះ ប្រធាន IPCC រូបនេះ បន្ថែមថា ជាការផ្សព្វផ្សាយទៅកាន់ពិភពលោក ឲ្យដឹងថាគុនខ្មែរ ដើរទាន់សម័យកាល ដូចក្បាច់គុនប្រដាល់ផ្សេងទៀត។ លោក Tommy Kim ចង់សម្ដៅយកភាពបត់បែន និងភាពសម្បូរបែប នៃក្បាច់គុនខ្មែរ ដែលអាចយកមកប្រកួតបានគ្រប់ទម្រង់ ដែលកន្លងមកកីឡាករប្រដាល់គុនខ្មែរ អាចប្រកួតជាមួយកីឡាករប្រដាល់ផ្សេងទៀត ដូចជាឃីគប៊ុកស៊ីង ឬ MMA ជាដើម។ បើទោះជាគេស្នើឲ្យកីឡាករកម្ពុជា មិនឲ្យប្រើកែង ឬជង្គង់ ដែលជាលក្ខណៈពិសេសនៃគុនខ្មែរក៏ដោយ កីឡាករកម្ពុជា នៅតែអាចយកជ័យជម្នះបាន។
 
«ទី២យើងចង់ផ្សព្វផ្សាយ ទៅកាន់ពិភពលោក ថាប្រទេសខ្មែរដើរទាន់សម័យ ដូចគេដូចឯង។ ក្បាច់គុនខ្មែរ វាយបានគ្រប់ទម្រង់ទាំងអស់ ចង់វាយ ៤ជ្រុងក៏បាន ៨ជ្រុងក៏បាន និងចង់វាយមូលក៏បាន ចង់វាយឈរ វាយដេក ព្រោះក្បាច់គុនយើង មានទ្វារដល់ទៅ១២ទ្វារ។ អ៊ីចឹង ពេលបរទេសមកប្រកួតនៅខ្មែរ គេឃើញថា ប្រទេសខ្មែរយើង មានច្រើនទម្រង់។ គេថាវាយជាមួយខ្មែរ ពូកែកែង។ ដូច្នេះ យើង អាចបិទកែងបាន ជាឧទាហរណ៍ ពេលវាយក្នុងព្រឹត្តិការណ៍ Kun Khmer Kungfu សុំប្រកួតជាមួយកីឡាករខ្មែរ ហើយសុំមិនឲ្យកីឡាករខ្មែរ ប្រើកែងបានទេ។ កីឡាករគុនខ្មែរ ពេលឡើងដល់កម្រិតកំពូល វាយអត់កែងក៏បានដែរ។»។ លោក Tommy Kim បានបញ្ជាក់បែបនេះ៕

Tag:
 ប្រដាល់គុនខ្មែរ
  Tommy Kim
© រក្សាសិទ្ធិដោយ thmeythmey.com