អន្តរជាតិ
លោក គិន ភា៖ ទំនាក់ទំនងកម្ពុជា-ថៃ កាន់តែមានភាពជិតស្និទ្ធ និងរឹងមាំទ្វេដង
10, Feb 2024 , 9:59 am        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លោកសេដ្ឋា ថាវីស៊ីន សមភាគីថៃ និងលោកគិន ភាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភា (ស្តាំ)។ រូបភាពFacebook_Samdech Thipadei Hun Manet និងPo Sakun
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លោកសេដ្ឋា ថាវីស៊ីន សមភាគីថៃ និងលោកគិន ភាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភា (ស្តាំ)។ រូបភាពFacebook_Samdech Thipadei Hun Manet និងPo Sakun
ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសជិតខាងថៃ គឺកាន់តែមានភាពជិតស្និទ្ធ និងរឹងមាំទ្វេដង។ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភា បានយល់ឃើញបែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី៨ ខែកុម្ភៈ ដោយផ្អែកលើដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំប្រទេសទាំងពីរទៅវិញទៅមក។

 
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ទើបតែបញ្ចប់ទស្សនកិច្ចនៅថៃ ក្នុងថ្ងៃទី៧ ខែកុម្ភៈ ដោយប្រទេសជិតខាងទាំងពីរ បានសម្រេចដំឡើងកម្រិតទំនាក់ទំនង ទៅភាពជាដៃគូយុទ្ធសាស្រ្តថែមទៀត។ ទាក់ទិននឹងបញ្ហានេះ លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភា បានចាត់ទុករូបភាពទំនាក់ទំនងបែបនេះ មានការវិវដ្តជាវិជ្ជមាន។ 

«ទំនាក់ទំនង និងកិច្ចសហប្រតិប​ត្តិការរវាងប្រទេសទាំងពីរ គឺកាន់តែមានភាពជិតស្និទ្ធ និងរឹងមាំទ្វេដង»។ លោក គិន ភា បានបញ្ជាក់បែបនេះ ដោយផ្អែកលើដំណើរទស្សនកិច្ចនៃនាយករដ្ឋមន្រ្តីប្រទេសជិតខាងទាំងពីរទៅវិញទៅមក។ លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ នៅក្នុងខែកញ្ញា បានសម្រេចជ្រើសកម្ពុជា​ ក្នុងការបំពេញដំណើរទស្សនកិច្ចលើកដំបូង បន្ទាប់ពីកាន់តំណែង។ 
 
បន្ថែមពីនេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភា បានចាត់ទុកការដំឡើងកម្រិតទំនាក់ទំនង ទៅភាពជាដៃគូយុទ្ធសាស្រ្ត គឺមានសារៈសំខាន់ ដោយសារប្រទេសទាំងពីរអាចទាញបានពីប្រយោជន៍នយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ។ 
 
តបនឹងសំណួរពាក់ព័ន្ធនឹងការកែប្រែព្រំដែនឱ្យក្លាយជាព្រំដែនសន្តិភាព និងវិបុលភាព លោក គិន ភា បានឆ្លើយថា នឹងអាចទាញបានប្រយោជន៍ជាច្រើនដូចជា ការអភិវឌ្ឍតាមបណ្តោព្រំដែន ការជំរុញពាណិជ្ជកម្ម និងការវិនិយោគ រួមទាំងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងព្រំដែនជាដើម។ 
 
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅថៃ សម្តេច ហ៊ុន ម៉ាណែត និងលោកសេដ្ឋា ថាវីស៊ីន បាន ផ្លាស់ប្ដូរយោបល់លើការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាននយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងវិស័យថាមពល។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានឯកភាពសម្រាប់កិច្ចពិភាក្សាក្នុងការរុករកធនធានធម្មជាតិនៅក្នុងតំបន់ត្រួតស៊ីគ្នាផងដែរ៕ 

Tag:
 ថៃ
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com